រាជធានីភ្នំពេញ ៖ ទីតាំងហាងម៉ាស្សាយីហោ «សម្រស់ម្លិះ» បម្រើសេវាកម្មកម្សាន្តត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញចុះបង្ក្រាបដោយឃាត់ខ្លួនថៅកែម្នាក់ ព្រមទាំងនាំខ្លួននារីវ័យក្មេងចំនួន៤នាក់ ទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញដើម្បីអប់រំ។

ការបង្ក្រាបផ្ទះបនស្រីជ្រកក្រោយផ្ទះម៉ាស្យានេះបានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ០៩យប់ ថ្ងៃទី១៦ ខែកញ្ញានេះ ចំណុចហាងម៉ាស្សាយីហោ«សម្រស់ម្ល៉េះ» ស្ថិតនៅផ្ទះលេខ៣៥ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ ហាក់ លី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញព្រមទាំងមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងដែរ។

ថៅកែហាងដែលប្រព្រឹត្តិអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស (បើកហាងម៉ាស្សាបង្កប់សេវាបម្រើកម្សាន្ត) ដែលត្រូវឃាត់ខ្លួនឈ្មោះសៀវ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ។
តាមនគរបាលបានអោយដឹងថា ទីតាំងហាងម៉ាស្សាយីហោ«សម្រស់ម្លិះ» បានបើកបម្រើសេវាកម្ម ម៉ាស្សា និងរួមភេទ ដោយមាននារីចំនួន ០៤នាក់ មាន២នាក់សង្ស័យជាអនីតិជន និងមានបន្ទប់សម្រាប់រួមភេទចំនួន០២បន្ទប់។នៅក្នុងការបម្រើសេវាកម្មតម្លៃម៉ាស្សាធម្មតាម្នាក់២ម៉ឺនរៀលក្នុងមួយម៉ោង ។

តាមនគរបាលអោយដឹងថា បន្ទាប់ពីមានការស្រាវជ្រាដឹងថា ទីតាំងនេះបានបើកបម្រើសេវាកម្មកម្សាន្តក៏បានសុំគោលការទៅលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែងតែម្តង។

តាមនគរបាលអោយដឹងទៀតថា ថៅកែហាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ព្រមទាំងនាំខ្លួននារីៗវ័យក្មេងចំនួន៤នាក់បញ្ជូន ទៅសាកសួរ និងបញ្ចូនទៅកាន់មន្ទីរសង្គមកិច្ចដើម្បីអប់រំ៕
ចែករំលែកព័តមាននេះ