ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម នឹង​ជួយ​រៀបចំ​ការ​ប្រកួត​កីឡា E-Sports ទាំងស្រុង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​វៀតណាម បាន​ឧបត្ថម្ភ​ទាំងស្រុង​ដល់​កម្ពុជា សម្រាប់​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​វៀតណាម បាន​ឧបត្ថម្ភ​ទាំងស្រុង​ដល់​កម្ពុជា សម្រាប់​ដំណើរការ​រៀបចំ​ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក (E-Sports) ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​មឆ្នាំ​២០២៣ នៅ​កម្ពុជា ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។

ការ​បញ្ជាក់​នេះ បន្ទាប់​ពី​ឯកឧត្តម​ក្នុង​នាម CAMSOC រួម​ជាមួយ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក
កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោក Nguyen Xuan Cuong ប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​វៀតណាម នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា កន្លង​ទៅ​នេះ នៅ​ទីស្នាក់ការ NOCC ក្រោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC និង​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC​។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​អះអាង​ថា «​កីឡា E-Sports វៀតណាម បាន​ជួយ​ឧបត្ថម្ភ​ទាំងស្រុង ដល់​ការ​រៀបចំ​ការ​ប្រកួត ដោយ​មានការ​តុបតែង ឧបត្ថម្ភ​ទាំង Software, Hardware, ធនធានមនុស្ស ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម​ទាំងអស់ ជូន​មកកម្ពុជា ។ នេះ​គឺជា​លទ្ធផល​មួយ​ដែល​កើត​ចេញពី​ផ្លែផ្កា នៃ​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​ដូច​ជា​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក្នុង​ការ​ស្វែងរក​ដៃគូ ធ្វើ​យ៉ាងណា​ឲ្យ​មានការ​គោរព​ទៅ​តាម​គោលការណ៍ Saving Games ដែល​គោលការណ៍​នេះ គឺ​យើង​រៀបចំ​ឲ្យ​មាន​ដៃគូ​សហការ​ឲ្យ​បាន​ច្រើន​»​។

ជុំវិញ​ការ​ចុះ MOU នេះ​ដែរ ដោយសារ CAMSOC មើលឃើញ​ពី​សក្ដានុពល និង​គុណភាព​របស់​ភាគី​វៀតណាម មាន​ន័យ​ថា ការ​ជ្រើសរើស​ដៃគូ​សហការ មិនមែន​ចេះ​តែ​ជ្រើសរើស​នោះ​ទេ​។ ជាក់ស្ដែង​កាលពី​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ វៀតណាម​មិន​ត្រឹម​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​នោះ​ទេ ថែម​ទាំង​ទទួល​បាន​នូវ​មេដាយមាស​ជា​ច្រើន​គ្រឿង​ទៀត​ផង ព្រោះ​កីឡា E-Sports នៅ​វៀតណាម ត្រូវ​បាន​ចាត់ទុកជា​ទស្សនីយភាព​មួយ ដែល​គេ​រៀបចំ​មាន​លក្ខណៈ​ស្ដង់ដារ​កម្រិត​ពិភពលោក​រួច​មក​ហើយ​។

ឯកឧត្តម​បន្ដ​ថា «​យើង​ទទួល​បាន​ទាំងស្រុង ក្នុង​ការ​រៀបចំ​ស៊ី​ហ្គេ​ម​សម្រាប់​កីឡា E-Sports ព្រោះ​កីឡា E-Sports មិនមែន​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​នោះ​ទេ​។ វា​មាន​លក្ខណៈ​ពិសេស​ជា​ជំនាញ សូ​ម្បី​តែ​ការ Set Up ការ​លេង ឬ​ការ​បញ្ចូល Program អីហ្នឹង គឺថា​ពាក់ព័ន្ធ​ទៅ​នឹង​ជំនាញ​វិទ្យាសាស្ដ្រ​ឌី​ជី​ថ​ល សម្រាប់​សម័យកាល​បច្ចុប្បន្ន​ទាំងអស់​។ អ៊ីចឹង​ទេ យើង​នៅ​ក្នុង​កម្រិត​មួយ ដែល​យើង​មិន​អាច​មាន​លទ្ធភាព​ធ្វើ​ទេ​។ ហេតុនេះ យើង​ក៏​ចាប់​ដៃគូ ហើយ​បាន​ដៃគូ​ល្អ ដៃគូ​ដែល​មានគុណ​ភាព និង​អាច​ជួយ​ដល់​យើង​បាន​។ នេះ​គឺជា​អ្វី​ដែល​យើង​ទទួល​បាន​»​។

ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែម​ថា «​ក្រៅពី​នោះ អ្នកជំនាញ និង​គ្រូ​ជំនាញ​របស់​វៀតណាម ក៏​បាន​ជួយ​ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា​ខាង​ផ្នែក កីឡា E-Sports នេះ ជួយ​បណ្ដុះបណ្ដាល​ពី​ឥឡូវ​ទៅ​។ ក្នុង MOU បាន​បញ្ជាក់​ថា វៀតណាម បាន​ជួយ​បណ្ដុះបណ្ដាល​ទៀត ជួយ​បណ្ដុះបណ្ដាល​ឲ្យ​ទៅ​រក​ជំនាញ​កម្រិត​ខ្ពស់ ព្រោះ​វៀតណាម គឺជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ដែរ នឹង​ទទួល​បាន​នូវ​កម្រិត​មេដាយមាស​ច្រើន​ក្នុង​ស៊ី​ហ្គេ​ម កាលពី​ពេល​ថ្មី​ៗ​នេះ ។ ដូច្នេះ គេ​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​យើង ក្នុង​ការ​បណ្ដុះបណ្ដាល​ថែម​ទៀត​»​។

តាម​រយៈ​នេះ ឯកឧត្តម​អគ្គលេខាធិការ បាន​សង្កត់ធ្ងន់​ថា «​នេះ​ហើយ​ដែល​យើង​ចង់បាន និង​ទទួល​បាន​នៅ​ពេល​នេះ​។ យើង​សូម​ថ្លែងអំណរគុណ​ភាគី​វៀតណាម ដែល​បាន​ចុះហត្ថលេខា​លើ MOU នេះ ហើយ​ក៏​ជា​សក្ខីភាព​មួយ​ថា ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ គ្រប់​ផ្នែក​ទាំងអស់ ត្រូវ​បាន​រៀបចំ និង​រៀបរយ ហើយ​ទទួល​បាន​នូវ​ភាព​ជឿជាក់ ក្នុង​ការ​ធ្វើ​ឲ្យ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ក្នុង​ផ្នែក​បច្ចេកទេស សម្រាប់​ការ​រៀបចំ គឺ​មាន​ភាពរឹងមាំ និង​ទទួល​បាន​នូវ​ស្ដង់ដារ​អន្ដរជាតិ​មួយ អាច​ទទួលយក​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ