ខេត្តកំពង់ចាម ៖ សួនអាពាហ៍ពិពាហ៍ដែលបានបង្កើតឡើង ស្របពេលបុណ្យទន្លេកន្លងមកស្ថិតនៅក្នុងបរិវេណវត្តនគរបាជ័យក្រៅ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ដោយមានដាំឈើគ្រញូង នាងនួន បេង កកោះ និងប្រភេទដើមឈើជាច្រើនទៀត កំពុងតែបានលូតលាស់ធំធាត់។ ជាមួយនោះក៏មានគម្រោងដាំបន្ថែមទៀតដើម្បីបង្កើតជាតំបន់គម្របបៃតងរីកស្រស់បំព្រងក្នុងពេលអនាគត ដែលនឹងផ្តល់ម្លប់ត្រឈឹងត្រឈៃសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយផងដែរ។
ព្រះចៅអធិការវត្តនគរបាជ័យក្រៅ សេង រដ្ឋា មានថេរដីកាឲ្យដឹងនៅព្រឹកថ្ងៃទី១៤ កុម្ភៈ ២០១៧ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្ត បានខិតខំប្រឹងប្រែងដោយបានរៀបចំកែលម្អ ក្នុងបរិវេណទីអារាមនេះឲ្យមានការរីកចម្រើនឡើង ពិសេសបានពង្រឹងសន្តិសុខដាក់កម្លាំង នគរបាលទេសចរណ៍ឲ្យនៅយាមប្រចាំការទាំងព្រឹកល្ងាច សម្រាបការពារភ្ញៀវបរទេសដែលបានមកកម្សាន្តលេងនោះ។ ព្រះចៅអធិការវត្តនគរបាជ័យក្រៅមានថេរដីកាបន្តឲ្យដឹងទៀតថា ជាក់ស្តែងក្នុងពេលដែលក្រុងកំពង់ចាមបានរៀបចំបុណ្យទន្លេមេគង្គនាពេលកន្លងមកនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធតាមមន្ទីរនានាបានរៀបចំសម្ពោធសួនអាពាហ៍ពិពាហ៍ ដែលស្ថិតនៅក្នុងបរិវេណវត្តនគរបាជ័យក្រៅ ដោយបំផុសឲ្យគូស្វាមីភរិយាត្រូវចេះស្រលាញ់បរិស្ថាន។
ដោយមានការដាំកូនឈើជាច្រើនប្រភេទខាងលើនោះសម្រាប់ទុកក្នុងពេលអនាគត ដល់កូនចៅជំនាន់ក្រោយឲ្យចេះនាំគ្នាថែរក្សាដើមឈើ និងផ្តល់អត្ថប្រយោជន៍ជាម្លប់ដ៏ត្រជាក់ ក្នុងពេលដែលមានរដូវបុណ្យទានម្តងៗនោះ។ ក្នុងរដូវវស្សាខាងមុខឆ្នាំ២០១៧នេះ ព្រះអង្គមានផែនការសុំបិណ្ឌបាត កូនឈើជាច្រើនដើមបន្ថែមទៀត ដើម្បីដាំក្នុងទីអារាមគឺមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត ឲ្យមានកាន់តែច្រើនឡើងៗ សម្រាប់បង្កើតគម្របបៃតងហើយក៏មានអត្ថប្រយោជន៍ដល់ពពួកសត្វស្លាបជាច្រើន ដែលនឹងហោះហើរមកជ្រកហើយរស់យ៉ាងសុខសាន្ត មើលទៅហាក់បីដូចជាតន្ត្រីមួយយ៉ាងដូច្នោះដែរ។
ព្រះចៅអធិការវត្តនគរបាជ័យក្រៅ សេង រដ្ឋ មានថេរដីកាបញ្ជាក់ថា រាល់ថ្ងៃនេះក្នុងបរិវេណវត្តសឹងតែមិនមានគោរបស់អ្នកស្រុកព្រលែងឲ្យដើរមកចូល ក្នុងតំបន់ទេសចរណ៍វត្តនគរបាជ័យ ប្រសិនបើមាននោះព្រះអង្គនឹងទូរស័ព្ទទៅប្រាប់ដល់សមត្ថកិច្ចឲ្យមកចាប់យកទៅរក្សាទុក និងជាការព្រមានដល់ម្ចាស់គោឲ្យរាងចាលផងដែរ។ ព្រះអង្គសូមបំផុសដល់គូរស្វាមីភរិយាថ្មី ប្រសិនណាបើចង់ដាំកូនឈើក្នុងសួនអាពាហ៍ពិពាហ៍ខាងលើនេះ អាចមកទំនាក់ទំនងជាមួយនឹងព្រះអង្គ ដើម្បីរកទីតាំងដាំនៅកន្លែងណាមួយឲ្យបានសមស្រប៕
ចែករំលែកព័តមាននេះ