ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា ច្រានចោល​ស្នេហា​ក្រោយ​ពេល​ឡើង​កូដ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​បែកបាក់​ស្នេហា​ជាមួយ​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ហែល​ទឹក កញ្ញា ហែម​ថុ​ន វិ​ទិ​នី កីឡាករ​ល្បីឈ្មោះ​ប្រចាំ​ក្រុម​បឹង​កេ​ត​អង្គ​រ លោក ចាន់ វឌ្ឍនាកា មិន​ទាន់​បើកចំហ​ស្នេហា​ជា​ថ្មី​នៅឡើយ​ទេ បើ​ទោះជា​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​បែកបាក់​ស្នេហា​ជាមួយ​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ហែល​ទឹក កញ្ញា ហែម​ថុ​ន វិ​ទិ​នី កីឡាករ​ល្បីឈ្មោះ​ប្រចាំ​ក្រុម​បឹង​កេ​ត​អង្គ​រ លោក ចាន់ វឌ្ឍនាកា មិន​ទាន់​បើកចំហ​ស្នេហា​ជា​ថ្មី​នៅឡើយ​ទេ បើ​ទោះជា​មានការ​ទម្លាយ​ថា លោក​បែក​គ្នា​ពី​សង្សារ​ចាស់ ​ព្រោះតែ​មាន​អ្នក​ថ្មី ។ ក្នុង​ជំនួប​ចុង​ក្រោយ​លោក​បាន​ប្រកែក​ថា មិន​ទាន់​គិត​រឿង​ស្នេហា​ជា​ថ្មី​នោះ​ទេ ដោយ​លោក​មិន​ចង់​បែងចែក​ការ​គិត​ក្រៅពី​ការ​ប្រកួត​បាល់ទាត់​ក្នុង​ពេល​ដែល​លោក​ត្រូវ​ឡើង​ចុះ​ទៅ​ហ្វឹកហាត់ ​និង​ប្រកួត​ឱ្យ​ក្លិប​ជប៉ុន​និង​ក្រុម​ជម្រើសជាតិកម្ពុជា​នោះ​ទេ​។

កីឡាករ​រូប​នេះ​នៅ​តែ​ស្ថិត​ក្នុង​អារម្មណ៍​មហាជន បន្ទាប់​ពី​លោក​បាន​ជួយ​ឱ្យ​ក្រុម​បឹង​កេ​ត​អង្គរ​មាន​លទ្ធផល​១​ស្មើ​ជាមួយ​ក្រុម​ឡាវ​កាលពី​យប់​ថ្ងៃ​ទី​៣១ មក​រា ដែល​ជា​ការ​ចង់​បាន​​របស់​អ្នកគាំទ្រ ។ លោក​គឺជា​តារា​ឆ្នើម​ដែល​ត្រូវ​គេ​មើលឃើញ​ថា ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ ដោយ​សូ​ម្បី​តែ​រឿង​ឯកជន​របស់​លោក​ក៏​មាន​អ្នក​តាម​ប្រមាញ់​ច្រើន​​ដែរ ជា​ពិសេស​គឺ​រឿង​ស្នេហា ។ ប្រភព​ពី​ក្លិប​បឹង​កេ​ត​អង្គរ​ដែល​កីឡាករ ចាន់ វឌ្ឍនាកា ជ្រកកោន​បាន​អះអាង​ថា កីឡាករ​រូប​នេះ​មាន​ហាងឆេង​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​លោក Jun Koyama ប្រធាន​ក្លិប​បាល់ទាត់ Fujieda MYFC​ បាន​ចុះ​កុងត្រា​ជាមួយ​ក្នុង​លក្ខណៈ​ខ្ចី​ជើង​ឱ្យទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន​រយៈពេល​១​ឆ្នាំ ។ ទោះបី​លោក​មិន​ត្រូវ​បាន​ក្លិប​ Fujieda MYFC ​ទិញ​យក​ទៅ​លេង​ផ្ដាច់មុខ​រយៈពេល​កំណត់​ដូច​គ្នា​នឹង​កីឡាករ​ដែល​លេង​នៅ​ក្នុង​ក្លិប​ជប៉ុន​ផ្សេង​ទៀត​ក្ដី ប៉ុន្តែ​មានការ​បញ្ជាក់​ថា តម្លៃ​ខ្លួន​កីឡាករ​កម្ពុជា​រូប​នេះ​ មិន​ក្រោម​ម៉ឺន​ដុល្លារ​ទេ ដោយ​គ្រាន់តែ​ខាង​ជប៉ុន​ខ្ចី​ជើង​យក​ទៅ​លេង​ពេញ​មួយ​ឆ្នាំ ។ តម្លៃ​ខ្លួន​របស់​ចាន់ វឌ្ឍនាកា រំពឹង​ថា ​បន្ត​ឈាន​ឡើង​សម្រាប់​ការ​ព្រមព្រៀង​ក្នុង​ឆ្នាំ​ទី​២ និង​ពេល​កីឡាករ ​ចាន់ វឌ្ឍនាកា អាច​ឈាន​ទៅ​លេង​ក្នុង​ក្លិប​លំដាប់​អឺរ៉ុប និង​ពិភពលោក​ ក្រោយ​ការ​អភិវឌ្ឍ​សមត្ថភាព​នោះ​ផង ទើប​អ្នក​ណា​ៗ​ក៏​ចាត់​ទុក​វត្តមាន​ទៅ​បង្ហាញ​ខ្លួន​ក្នុង​ក្លិប​ជប៉ុន​របស់​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ ​ក្រៅពី​ជួយ​គេ​ល្បីឈ្មោះ ក៏​ធ្វើ​ឱ្យ​គេ​សំបូរ​ស្នេហ៍​ណាស់​ដែរ នៅ​ក្នុង​ចង្កោម​អ្នកគាំទ្រ​ជានា​រី​ស្រស់​ស្អាត ។

ប្រភព​ពី​ខាង​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី បាន​អះអាង​ថា លោក​បែក​ពី​នាង​ដោយសារ​តែ​សំបូរ​ស្នេហ៍ ហើយ​លែង​អាល័យ​ស្នេហ៍​ចាស់ ។ ប៉ុន្តែ​សម្រាប់​កីឡាករ​រូប​នេះ​បាន​អះ​អាង​​ថា ​ខ្លួន​មិន​ទាន់​គិតគូរ ។ លោក​ថា ខ្លួន​បាន​ច្រានចោល​ស្នេហា​ ដោយសារ​តែ​មិន​ទាន់​ចង់​មាន​ស្នេហា​ បណ្ដាល​ឱ្យ​ប៉ះពាល់​ការងារ ។ យ៉ាងណាមិញ ការ​អះអាង​យ៉ាង​ខ្លី​របស់​លោក​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​ជឿ​នោះ​ទេ ក្នុង​ពេល​ដែល​លោក​ក្រៅ​តែ​ពី​កាន់តែ​ល្បីឈ្មោះ ក៏​មើលទៅ​សង្ហារ​ណាស់​ដែរ​ ជាមួយនឹង​ឱកាស​ថត​ស្ប៉ត​ជា​បន្តបន្ទាប់​នា​ពេល​ចុង​ក្រោយ ។ ក្នុង​នោះ​ដោយសារ​តែលោក​គឺជា​កូន​សំណព្វចិត្ត​របស់​លោក​អភិបាល​ខេត្តកំពត​ផង ទើប​រឹតតែ​ពិបាក​ជឿ​ថា​ លោក​នៅ​ទំនេរ ​បេះដូង​ក្រោយ​បែក​ស្នេហ៍​ចាស់ ។ កីឡាករ ចាន់ វឌ្ឍនាកា បញ្ជាក់​ថា ខ្លួន​មាន​ស្រី​ច្រើន ប៉ុន្តែ​ក្នុង​ចំណោម​នារី​ទាំងនោះ​លោក​មិន​ទាន់​ទទួលយក​ជា​ម្ចាស់​បេះដូង​នោះ​ទេ ក្នុង​ពេល​ដែល​លោក​មិន​ទាន់​ចប់​​ការងារ​ជាមួយ​ភាគី​ជប៉ុន​ជា​លក្ខណៈ​ខ្ចី​ជើង ។ លោក​បាន​លើក​ឡើង​មិន​ខុស​ពី​ពេល​មុន​ថា អត់​ទាន់​គិត​ទេ​ ចាំ​មើល​ការងារ​ធូរស្រាល​សិន ។ កីឡាករ​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ថា អាជីព​បាល់ទាត់​មិន​ជួយ​ឱ្យ​លោក​មាន​ពេលវេលា​ផ្ទាល់ខ្លួន​នោះ​ទេ ដោយ​សូ​ម្បី​តែ​ពេល​ញ៉ាំ​បាយ​ជាមួយ​គ្រួសារ ក៏​មិន​មាន​នោះ​ដែរ ទើប​លោក​បញ្ជាក់​ថា បើ​មាន​ស្នេហា​ក្នុង​ពេល​ស្ថានភាព​ការងារ​មមាញឹក​ខ្លាំង គឺ​ពិតជា​ធ្វើ​ឱ្យ​លោក​ទទួលលទ្ធផល​ដូច​មុន ។

យ៉ាងណាមិញ លោក​សារភាព​ថា មិន​ខ្វះ​មនុស្ស​ស្រី​ដែល​លោក​សិក្សា​នោះ​ទេ ដោយ​គ្រាន់តែ​លោក​រាប់អាន​ក្នុង​ន័យ​មើលចិត្ត ស្របគ្នា​ដែល​នារី​ទាំងនោះ​ក៏​ស្រឡាញ់​រាប់អាន​លោក​វិញ ក្នុង​នាម​ជា​អ្នកគាំទ្រ ។ លោក​ថា ការងារ​សំខាន់​ជាង​រឿង​ផ្ទាល់ខ្លួន ទើប​លោក​មិន​ទាន់​ចង់​ខ្វល់​ខ្លាំងក្លា​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ ហើយ​ចង់ឱ្យ​ការងារ​មាន​ភាព​ស្រឡះ​ដៃ​​សិន ចាំ​គិតដល់​រឿង​ស្នេហា​ជា​ផ្លូវការ​តែ​ម្ដង ។ លោក​ថា ក្រោយ​ពេល​សម្រាក​ពី​ការ​ប្រកួត​ក្នុងស្រុក លោក​ត្រូវ​ទទួលភារៈ​ទៅ​ហ្វឹកហាត់ និង​ចូល​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ទៀត ទើប​សុទ្ធតែ​ជា​មូលហេតុ​ពិបាក​ឱ្យ​លោក​ទទួលយក​នារី​ណា​ម្នាក់​ក្នុង​ពេល​ដែល​លោក​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ចង​រឹត​ស្នេហា ។ ការ​អះអាង​មួយ​នេះ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ទុកចិត្ត​បន្តិច ដោយសារ​តែ​ពេល​កន្លង​លោក​ក៏​មិន​ដែល​បង្ហាញ​វត្តមាន​ជាមួយ​នារី​ប្លែក​មុខ​ណា​ម្នាក់ ក្រោយ​ពី​បែកបាក់​ជាមួយ​ ហែម​ថុ​ន វិ​ទិ​នី ។ លោក​ថា បើ​មាន​ស្នេហា​លោក​​នឹង​បើកចំហ​មិន​លាក់លៀម​ទេ ដោយសារ​តែ​នោះ​គឺជា​រឿង​សុភមង្គល​របស់​លោក និង​នារី​ដែល​លោក​ស្រឡាញ់ ដែល​មិន​អាច​នឹង​លេងសើច​បាន ។

គួរ​បញ្ជាក់​ថា ចាន់ វឌ្ឍនាកា នឹង​អាច​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ច្រើន​ជាង​នៅ​កម្ពុជា ចាប់ពី​ដើមឆ្នាំ​២០១៧​នេះ​ទៅ ដោយសារ​តែ​គេ​ត្រូវ​ប្រើ​ពេល​ច្រើន​ស្វែង​យល់​បច្ចេក​ទេស​​តាម​ទម្រង់​ជប៉ុន និង​អឺរ៉ុប ដែល​ត្រូវ​បង្វឹក​ដោយ​ភាគី​ជប៉ុន ។ យ៉ាងណាមិញ គេ​នៅ​តែ​បង្ហាញខ្លួន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ធំ​ៗ បើ​ទោះជា​គេ​ត្រូវ​ជាប់​ភារៈ​ចេញ​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន ជា​លក្ខណៈ​ខ្ចី​ជើង​រហូត​ដល់​ទៅ​មួយ​ឆ្នាំ​ក្ដី ។ ក្នុង​នោះ​ភាគី​ខាង​ជប៉ុន ក៏​បាន​ប្រកាស​ថា កម្ពុជា​នឹង​មិន​មាន​តែ​កីឡាករ​រូប​នេះ​ម្នាក់​ ដើម្បី​ចេញ​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន​នោះ​ដែរ ដោយ​ខាង​ជប៉ុន នឹង​អាច​សម្លឹង​មើល​កីឡាករ​ល្អ​ៗ​ផ្សេង​ទៀត ​ដើម្បី​ផ្ដល់​ឱកាស និង​ដើម្បី​ឱ្យ​ជប៉ុន​ប្រមូល​បាន​កីឡាករ​ដែល​មាន​ជើងល្អ​នៅក្នុង​តំបន់​អាស៊ី ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន ៕