ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កូនកាត់​ខ្មែរ​-​បរទេស៣​រូប​កំពុង​ចូលរួម​ជាមួយ​ជម្រើសជាតិ​កម្ពុជា ៣​ឈុត​ផ្សេង​គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិស័យ​កីឡាបាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​មានការ​អភិវឌ្ឍន៍​ឲ្យ​

រាជធានីភ្នំពេញ ៖ វិស័យ​កីឡាបាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​មានការ​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ជា​អាណាព្យាបាល ដូច​ជា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សមាគម និង​បណ្ដា​ក្លិប​ទាំងអស់​ក្នុង​ប្រទេស​។ ភាគី​ដែល​ពាក់ព័ន្ធ បាន​រួមចំណែក​បង្កើត​ចលនា​ទ្រទ្រង់​គាំទ្រ​ដល់​កីឡា​មួយ​នេះ ទាំង​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​កីឡាករ​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ខ្លាំង​ខ្លា ដើម្បី​បង្កើន​កេរ្តិ៍ឈ្មោះ​ជាតិ​លើ​ឆាក​អន្តរជាតិ​។

ក្នុង​នោះ​ដែរ​ធនធាន​កីឡាករ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ដំណាង​ឲ្យ​ជាតិ​ប្រកួត​លើ​ឆាក​អន្តរជាតិ ដោយ​បច្ចុប្បន្ន​ក្រុមបាល់ទាត់​ជម្រើសជាតិ​មាន​ទាំង​ធនធាន​កីឡាករ​ក្នុងស្រុក និង​មាន​កីឡាករ​ឈាមជ័រ​ខ្មែរ​-​បរទេស ដែល​មាន​សមត្ថភាព ដែល​កំពុង​លេង​នៅ​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស ដើម្បី​មក​ជួយ​ក្រុម​ជម្រើសជាតិ​។

នា​ពេល​បច្ចុប្បន្ន​នេះ មាន​កីឡាករ​កូនកាត់​ខ្មែរ​-​បរទេស ចំនួន ០៣​រូប​កំពុង​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ៣​ឈុត​ផ្សេង​គ្នា ដែល​កំពុង​ប្រកួត និង​ត្រៀមខ្លួន​ប្រកួត​លើ​ឆាក​អន្តរជាតិ​។

១-​កីឡាករ​កូនកាត់​ខ្មែរ​-​ហ្គា​ណា ឡេ​ង ណូ​រ៉ា

បច្ចុប្បន្ន​នេះ​យុវជន ឡេ​ង ណូ​រ៉ា មាន​វ័យ​១៧​ឆ្នាំ គាត់​ជា​កូនកំព្រា​ដែល​បាន​បាត់បង់​ឪពុក​ជា​ជនជាតិ​ហ្គា​ណា​តាំងពី​គេ​មាន​អាយុ​៦​ឆ្នាំ​។ ក្រោយមក​យុវជន​រូប​នេះ​ស្ថិត​ក្នុង​បន្ទុក​ម្តាយ​ដែល​មានកូន​៤​នាក់ មុន​ពេល​ម្តាយ​យក​ទៅ​ដាក់​នៅ​មណ្ឌលកុមារ​កំព្រា​មួយ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​អង្គការ​នោះ ឡេ​ង ណូ​រ៉ា ទទួល​បានការ​មើលថែ រៀនសូត្រ និង​ផ្តើ​លេង​បាល់ទាត់​រហូត​វិ​វត្ត​ខ្លួន​មក​ជាប់​ក្រុម​យុវជន U15 វិសាខា នា​ឆ្នាំ ២០១៩​។ ឡេ​ង ណូ​រ៉ា ឈ្នះ​ពាន​មួយ​ចំនួន​នៅ​ទីនោះ​ដូច​ជា ពាន​ជើងឯក​វិទ្យាល័យ​, Soccer League, ជើងឯក​យុវជន FFC, KMH CUP U18 មុន​ផ្ទេរ​ទៅ​ព្រៃវែង​នៅ​ឆ្នាំ​២០២១ និង​ទើប​ត្រឡប់​មក​ក្រុម​ធំ​វិសាខា​វិញ​នៅ​ដើមឆ្នាំ​២០២២​នេះ​។

ក្នុង​ក្រុម​ជម្រើសជាតិ​យុវជន​លេង​ក្នុង​តួនាទី​ស្លាប​ឆ្វេង​រូប​នេះ ជាប់​តាំងពី​ឈុត U15, U23 និង​ក្លាយជា​កីឡាករ​ក្មេង​ជាងគេ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ធំ និង​កំពុង​មាន​ភារកិច្ច​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ ក្នុង​ការ​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍​អាស៊ី AFC U20 Asian Cup 2023 នៅ​ប្រទេស​តាជី​គី​ស្ថាន​។

២-​កីឡាករ​កូនកាត់​ខ្មែរ​-​នូ​វែ​ល​សា​ឡង់ លឹ​ម អា​រុណ រ៉េ​យ​មិន

បច្ចុប្បន្ន លឹ​ម អា​រុណ រ៉េ​យ​មិន មាន​វ័យ​១៩​ឆ្នាំ មាន​១.៧៨​ម៉ែត្រ រូបគេ​មាន​ឪ​ពុក​ជា​ជនជាតិ​ខ្មែរ និង​ម្ដាយ​ជា​ជនជាតិ​នូ​វែ​ល​សា​ឡង់ ហើយ​រូបគេ​បាន​សិក្សា និង​លេង​បាល់ទាត់​នៅ​ទីនោះ​តាំង​តែ​ពី​តូច​។ ក្នុង​ឆ្នាំ​២០២០ អា​រុណ បាន​ចូលរួម​ជាមួយ​ក្រុម​យុវជន​ថ្នាល​បឹង​កេ​ត​អាយុ​ក្រោម​១៨​ឆ្នាំ និង​បាន​ដំឡើង​មក​កាន់​ក្រុម​ធំ​នៅ​ឆ្នាំ​២០២១ និង​ពុំ​សូវ​មានឱកាស​លេង​រូបគេ​ក៏​ត្រូវ​បាន​ក្លិប​គី​រី​វង់​សុខ​សែន​ជ័យ​នាំ​យក​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ជើង​ទី​២ លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២២​នេះ​។

បន្ថែម​លើ​នេះ អា​រុណ ធ្លាប់​ជាប់​ក្នុង​ក្រុម​យុវជន​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន កាលពីដើម​ឆ្នាំ​២០២០ ចូលរួម​ជម្រុះ​បាល់ទាត់​អាស៊ី AFC U23 Asian Cup នៅ​ប្រទេស​ជប៉ុន​កាលពី​ចុងឆ្នាំ​២០២១ និង​ជាប់​ឈ្មោះ​ជាមួយ​ក្រុម​អាយុ​ក្រោម​១៩​ឆ្នាំ​ប្រ​កូត​ជើងឯក​យុវជន​អាស៊ាន AFF U19 Championship 2022 នៅ​ឥណ្ឌូ​នេ​ស៊ី កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ចុង​ក្រោយ​រូបគេ​កំពុង​ជាប់​ឈ្មោះ​ក្នុង បញ្ជី​ប្រមូលផ្ដុំ​ចុង​ក្រោយ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣​ឆ្នាំ ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជប៉ុន នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

៣-​កីឡាករ​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក ថេ​ឡរ ឌី​កូ​ឡាស់ ឌឿ​ង (Nick Tylor)
កីឡាករ​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក

បច្ចុប្បន្ន Nick Tylor មាន​វ័យ ២៤​ឆ្នាំ កើត​នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​អា​មេ​រិ​ក​។ Nick Taylor មាន​កម្ពស់​១.៧៨​ម៉ែត្រ គឺជា​ថ្នាល​យុវជន​របស់​ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុន​ផ្លាស់​មក​កាន់ Orlando City B នៅ​ដើមឆ្នាំ ២០២២៕

ខ្សែបម្រើ​ស្លាប​ឆ្វេង Nick Tylor ឬ​មានឈ្មោះ​ខ្មែរ​ថា ថេ​ឡរ ឌី​កូ​ឡាស់ ឌឿ​ង ត្រូវ​បាន​កោះហៅ​ឲ្យ​មក​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​លើក​ដំបូង ក្រុម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ Keisuke Honda ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​បង់​ក្លា​ដែ​ស នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ