ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ការិយាល័យ​ទំហំ​6,5​ម៉ឺន​ម៉ែត្រការ៉េ​នឹង​ដាក់​ចូល​ទីផ្សារ​នៅ​ឆ្នាំ​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​ការិយាល័យ​នៅ​តែ​មាន​តម្រូវការ​ល្អ​ប្រសើរ​នៅឡើយ ដែល​បាន​ធ្វើ​ឲ្យ​តម្រូវការ​បន្ត​កើនឡើង ។ ជាក់ស្តែង នៅ​ឆ្នាំ​នេះ​គេ​រំពឹង​ថា ការិយាល័យ​ទំហំ​៦,៥​ម៉ឺន​ម៉ែត្រការ៉េ​បន្ថែម​ទៀត​

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​ការិយាល័យ​នៅ​តែ​មាន​តម្រូវការ​ល្អ​ប្រសើរ​នៅឡើយ ដែល​បាន​ធ្វើ​ឲ្យ​តម្រូវការ​បន្ត​កើនឡើង ។ ជាក់ស្តែង នៅ​ឆ្នាំ​នេះ​គេ​រំពឹង​ថា ការិយាល័យ​ទំហំ​៦,៥​ម៉ឺន​ម៉ែត្រការ៉េ​បន្ថែម​ទៀត​នឹង​ដាក់​ចូល​ទីផ្សារ ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia ដែល​បាន​បញ្ចប់​កាលពី​ដំណាច់ឆ្នាំ​មុន​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល​១២​ខែ​បន្ទាប់​នៃ​ឆ្នាំ​នេះ ទីផ្សារ​ការិយាល័យ​កម្ពុជា​នឹង​មាន​កំណើន​បន្ថែម​ទៀត ដោយ​ទំហំ​ការិយាល័យ​ថ្មី​នឹង​កើន​ដល់​៦,៥​ម៉ឺន​ម៉ែត្រការ៉េ ក្នុង​នោះ​គម្រោង​ក្រុមហ៊ុន Hongkong Land ដែល​វិនិយោគ​លើ​អគារ Exchange Square មាន​ទំហំ​១២​ពាន់​ម៉ែត្រការ៉េ ។ ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ដែរ​ថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៤​ឆ្នាំ​មុន មាន​អគារ​ការិយាល័យ​តិចតួច​ប៉ុណ្ណោះ​បាន​ដាក់​ចូល​ទីផ្សារ គឺ​មាន​អគារ​ការិយាល័យ​កម្រិត​C តែ​៤.០០០​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ។

ក្នុង​អំឡុង​ត្រីមាស​ទី​៤​ឆ្នាំ​មុន ទីផ្សារ​ការិយាល័យ​កម្រិត​B បាន​កើនឡើង​នូវ​ការ​ជួល​២,២% ហើយ​រហូត​ដល់​ដំណាច់ឆ្នាំ​មុន​បាន​កើន​ដល់​១១,២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ។

ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ទីផ្សារ​ការិយាល័យ​កម្រិត​A មាន​តម្លៃ​២៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​អគារ​ការិយាល័យ​កម្រិត​B មាន​តម្លៃ​ចន្លោះ​ពី​១០​ទៅ​១៨​ដុល្លារ និង​កម្រិត​C មាន​តម្លៃ​ចន្លោះ​ពី​៥​ទៅ​១០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។

លោក ប៉ែន ភិ​រុន នាយក​គ្រប់គ្រង​ទូទៅ​នៃ​អគារ​វិមាន​កា​ណា​ឌី​យ៉ា បាន​ថ្លែង​ថា តម្រូវការ​អគារ​ការិយាល័យ​កាលពី​ចុងឆ្នាំ​មុន ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ធៀប​នឹង​អំឡុង​ដើម​ឆ្នាំ ប៉ុន្តែ​បើ​គិត​ពី​ដើមឆ្នាំ​រហូត​មក​ទល់​ពេល​នេះ តម្រូវការ​អគារ​ការិយាល័យ​មាន​កំណើន​១០% ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ទន្ទឹម​នឹង​នេះ លោក​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា ក្នុង​ឆ្នាំ​២០១៧​តម្រូវការ​នឹង​កើន​ខ្ពស់ ដោយសារ​វិនិយោគិន​មក​ពី​ប្រទេស​ចិន​បាន​ចូល​មក​កម្ពុជា​ច្រើន ។

លោក​បន្ត​ថា ៖ « អគារ​ការិយាល័យ​ក្នុង​វិមាន​កា​ណា​ឌី​យ៉ា មាន​ទំហំ​ប្រមាណ​១៧​ពាន់​ម៉ែត្រការ៉េ ហើយ​អត្រា​ប្រើប្រាស់​រហូត​មក​ទល់​ពេល​នេះ បាន​គ្របដណ្តប់​ប្រមាណ​៩០%​ហើយ​។ អគារ​ការិយាល័យ​នៅ​វិមាន​កា​ណា​ឌី​យ៉ា គិត​ចាប់ពី​ជាន់​ទី​១៦ ដល់​២៧ និង​ជាន់​ខាងក្រោម​មួយ​ចំនួន​ទៀត » ។

អគារ​ការិយាល័យ​នេះ​បាន​ដាក់​ជួល​ក្នុង​តម្លៃ​២៥ បូក​៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។

នាយក​គ្រប់គ្រង​ផ្នែក​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន VTRUST PROPERTY Co, Ltd លោក ហុ​ន ម៉េ​ង​ហៀ​ង បាន​ថ្លែង​ស្រ​ដៀង​គ្នា​ថា តម្រូវការ​អគារ​ការិយាល័យ​នៅ​ចុងឆ្នាំ ពិត​ជា​​មាន​កំណើន​យឺត​ធៀប​នឹង​ដើមឆ្នាំ ប៉ុន្តែ​បើ​គិត​ពី​ដើមឆ្នាំ​រហូត​មក​ដល់​ពេល​នេះ តម្រូវការ​អគារ​ការិយាល័យ​នៅ VTRUST TOWER មាន​កំណើន​ប្រមាណ​១៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក​បន្ត​ថា ៖ « លោក​មាន​សុទិដ្ឋិនិយម​អំពី​តម្រូវការ​អគារ​ការិយាល័យ​នៅ​ឆ្នាំ​នេះ ដោយសារ​អត្រា​ប្រើប្រាស់​អគារ​នេះ និង​ការិយាល័យ​ទូទៅ​កើនឡើង និង​ការ​ចូល​មក​ដល់​នូវ​ក្រុមហ៊ុន​បរទេស​កាន់តែ​ច្រើន » ៕