ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទះ​កម្ពុជា​នាំ​យក​គ្រូបង្វឹក​គុយ​បា​៤​រូប​មក​ពង្រឹង​ក្រុម​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​នាំ​យក​គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​៤ រូប​មក​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​នាំ​យក​គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​៤ រូប​មក​ពី​ប្រទេស​គុយ​បា ដើម្បី​បង្ហាត់​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ និង​ជួយ​ការងារ​បច្ចេកទេស​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា ត្រៀម​ប្រកួតប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​លើក​ដំបូង​។

មន្ត្រី​បច្ចេកទេស និង​គ្រូបង្វឹក​ជនជាតិ​គុយ​បា​មាន​លោក Karell Pena Ventoza ជា​គ្រូបង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​, លោក Berto Friol Barrios គ្រូបង្វឹក​បាល់ទះ​ក្នុង​សាល លោក Leonid Abum Castillo និង​កញ្ញា Natyelis Riol Cardenas​។ ក្រុមការងារ​បច្ចេកទេស និង​គ្រូបង្វឹក​ទាំង​៤​រូប​នេះ​បាន​ចូល​ជួប​លោក អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៩ ខែសីហា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ព្រមទាំង​បាន​ចូល​មើល​បច្ចេកទេស​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់​ជម្រើសជាតិ​ផង​ដែរ​។

ក្នុង​ពេល​ជួប​គ្នា​នោះ​ដែរ លោក​អគ្គលេខាធិការ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖«​យើង​នាំ​យក​ពួក​គាត់​មកនេះ បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពី​ឯកឧត្ដម​បណ្ឌិត នេ​ត សា​វឿ​ន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​ឯកឧត្ដម ស សុខា អនុប្រធាន ហើយ​ជាក់ស្ដែង​ថ្ងៃនេះ​តាម​រយៈ​ឯកឧត្ដម ជា ពៅ យើង​ឃើញ​ថា គ្រូបង្វឹក​ខាង​គុយ​បា​មាន​ពីរ​វិញ្ញាសា​មក​គឺ​មាន​បាល់ទះ​ក្នុង​សាល និង​បាល់ទះ​ឆ្នេរ​ខ្សាច់​។ ប៉ុន្តែ​តាម​ការ​ណែនាំ​របស់​ឯកឧត្ដម​ប្រធាន និង​អនុប្រធាន​គឺ​យើង​ត្រូវការ​គ្រូបង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​ជា​ចាំបាច់​»​។

លោក​អគ្គលេខាធិការ​បាន​បន្ថែម​ថា ៖«​ដូច​យើង​ដឹង​ហើយ​ថា បាល់ទះ​ឆ្នេរ​ខ្សាច់​យើង​មិន​អន់​ពេក​ទេ បើ​ទោះបី​ការ​ហ្វឹកហាត់​របស់​យើង​មិន​ទាន់​ដល់​កម្រិតស្តង់ដារ​ក៏​ពិតមែន ។ ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​ថ្មី​ៗ​នេះ យើង​ក៏​មាន​ឈ្នះ​ការ​ប្រកួត និង​ទទួល​បាន​លេខ​៥​ដែរ ។ ប៉ុន្តែ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ យើង​មិន​ចង់បាន​ចំណាត់ថ្នាក់​នេះ​ទេ គឺ​យើង​ចង់បាន​មេដាយ ។ យើង​អញ្ជើញ​គ្រូបង្វឹក​គុយ​បា​មក​គឺ​សម្រាប់​ធ្វើ​ជា​គ្រូ​បង្គោល​បាល់ទះ​ឆ្នេរ​ខ្សាច់ ។

លោក​អគ្គលេខាធិការ​បានបន្ត​ថា ទន្ទឹម​នឹង​នោះ​ក៏​យើង​ត្រូវ​សិក្សា​ទៅ​លើ​ការ​បង្ហាត់​របស់​គាត់​ដែរ ថា គាត់​ខ្លាំង​ជាង ប្រហាក់ប្រហែល ឬ​គាត់​ខ្សោយ​ជាង​គ្រូបង្វឹក​កម្ពុជា​យើង ។ ខ្ញុំ​សង្ឃឹមថា ជា​លក្ខណៈ​​សាកល្បង​រយៈពេល​ខ្លី​២-៣​ខែ​នេះ គាត់​នឹង​បង្ហាញ​ពី​លទ្ធផល​មក​យើង​ខ្លះ​ថា ការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​របស់​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់​យើង​មានការ​កើនឡើង​ឬ​អត់? យើង​គ្រោង​បង្កើត​ពាន​បាល់ទះ​ឆ្នេរ​ខ្សាច់​មួយ​ឲ្យ​ពួក​គាត់​សាកល្បង​បច្ចេកទេស ដូច្នេះ​យើង​នឹង​បានដឹង​លទ្ធផលច្បាស់​»​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា សម្រាប់​បាល់ទះ​ក្នុង​សាលកម្ពុជា​មាន​គ្រូបង្វឹក​រួចរាល់​ហើយ​គឺ​លោក Li Jun ដែល​ជា​ជនជាតិ​ចិន ហើយ​គ្រូបង្វឹក​រូប​នេះ​ក៏​បាន​ជួយ​កម្ពុជា​បំបែក​កំណត់​ត្រា​កាល​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​ឈ្នះ​មេដាយ​សំរឹទ្ធ​ដែរ ។ សហព័ន្ធ​ចង់​រក្សា​មេដាយ​ឲ្យ​ដូច​កាល​ស៊ី​ហ្គេ​ម​នៅ​វៀតណាម ឬ​បើ​អាច​បង្កើន​សមត្ថភាព​យក​មេដាយ​ឲ្យ​បាន​ខ្ពស់​ជាង​ឆ្នាំ​ចាស់ ដូច្នេះ​លោកគ្រូ​បាល់ទះ​ក្នុង​សាល​ជនជាតិ​គុយ​បា​អាច​ជា​គ្រូ​ជំនួយ ឬ​ជា​នាយក​បច្ចេកទេស ដែល​ប្រឹក្សា​យោបល់​លើ​ការ​ហ្វឹកហាត់ ឬ​យុទ្ធសាស្ត្រ​នៃ​ការ​ប្រកួត​។

ប្រសិនបើ​គ្រូ​បាល់ទះ​ក្នុង​សាល​រូប​នោះ​ព្រមព្រៀង​ក្នុង​លក្ខខណ្ឌ​នេះ សហព័ន្ធ​នឹង​រក្សា​គ្រូ​គុយ​បា​នោះ​។ ប៉ុន្តែ​លោកគ្រូ​បង្វឹក​គុយ​បា​នៅ​ចង់​ជួយ​កម្ពុជា​ពេញដៃ​ជើង តែ​យ៉ាងណា​សហព័ន្ធ​ក៏​នៅ​តែ​ចាំ​មើល​លទ្ធផល​បង្វឹក​របស់​គ្រូបង្វឹក​គុយ​បា​នោះ​ជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ