ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​២ ! បាក់​ស្ពានដែក​ស្ទឹង​កោះ​ស្លា​ដោយសារ​ឡាន​ដឹកឈើ

7 ឆ្នាំ មុន

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​រថយន្ត​យី​ឌុ​ប​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ …

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​រថយន្ត​យី​ឌុ​ប​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ពណ៌​ស ចំណុះ​៨​តោន ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-5745 បាន​ដឹកឈើ​ពេញ​ទ្រុង ឆ្លងកាត់​ស្ពានដែក​ស្ទឹង​កោះ​ស្លា ស្ថិត​ក្នុងភូមិ​ស្រការ​នាគ ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត បណ្តាល​ឲ្យ​បាក់​ស្ពាន​ទៅ​មុខ​លែង​រួច​នៅ​ជាប់​គាំង​លើ​ស្ពាន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៥ ខែកុម្ភៈ កម្លាំង​សមត្ថកិច្ច​ជំនាញ​ខាង​រដ្ឋបាល​ព្រៃឈើ​កំពត កំពុង​រើ​ឈើ​ដែល​នៅ​លើ​រថយន្ត​ដើម្បី​ស្ទូច​យក​រថយន្ត​បង្ក​ចេញ​ពីលើ​ស្ពាន​នាំ​យក​មក​កាន់​រដ្ឋបាល​ព្រៃឈើ​កំពត ដែល​ឈើ​ផ្ទុក​លើ​រថយន្ត​តាម​ការ​ប៉ាន់​ប្រមាណ​ពី​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថា ប្រមាណ​ជា​៣០​ម៉ែត្រគូប ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​កើតហេតុ​បាន​ខ្សឹប​ប្រាប់​អ្នក​ព័ត៌មាន​យើង​ដោយ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា  មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធំ​ៗ​ដឹកឈើ​ចេញ​ទៅ​មុន​អស់​២​គ្រឿង​ទៅ​ហើយ​បាន​ឆ្លង​ផុត​ពី​ស្ពានដែក​នេះ​ដោយ​សុវត្ថិភាព ហើយ​បន្ទាប់​មក​ទើប​រថយន្ត​១​គ្រឿង​មក​តាម​ក្រោយ ដោយ​មាន​មន្ត្រី​រដ្ឋបាល​ព្រ​ឈើ​ម្នាក់​នាំ​ផ្លូវ​ផង​ដែរ ។ លុះ​មក​ដល់​ចំណុច​ស្ពានដែក​ស្រាប់តែ​ស្រុត​ស្ពាន​ទៅ​មុខ​លែង​រួច ទើប​មន្ត្រី​មេព្រៃ​រូប​នោះ​ប្រ​កូ​ស​ប្រកាស​ថា បាន​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​បាន​១​គ្រឿង​ដែល​ដឹក​បង្ក​ឲ្យ​បាក់​ស្ពានដែក​នៅ​ចំណុច​ខាងលើ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ «​កោះសន្តិភាព​»​បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក ជួន សា​រ៉ា ដើម្បី​សុំ​ឲ្យ​បំភ្លឺ ហើយ​លោក​ជួន សា​រ៉ា នាយ​រង​ខណ្ឌ បាន​ប្រាប់​ថា លោក​ជាប់​ប្រជុំ មិន​បាន​បំភ្លឺ​ជូន​ទេ សុំ​ឲ្យ​ទាក់ទង​ទៅ​លោក កង គឹ​ម​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ តែ​ទូរស័ព្ទ​ខ​ល​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​មនុស្ស​លើក​សោះ ។

គួរ​រម្លឹក​ថា កន្លង​មក​ករណី​បាក់​ស្ពាន​ដោយសារ​តែ​រថយន្ត​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​នៅ​លើ​ផ្លូវលំ​មួយ​ខ្សែ​នេះ​ធ្លាប់​បាក់​ស្ពានដែក​អស់​១​ខ្សែ​រួច​មក​ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ រហូត​មក​ដល់​ពេល​នេះ ជា​លើ​ទី​២​ហើយ​ដែល​បាក់​ស្ពាន​ដោយសារ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ផ្ទុក​ឈើ​លើស​ចំណុះ​បែប​នេះ ។

ប្រជាពលរដ្ឋ​ចាំ​មើល​ថា តើ​សមត្ថកិច្ច​ជំនាញ​មាន​វិធានការ​យ៉ាងណា​ចំពោះ​ជនល្មើស​ដែល​ធ្វើ​ឲ្យ​ខូចខាត​ស្ពាន​សាធារណៈ​របស់​រដ្ឋ​ដោយសារ​តែ​ការ​រកស៊ី​ខុសច្បាប់​នេះ ៕