ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ខ្យល់ព្យុះកំណាចបានបក់បោ.កកួចយករោងបុណ្យខួបស.ព១០០ថ្ងៃ ធ្វើឱ្យបាក់រាបដល់ដី និងកួចយកឆ្នាំងខ្ទះដែលកំពុងតែដាំបបរចេញពីលើចង្ក្រាន្ត បណ្តាលឱ្យចាក់បបរទៅដីអស់ជាង១០ខ្ទះ និងកួចយកពោងទឹកលើដំបូលផ្ទះធ្លាក់ដល់ដី ថែមទាំងកួចយកដំបូលផ្ទះរបស់អ្នកស្រុក ធ្វើឱ្យប៉ើងហើរពីផ្ទះមួយទៅផ្ទះមួយគួរឲ្យខ្លាច។ ករណីខ្យល់ព្យុះ ឬខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅវេលាម៉ប្រមាណ៦និង០០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិបាវិតកណ្តាល ក្នុងសង្កាត់បាវិត ក្រុងបាវិត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរៀបចំពិធីបុណ្យខួប១០០ថ្ងៃ ជូនស.ពលោកយាយឧបាសិកា មាឃ មុំ ដែលបានមរណភាពក្នុងជន្មាយុ៦០ឆ្នាំគម្រប់១០០ថ្ងៃ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ក្រោយពីធ្វើកិច្ចនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត និងទេសនារួចមក ក៏បន្តកម្មវិធីទទួលភោជនីយអាហារដល់ភ្ញៀវ ក៏ប៉ុន្តែស្រពពេលនោះស្រាប់តែមានខ្យល់ព្យុះអត់មេត្តា បានបក់បោ.កកួចបំបាក់រោងបុណ្យខ្ទេចរាបដល់ដីផ្អើលអស់ភ្ញៀវដែលទើបតែមកដល់បាន១០ទៅ២០នាក់រត់ជ្រកភ្លៀង និងខ្យល់តែម្តង (គឺភ្ញៀវទើបតែចាប់ផ្តើមមកចូលបុណ្យបណ្តើរៗ ដោយនៅក្រុងបាវិត គឺម៉ោង៦ល្ងាចដល់ម៉ោង៧យប់ទើបមកចូលរួមច្រើន ហើយនេះខ្យល់មកមុនមួយជំហាន» ។

សមត្ថកិច្ចបន្តថា មុនដំបូង គឺមានភ្លៀងរលឹមលាយឡំដោយខ្យល់កន្ត្រាក់ ស្រាប់តែសុខៗក៏មានខ្យល់ព្យុះកួចបោ.កបក់រោងបុណ្យបាក់ខ្ទេចរាបដល់ដី និងកួចយកតុ ចាន ចង្កឹះ កែវ បែកអស់ ឆ្នាំង ខ្ទះបបរក៏កួចផ្កាប់ចាក់បបរចោលអស់ជាង១០ខ្ទះតែម្តង។ ហើយភ្លាមៗនោះក៏ប៉ើងដំបូលផ្ទះអ្នកស្រុកអស់ជាច្រើនខ្នង និងប៉ើងពោងទឹកនៅលើដំបូលផ្ទះធ្លាក់មកដល់ដី ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះមិនដែលធ្លាប់មានកន្លងមកនោះទេ។

ក្រោយពេលកើតហេតុកើតមានខ្យល់ព្យុះខាងលើនេះ អាជ្ញាធរក៏ចុះទៅពិនិត្យកន្លែងកើតហេតុ ហើយសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈពេលមានភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ កុំឱ្យចាកចេញក្រៅផ្ទះ។

រីឯម្ចាស់រោងឈ្មោះ ពូ វ៉ាង នៅក្រុងបាវិតវិញ នៅពេលរោងបុណ្យត្រូវខ្យល់កួចបាក់ខ្ទេចខូចទាំងស្រុង ក៏បានទាមទារឲ្យម្ចាស់បុណ្យសងការខូចខាត១០០% ក៏ប៉ុន្តែភាគីម្ចាស់បុណ្យមិនយល់ព្រម ដោយគាត់បាននិយាយថា «គាត់ជួលពេញថ្លៃ នេះគឺគ្រោះធម្មជាតិ» ។ ក្រោយមកម្ចាស់រោងសុំឲ្យសង៤០% ក៏ប៉ុន្តែដោយសារឃើញថា ម្ចាស់បុណ្យខូចខាតច្រើន បបរក៏ខ្ចាតកំពប់អស់ ខកភ្ញៀវមិនបានមកចូលរួម លុះព្រឹកឡើងពេលបុណ្យឆ្លងបញ្ចប់ ភាគីរោងនិយាយថា «សុំជួយម្ចាស់រោងតាមសទ្ធា ដោយរោង និងតុ ចាន កែវបែកបាក់ខូចខាតស្ទើរទាំងស្រុង សូមជួយតាមសទ្ធា» ៕








ចែករំលែកព័តមាននេះ