ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដើរ​លេង​កម្សាន្ត​ឆ្ងល់​ថា​នៅ​សួន​កុមារ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន អត់​មាន​ធុងសំរាម

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​លើ​សួន​កុមារ ទល់មុខ​សាលាខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​លើ​សួន​កុមារ ទល់មុខ​សាលាខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ឆ្ងល់​ថា នៅ​ជុំវិញ​សួន​កុមារ​ទាំងមូល សម្រាប់​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចូល​ទៅ​លេង​កម្សាន្ត នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចុង​ស​ប្តា​ហ៍ អត់​មាន​ធុងសំរាម​សូ​ម្បី​តែ​១​ទុក​សម្រាប់​ឱ្យ​ភ្ញៀវ​ដាក់​សោះ ខណៈ​ពួក​គេ​ទិញ​នំ​ទទួលទាន​រួច​នោះ​ឡើយ​។  ចំណែក​ខាង​សាលាខេត្ត​ប៉ៃលិន ប្រាប់​ថា អត់​ហ៊ាន​ដាក់​ធុងសម្រាម​ទេ ព្រោះ​ក្មេង​ទំនើង​យកស​ម្រាម​ទៅ​បោះចោល​ក្នុង​បរិវេណ​សាលាខេត្ត បណ្តាល​ឱ្យ​ស្អុយ​ប៉ះពាល់​ដល់​បរិស្ថាន​។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​លើក​ឡើង​ថា នៅ​កន្លែង​សួន​កុមារ​ទាំងមូល គេ​អត់​ឃើញ​មាន​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដាក់​ធុងសំរាម ដើម្បី​ឱ្យ​ភ្ញៀវ ដែល​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​សួន​កុមារ ដើម្បី​បោះ​សំរាម​ចោល​នៅ​ទីនោះ​ឡើយ ខណៈ​ពួក​គេ​ទិញ​នំចំណី​ទទួលទាន​រួចរាល់ ដោយ​អ្នកខ្លះ​វេច​ខ្ចប់​យក​ទៅ​បោះចោល​នៅផ្ទះ ដែល​បង្ក​ឱ្យ​មានការ​លំបាក​យ៉ាង​ខ្លាំង ។ ប្រភព​បន្ត​ទៀត​ថា កាលពី​មុនគេ​ឃើញ​អាជ្ញាធរ​ខេត្ត បាន​ដាក់​បញ្ឈរ​ធុងសំរាម​១​ទៅ​២​នៅ​ទីនោះ​ដែរ សម្រាប់​ឱ្យ​ពលរដ្ឋ​បោះចោល​សំរាម​។

ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ សូ​ម្បី​តែ​ធុង​សម្រាប់​ដាក់​សំរាម​តែ​១ ក៏​មិនឃើញ​មាន​ដែរ ឃើញ​មាន​តែ​អ្នក​លក់ដូរ​នៅ​ជុំវិញ​សួន​កុមារ​ប៉ុណ្ណោះ​។ ចំណែក​ភ្ញៀវ​ទេសចរ បាន​លើក​ឡើង​ថា អ្នកខ្លះ​ហូប​ហើយ​គេ​មានចិត្ត​ចង់ឱ្យ​មាន​សោភ័ណ​ភាពល្អ គេ​បាន​វេច​ខ្ចប់​យក​ទៅ​បោះចោល​នៅ​ឯ​ផ្ទះ​របស់​ខ្លួន​វិញ​។ តែ​អ្នកខ្លះ​ទៀត ទុក​សំរាម​ចោល​នៅ​លើ​សួន​រាយ​ពាសពេញ ទើប​ធ្វើ​ឱ្យ​អ្នក​សម្អាត​អនាម័យ​រើស​ចោល​ជា​រៀងរាល់ថ្ងៃ ព្រោះ​អត់​មាន​ដាក់​ធុងសំរាម សម្រាប់​ពួក​គេ​បោះចោល​នោះ​ឡើយ​។

បែរជា​ពួក​គាត់​ឃើញ គេ​យក​ធុងសំរាម​ទៅ​ដាក់ នៅ​ខាងក្រោយ​សាលាខេត្ត​ប៉ៃលិន​ទៅ​វិញ ដោយ​ប្រជាពលរដ្ឋ​មិនដឹង​កន្លែង​បោះចោល​សំរាម​ទាល់តែ​សោះ​។ អ្នកខ្លះ​ទៀត​បាន​រិះគន់​ថា សាលាខេត្ត​ទាំងមូល​មិន​គួរ​ណា​អត់​មាន​ធុង​សមំ​រាម​ឱ្យ​ប្រជាពលរដ្ឋ​ទុក​សំរាម​នៅ​ទីនោះ ដើម្បី​រថយន្ត​អនាម័យ​ខេត្ត​ប៉ៃលិន​យក​ទៅ​បោះចោល​នោះ​ទេ​។ ចំណែក​អ្នក​បោស​សំរាម ធ្វើ​អនាម័យ​ខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​ឈប់​ដាក់​ធុងសំរាម​នៅ​ទីនោះ​ទៀត​ហើយ ព្រោះ​រថយន្ត​ដឹក​សំរាម​អនាម័យ​មាន​តិច​ពេក​ត្រឹមតែ​២​ទៅ​៣​គ្រឿង​ប៉ុណ្ណោះ លុះ​យូរ​ៗ ទើប​រថយន្ត​ចូល​ទៅ​ដឹក​សំរាម បង្ក​ឱ្យ​ក្លាយទៅជា​ស្អុយរលួយ​ជះក្លិន​ស្អុយ​ប៉ះពាល់​ដល់​ភ្ញៀវ​ចូល​មក​លេង​នៅ​លើ​សួន​កុមារ​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ហែម ឫ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា អាជ្ញាធរ​ឈប់​ដាក់​ធុងសំរាម​នៅ​មុខ​សាលាខេត្ត​ទៀត​ហើយ ដោយ​យក​ធុងសំរាម​ទាំងនោះ​ដាក់​នៅ​ខាងក្រោយ​សាលាខេត្ត​ប៉ៃលិន​វិញ ដើម្បី​ឱ្យ​អាជីវករ ដែល​លក់ដូរ​នៅ​ក្បែរ​សួន​នោះ​យក​សំរាម​ទៅ​បោះចោល​នៅ​ទីនោះ រួច​ទើប​ឱ្យ​រថយន្ត​ដឹក​យក​ទៅ​ចាក់ចោល​។

លោក​បន្ត​ទៀត​ថា បើ​ទុក​នៅ​ទីនោះ​ដដែល ក្មេង​ទំនើង​នឹង​យក​សំរាម​ទៅ​ចាក់ចោល​ពាសពេញ​មុខ​សាលាខេត្ត បណ្តាល​ឱ្យ​ស្អុយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ខូច​បរិស្ថាន​ផង​ដែរ​។ ចំណែក​ក្រុម​អាជីវករ​ដែល​លក់ដូរ ខាង​លោក​បាន ប្រាប់​ពួក​គេ​ឱ្យ​យក​សំរាម​ទៅ​ទុក​នៅ​ទីនោះ​អស់ហើយ​។ ដោយឡែក​ប្រជាពលរដ្ឋ​ទូទៅ​ខាង​លោក​មិន​ទាន់​បាន​ជូនដំណឹង​ដល់​ពួក​គេ​ឱ្យ​ខ្ចប់​យក​ទៅ​បោះចោល​នៅឡើយ​ទេ​៕