ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ប្រកាស​ពី​ផែនការ​កែទម្រង់​ឆ្ពោះទៅ​កាន់​ស៊ីហ្គេ​ម​ឆ្នាំ​2023

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧​ កន្លង​មកនេះ បាន​រៀបចំ​ធ្វើ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​លើក​ទិស​​ដៅ​បន្ត​ ដោយ​ផ្ដោត​ទៅ​លើ​ផែនការ​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧​ កន្លង​មកនេះ បាន​រៀបចំ​ធ្វើ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​លើក​ទិស​​ដៅ​បន្ត​ ដោយ​ផ្ដោត​ទៅ​លើ​ផែនការ​កែទម្រង់​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ​ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

លោក​ឧត្តមសេនីយ៍ឯក​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ឥឡូវនេះ​ដល់​ពេល​ត្រូវធ្វើ​កំណែទម្រង់​ហើយ ​បើ​មិន​ដូច្នោះ​ទេ ​យើង​មិន​មាន​កីឡាករ​ប្រកបដោយ​គុណភាព​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​ បាន​ឡើយ  ។ ការ​ធ្វើ​កំណែទម្រង់​ធ្វើ​យ៉ាងណា​ឱ្យ​ស្រប​ទៅ​នឹង​ទិស​ដៅ​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​ដូច​ជា​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​កំណត់ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ឱ្យ​ដឹង​ពី​ផែនការ​កំណែទម្រង់​ថា បើ​សហព័ន្ធ​ណា​មិន​ធ្វើ​កំណែទម្រង់ មិន​ទាន់​ដោះ​ស្រាយ​​បញ្ហា​ផ្ទៃក្នុង​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ សហព័ន្ធ​នោះ​នឹ​ត្រូវ​ព្យួរ​សមា​ជិ​ភាព​មិន​ឱ្យធ្វើ​សកម្មភាព​ឡើយ ។ នៅ​ឆ្នាំ​២០២០ សហព័ន្ធ​ទាំងអស់​ត្រូវ​តែ​សម្រេច​គោលដៅ​របស់​ខ្លួន​ឱ្យ​បាន ហើយ​បើ​សហព័ន្ធ​ណា​នៅ​តែ​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​របស់​ខ្លួន​នោះ​ នឹង​មិន​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ប្រកួត​ទេ ។ រយៈពេល​៤​ឆ្នាំ​នេះ​ គឺជា​ពេលវេលា​ដែល​យើង​ត្រូវ​កសាង​សមត្ថភាព​អត្ត​ព​លិ​កឱ្យ​មានគុណ​ភាព​ខ្ពស់ ។

លោក​បន្ត​ថា ដោយឡែក​ប្រដាល់​សាកល គឺជា​សហព័ន្ធ​មួយ ឯ​គុន​បុរាណ​ខ្មែរ​គឺជា​សហព័ន្ធមួយ លែងឱ្យ​នៅ​ជាមួយ​គ្នា​ទៀត​ហើយ ។ នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​ដែល​សហ​ព័ន្ធ​​កីឡាប្រដាល់​បាន​បំបែក​ខ្លួន​ជា​២ ប៉ុន្តែ​លោក​សូម​សំណូមពរ​ដល់​សហព័ន្ធ​ទាំង​២ ​ត្រូវ​ជួយ​គ្នា​ធ្វើការ​រួម​គ្នា ​គ្រាន់តែ​មិន​ឱ្យ​លូកដៃ​ជ្រៀតជ្រែក​កិច្ចការរដ្ឋបាល​គ្នា​ប៉ុណ្ណោះ ។

សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដែល​ប្ដូរ​ឈ្មោះ​មក​ជា​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នោះ ​មាន​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ចំនួន​១៣​រូប ​គឺ​លោក​ឧត្តមសេនីយ៍ឯក ​តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ លោក វ៉ា ស៊ិ​នភា​រម្យ អនុប្រធាន​ទី​១ លោក វេជ្ជបណ្ឌិត​ឆឹង យ៉ៅ​យ៉េន អនុប្រធាន លោក​ ម៉ិ​ល កាដូ អគ្គលេខាធិការ លោកស្រី​ ប៉ឹង សំអាង អគ្គ​ហិ​រញ្ញឹក លោក​ឧត្តមសេនីយ៍​ ងិ​ន ភារ​ម្យ សមាជិក លោក​ឧត្តមសេនីយ៍​ គឹ​ម ឡា​វី សមាជិក លោក ចាន់ សុទ្ធ សមាជិក លោក មាស សុខ​គ្រី សមាជិក លោក ទេស សូ សមាជិក លោក​ឧត្តមសេនីយ៍​ រាជ សុ​ផែន សមាជិក លោក ថុ​ក ប៊ុ​ន​ធឿ​ន សមាជិក និង​លោក គួ​ន សុវណ្ណ​ឌី ជា​សមាជិក ។

ចំណែក​សហព័ន្ធ​កីឡាប្រដាល់​សាកល​វិញ​នោះ ​មាន​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ចំនួន​១៥​រូប​គឺ លោក​វេជ្ជបណ្ឌិត ​ឆឹង យ៉ៅ​យ៉េន ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​សហព័ន្ធ លោក ​វ៉ា ស៊ិ​នភា​រម្យ អនុប្រធាន លោក ម៉ិ​ល កាដូ អនុប្រធាន លោក មាស វុ​ទ្ធី អនុប្រធាន លោក​ បួ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ និង​លោក ងិ​ន វ៉ា​ន់​ដា អគ្គ​ហិ​រញ្ញឹក ព្រម​ទាំង​​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ចំនួន​៩​រូប​ទៀត ។

លោក វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀត​ថា សហព័ន្ធ​មួយ​ដែល​ខ្លាំង​ត្រូវ​តែ​មាន​អគ្គ​លេខាធិ​ការ​ជា​សេនាធិការ​ចេះ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នៅ​ក្នុង​សហព័ន្ធ​ឱ្យ​បាន​ល្អ ។ ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សហព័ន្ធ​ទាំង​២ ​សុទ្ធតែ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​រូប​រួម​គ្នា​ធ្វើការ​ដឹកនាំ​ហ្វឹកហាត់​ឱ្យ​បាន​ល្អ​ទាំង​ក្រុម​ជម្រើសជាតិ រហូត​ដល់​បណ្ដា​ក្លិប​នៅ​ទូ​ទាំង​ប្រទេស ៕