ខេត្តសៀមរាប៖ បុរសមួយរូបដែលគេស្គាល់ច្បាស់ថាជាដៃស្តាំរបស់លោក ខឹម វាសនា មេបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ឬហៅថា គណបក្សជួង បានសម្តែងកាយវិការអមនឹងពាក្យសម្តីមួយចំនួនដែលអ្នកទស្សនាវីដេអូបានឃើញហើយ សម្តែងនូវការហួសចិត្តជាខ្លាំង ដោយបុរសរូបនេះកន្លងមកបានធ្វើកាយវិការសម្តែងសិល្បដាក់សមត្ថកិច្ចឈរជើងនៅជើងភ្នំគូលែនដាក់សមត្ថកិច្ចម្តងហើយ តែលើកនេះបែរជាប្រើប្រាស់ពាក្យសម្តីដៀលកប់ៗមាត់ថា អ្នកដែលមិនជឿមិនយល់សម្ព័ន្ធ «ជាមនុស្សល្ងង់»។

តាមរយៈវីដេអូឃ្លីបថ្មីមួយទៀត ដែលត្រូវបានចែកចាយយ៉ាងផុសផុលនោះ គឺជាវីដេអូឃ្លីបបង្ហាញពីបុរសដែលជាដៃស្តាំរបស់លោក ខឹម វាសនា ដែលត្រូវបានបុរសម្នាក់ទៀតឈរបាំងឱ្យ កំពុងពន្យល់ប្រជាពលរដ្ឋប្រមូលផ្តុំនៅក្នុងចម្ការរបស់ខ្លួន រឿងទឹកជំនន់ដែលនឹងលិចលង់ពិភពលោក រួមទាំងការលិចលង់នៅកម្ពុជាផងដែរ។ កាលពីសប្តាហ៍ទី៣ នៃខែសីហា កន្លងទៅ មេគណបក្ស LDP លោក ខឹម វាសនា បាននិយាយអំពីការទស្សន៍ទាយរបស់លោកថា បញ្ហា black hole នឹងធ្វើឱ្យមានទឹកជំនន់ជន់លិចពិភពលោកទាំងមូល លើកលែងតែទឹកដីភ្នំគូលែន ក្នុងសៀមរាបតែមួយគត់ដែលមិនជន់លិចនោះ។

ក្រោយការលើកឡើងជាបន្តបន្តាបរបស់លោក ខឹម វាសនា គឺបានឃើញប្រជាពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់ទិសទីរួមទាំងពលករខ្មែរនៅក្រៅប្រទេសបាននាំកូនចៅ បងប្អូន បើកឡានម៉ូតូ វេចបង្វិច និងត្រីងៀត ត្រីច្អើរ សម្រុកចូលទៅ និងបានទៅស្នាក់នៅបោះតង់នៅដីចម្ការម្រេច ដែល គឺជឿថាជា ដីចម្ការរបស់ លោក ខឹម វាសនា នៅក្បែរជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ងាកមកមើល វីឌីមួយឃ្លីបថ្មីដែលបានបង្ហាញពីដៃស្តាំរបស់លោក ខឹម វាសនា នេះវិញ គឺបុរសរូបនេះបាននិយាយពីរឿងទឹកជំនន់ដោយលោកលើកឡើងថា អ្នកដែលមិនជឿ ឬមិនព្រមមកទីទួលនៅចម្ការម្រេចរបស់លោកជាមនុស្សល្ងង់។ លោកបានពោលបន្តបែបរវើរវាយថា «គ្មានអ្នកណាដែលនិយាយរឿងលិចហើយទេ គេនិយាយរឿង (ទឹក) មិនទាន់លិចហ្នឹង»។លោកអះអាងថា អ្វីដែលមេបក្សនិងសមាជិក LDP និយាយ គឺគេនិយាយមុនមានទឹកលិចលង់ ដើម្បីបង្ការប្រសើរជាងព្យាបាល កុំចាំតែទឹកមកដល់លិចមកដល់ច្រមុះ ទើបហៅគេអោយជួយផងៗ។ គេអាចជួយបាននៅពេលមិនទាន់ស្លា.ប់ នៅពេលដែលស្លា.ប់ហើយមិនអាចជួយបានទេ។ បុរសរូបនេះ បានពោលបែបដៀលប្រមាថទៅអ្នកមិនជឿខ្លួនថា «អ្នកដែលមិនយល់បែបនេះជា សណ្តានមនុស្សល្ងង់គ្មានយល់អីទេ សណ្តានពួកលិចទឹក» ជាដើម។





បន្ទាប់ពីបានឃើញវីឌីអូដៃស្តាំរបស់លោក ឃឹម វាសនា ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលរួមបញ្ចេញមតិយោបល់ដោយភាគច្រើនលើសលុប បានពោលវាយបកដៃស្តាំលោក ខឹម វាសនា វិញថា «និយាយថា គេល្ងង់ ទាំងមិនដឹងថា ខ្លួនឯងឆ្គួត ហ្នឹងហើយចែកដីអោយកូនចៅព្រំម្នាក់មួយប្លង់ទៅ ទាល់តែល្ងង់ហ្នឹងឆ្កួតដូចគ្នាបាននៅជាមួយគ្នាបាន» ជាដើម។ បងប្អូនខ្លះក៏បានបញ្ចេញមតិសម្តែងការហួសចិត្តថា មិនគួរណាក្រុមរបស់លោកបង្រៀនមនុស្សមិនឱ្យស្គាល់គុណម៉ែឪចាស់ទុំសោះ សូម្បីតែ សត្វតិរច្ឆានក៏វានៅស្គាល់មេ ស្គាល់បារបស់វា ដែរតែក្រុមនេះបែរជាបង្រៀន កូនអោយលែងស្គាល់គុណ ឪពុកម្តាយ»។
បងប្អូនខ្លះទៀតក៏បានសម្តែងនូវការយល់ឃើញថា អ្នកជ្រួតជ្រាបច្បាស់លាស់ពេក ហ៊ានទស្សទាយស្ថានការទឹកជំនន់ ហ៊ានវាយតម្លៃសុទ្ធតែគេល្ងង់សុទ្ធតែឪពុកម្តាយគេល្ងង់ឆោត មើលងាយគេសព្វបែបយ៉ាង ជាពិសេសអ្នកអ្នកជុំវិញខ្លួន មិនកើតមិនល្អទាំងអស់ មានតែគាត់អ្នកកំពុងនិយាយទេដែលចេះឆ្លាតវៃឆ្លាតចេះដឹងខ្ពស់ជាងនោះឬ» ។

យ៉ាងណាមិញ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ០៨ ខែកញ្ញា ម្សិលមិញនេះ មានសកម្មជន៦រូបរបស់បក្សជួង រួមទាំងលោក នី ចាន់ពិនិត្យ ដែលជាមនុស្សជំនិតរបស់លោក ខឹម វាសនា និងជាម្ចាស់ដីចម្ការ២កន្លែងនៅជើងភ្នំគូលែន បានបើកឡានមួយចេញទៅដាក់ពាក្យសុំអន្តរាគមន៍ ជាមួយសាលាស្រុកបន្ទាយស្រីដែលនេះជាការសុំអន្តរាគមន៍លើកទី២ ដើម្បីជួយចាត់វិធានការចំពោះប្រជាពលរដ្ឋ ដែលបានចូលមក ស្នាក់នៅក្នុងដីចម្ការរបស់ខ្លួន ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ ដែលដីចម្ការទាំង២ទីតាំង ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជាមួយគ្នានោះ បុគ្គលឈ្មោះ លោក នី ចាន់ពិនិត្យ ក៏បានដាក់ពាក្យសុំឱ្យជួយអន្តរាគមន៍ថា ដីចម្ការទំហំ២៥ហិកតារបស់ខ្លួន មានគេលួចដាំរបងលើដីចម្ការរបស់ខ្លួន។

សម្រាប់ចំនួនប្រជាពលរដ្ឋនិងសកម្មជនមួយចំនួននៅក្នុងបរិវេណដីចម្ការម្រេច ១២ ហិកតា គឺត្រឹមថ្ងៃទី ០៨ ខែកញ្ញា គឺនៅសល់ប្រមាណ២ពាន់នាក់ដដែល៕





ចែករំលែកព័តមាននេះ