ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆេះ​ក្លិប​កំសាន្ត​គ្មាន​សល់ និង​រាល​ដាល​​ឆេះ​ផ្ទះ​១​ខ្នង​ផ្អើល​ផ្សារ​ដើម​ថ្កូវ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្លិប​កំសាន្ត​យីហោ «ALL FRIENDS» ដែល​មា​នទី​តាំងនៅ​ខាងកើត​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆាបឆេះ​អស់ទាំង​ស្រុង និង​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ទៀត បណ្តាល​ឱ្យ​

រាជធានី​ភ្នំពេញ ៖ ក្លិប​កំសាន្ត​យីហោ «ALL FRIENDS» ដែល​មា​នទី​តាំងនៅ​ខាងកើត​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆាបឆេះ​អស់ទាំង​ស្រុង និង​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ទៀត បណ្តាល​ឱ្យ​ឆេះ​អស់​តែ​ជ​ញ្ជាំ​មួយ​ចំហៀង​ប៉ុណ្ណោះ ដែល​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន​រហូត​ទៅ​ដល់​៤០​គ្រឿង ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​មិន​ទាន់​បានដឹង​ថា តើ​វា​កើតឡើង ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ឬ​យ៉ាងណា​នៅឡើយ​ទេ?​។

អគ្គិភ័យ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង ៤៤​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ក្លិប​យីហោ «ALL FRIENDS» ទីតាំង​លេខ​១៥ និង ១៦ (​ផ្ទះ​២​ជាប់​គ្នា​) ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ខណ្ឌចំការមន បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​ឆាបឆេះ គឺ​គេ​បានឃើញ​បុស​ម្នាក់​រត់​ចេញពី​ក្នុង​ក្លិប​កំសាន្ត​យីហោ «ALL FRENDS» មក​ខាងក្រៅ​យ៉ាង​ត្រហេបត្រហប បន្ទាប់​អ្នក​នៅ​ក្បែរ​ខាង​ក៏​បានឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញ​មក​ក្រៅ​ផង​ដែរ ទើប​នាំ​គ្នា​ស្រែ​កថា «​ភ្លើង​ឆេះ​ៗ» និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​។ ភ្លាម​ៗ​នោះ ក៏​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង និង​អ្នកដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ចោម​រោម​មើល ព្រមទាំង​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​យ៉ាងច្រើន​នាក់ ចុះ​មក​ដល់​កន្លែង​ភ្លើង​ឆេះ​ក្លិប និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អោយ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

តាម​ប្រភព​ដដែល​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​យ៉ាង​ខ្លាំង​នៅ​ខាងក្នុង​ក្លិប ALL FRIENDS និង​មាន​ផ្សែង​ខ្មៅ​ហុយ​ឡើង​លើ​យ៉ាង​ខ្មួលខ្មាញ់​នោះ ក្រៅពី​រថ​ន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​មាន​រថយន្ត​របស់​ក្រសួងមហាផ្ទៃ ទីក្រុង​កោះ​ពេ​ជ្យ ជ្រោយចង្វារ ស្រា​បៀរ​កម្ពុជា រាប់​សិប​គ្រឿង បាន​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆេះ​ក្លិប​កំសាន្ត​ខាងលើ​នេះ​ដែរ គេ​នៅ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​នៅឡើយ​ទេ? ដោយ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​សិន ទើប​ដឹង​។ ហើយ​មុន​ពេល​កើត​មាននូវ​ករណី​អគ្គិ​ភ័យ​ខាងលើ​នេះ មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្នាក់​នៅ​ខាងក្នុង​ក្លិប​នោះ​ឡើយ? ដោយ​ឃើញ​មាន​តែ​បុរស​ម្នាក់​រត់​ចេញ​មក​ក្រៅ​តែ​ប៉ុណ្ណោះ ព្រោះ​អី​ក្លិប​បើក​តែ​នៅ​ពេល​​យប់ និង​ពេល​ថ្ងៃ​បិទទ្វារ​។ ហើយ​ក្លិប​នេះ ចាប់​ផ្តើ​ប​បើក​កាលពីមុន​កូ​វី​ដ បាន​រយៈពេល​២​ទៅ​៣​ខែ លុះ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​ក៏​បាន​បិទ​ជា​យូរណាស់​មក​ហើយ និង​ទើបតែ​បើក​ជា​ថ្មី​ឡើង​វិញ​បាន​ជិត​១​ខែ​នេះ​ទេ ហើយ​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ តុ សា​ឡុ​ង ជញ្ជាំង ដែល​សុទ្ធសឹងតែ​ធ្វើ​អំពី​អេ​ប៉ុង​នោះ អស់ទាំង​ស្រុង​តែ​ម្តង និង​រាលដាល​ឆេះ​ទៅ​ដល់​ផ្ទះ​មួយ​ខ្នង​អស់​មួយ​ចំហៀង​ទៀត​ផង ។

បើ​តាម​បុរស​ស្នាក់​នៅផ្ទះ​បោក​អ៊ុត​ជាប់​ក្លឹ​ប​នោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​កំពុង​តែ​ធ្វើការ​នៅ​ខាងក្នុង​ផ្ទះ ក៏​ស្រាប់តែ​ឮ​គេ​ស្រែ​កថា «​ភ្លើង​ឆេះ​ក្លឹ​ប​ៗ» ហើយ​គាត់​ក៏​បាន​រត់​ចេញ​មក​ខាងក្រៅ ស្រាប់តែ​ឃើញ​ផ្សែងហុយ​យ៉ាង​ខ្លាំង រូប​គាត់​ក៏​ភ័យ​ស្លន់ស្លោ និង​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​ចេញ​មក​ខាងក្រៅ​បាន​ខ្លះ​ប៉ុណ្ណោះ ដោយសារ​តែ​ភ្លើង​វា​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​។

គួរ​បញ្ជាក់​ថា ការ​ឆេះ​ខាងលើ​នេះ គេ​មិនដឹង​ថា វា​កើតឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ឬ ក៏​បណ្តាល​មក​ពី​អ្វី​នោះ​ទេ? ហើយ​ក៏​មិនដឹង​ថា មាន​មនុស្ស​នៅ​ខាងក្នុង ឬ​មិន​មាន​នោះ​ទេ ព្រោះ​គេ​ហៅ​មិន​មាន​អ្នក​ណា​ឆ្លើយ ទើបបាន​ប៉ូលិស​គាត់​នាំ​គ្នា​វា​.​យ​ទម្លុះ​ទ្វារ​ចូល​ទៅ​ពន្លត់​ខាងក្នុង​តែ​ម្តង​។ ហើយ​ក្នុង​ករណី​ឆេះ​ក្លិប​កំសាន្ត ALL FRIENDS នេះ​ដែរ បាន​ឆេះ​បំផ្លាញ តុ សា​ឡុ​ង កៅអី សម្ភារៈ​ប្រើប្រាស់ និង​រួម​ទាំង​ក្លិប​អស់ទាំង​ស្រុង​គ្មាន​សល់ និង​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង បណ្តាល​ឱ្យ​អស់​ជញ្ជាំង​មួយ​ចំហៀង​ទៀត​ផង ប៉ុន្តែ​មិន​បាន​បង្ក​អោយ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

គួរ​បញ្ជាក់​ទៀត​ថា ករណី​ខាងលើ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​តាម​បណ្តា​អង្គភាព​ជា​ច្រើន​គ្រឿង បាន​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២៣, ទីក្រុង​កោះ​ពេជ្រ ៤​គ្រឿង​, ជ្រោយចង្វារ ៩​គ្រឿង​, ស្រា​បៀរ​កម្ពុជា ១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួង​មហាផ្ទៃ ចំនួន​៣​គ្រឿង សរុប​៤០​គ្រឿង លុះ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​ធ្វើការ​ពន្លត់​បាន ហើយ​មូលហេតុ​វិញ គេ​នៅ​មិន​ទាន់​ដឹង​ទេ ដោយ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ជា​ក្រោយ​ជា​បន្ត​ទៀត​សិន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ