ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ខ្លាំង​ណាស់ ! ២​នាក់​ម្តាយកូន​ស្ទើរ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ទោះបីជា​ស្ថិត​នៅ​ក្នុង​វ័យ​៣០​ឆ្នាំទៅ​ហើយ​ក្តី សូ​ម្បី​តែ​អក្សរ​ក៏​មិន​ចេះ​នឹង​គេ​ផង​ដោយសារ​តែ​កត្តា​ជីវភាព​ក្រីក្រ​ពេក ទើប​មិន​បាន​ចូល​សាលារៀន​នឹង​គេ …

ខេត្តកំពង់ចាម ៖ ទោះបីជា​ស្ថិត​នៅ​ក្នុង​វ័យ​៣០​ឆ្នាំទៅ​ហើយ​ក្តី សូ​ម្បី​តែ​អក្សរ​ក៏​មិន​ចេះ​នឹង​គេ​ផង​ដោយសារ​តែ​កត្តា​ជីវភាព​ក្រីក្រ​ពេក ទើប​មិន​បាន​ចូល​សាលារៀន​នឹង​គេ ។ គ្រួសារ​ស្ត្រី​មេម៉ាយ​ម្តាយ និង​កូន​នេះ​គឺ​នៅ​ភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ហើយ​ប្រកបរ​របរ​ដើរ​កោសខ្យល់​ឲ្យ​គេ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧ ឈ្មោះ ណុ​ប ផ​ល្លី បាន​រៀបរាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​នៅ​ជា​កុមារភាព​ក៏​គិត​ថា​ទៅ​រៀន​នឹង​គេ​ដែរ តែ​ដោយសារ​ជីវភាព​ក្រីក្រ​ពេក​បាន​ធ្វើ​ឲ្យ​នាង​មិន​មាន​លទ្ធភាព​ទៅ​រៀន​សាលា​បឋម​សិក្សា​បាន  ។ លុះ​ពេល​ដែល​ដឹងក្តី​ធំ​បន្តិច ក៏​បាន​ដើរ​បេះ​ត្រកួន​ដែល​បាន​ដាំ​នៅ​ក្រោយ​ផ្ទះ​ជាមួយ​ម្តាយ​ចង​ជា​បាច់​ៗ​រួច​ជិះរទេះ​សេះ​យក​ទៅ​លក់​នៅ​ផ្សារ​ជ្រោយ​ថ្ម បន្ទាប់​ពី​ផ្សារ​ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​ផ្សា​របឹង​កុក​បច្ចុប្បន្ន គឺ​ត្រូវ​បេះ​យក​មក​បោះ​ឲ្យ​គេ​១០​បាច់​បាន​តម្លៃ​២​ពាន់​រៀល សរុប​ទៅ​បាន​លុយ​ប្រហែល​១​ម៉ឺន​រៀល​ដែរ​ក្នុង​មួយ​ថ្ងៃ ។

នាង ណុ​ប ផ​ល្លី បាន​ប្រាប់​បន្ត​ថា ត្រកួន​ដែល​ដាំ​នៅ​ក្រោយ​ផ្ទះ​រាល់ថ្ងៃ​នៅ​ខ្លី​ៗ​មិន​ទាន់​បេះ​បាន​ទេ ទាល់តែ​ដុះ​រាង​វែង​បន្តិច ទើប​បេះ​បាន ដី​ផ្ទះ និង​ដី​ដាំ​ត្រកួន មិនមែន​ជា​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទេ គឺ​ដី​ដែល​អ្នក​ភូមិ​គេ​ឲ្យ​ធ្វើ​ផ្ទះ​នៅ​ជា​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ។ លុះ​ពេល​ដែល​បន្លែ​បេះ​មិន​បាន ក៏​ត្រូវ​ទៅ​ស៊ី​ឈ្មួ​ល​ចាប់​នំ​ប​ញ្ជុ​ក​ឲ្យ​គេ​នៅ​ជិត​មាត់​ទន្លេមេគង្គ​បាន​កម្រៃ​ក្នុង​១​ថ្ងៃ​១​ម៉ឺន​រៀល ចំណែក​ម្តាយ​ឈ្មោះ ហា​យ ណុ​ប អាយុ​៦៩​ឆ្នាំ មិន​បាន​ទៅ​ណា​ទេ គាត់​ថ្លង់​ស្តាប់​មិន​ឮ​ទេ ។ មាន​ពេល​ខ្លះ​អ្នក​ភូមិ​មក​ហៅ​ឲ្យ​ទៅ​កោសខ្យល់​ឲ្យ​គេ​ម្តង​ៗ​បាន​៥​ពាន់​រៀល​គ្រាន់​នឹង​ទិញ​អង្ករ​ដាំបាយ​ហូប​ទាំង​លំបាក​បំផុត សូ​ម្បី​តែ​ផ្ទះ​តូច​ចង្អៀត ហើយ​ជញ្ជាំង​ធ្លុះធ្លាយ​ក៏​មិន​មាន​លទ្ធភាព​រក​លុយ​ដើម្បី​ជួសជុល​ដែរ ។

នាង ផ​ល្លី និយាយ​បណ្តើរ​តូចចិត្ត​ខ្លួនឯង​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ថា ខ្លួន​ក្រ​ហើយ​សូ​ម្បី​តែ​អក្សរ​ក៏​មិន​ចេះ​ទៀត ធ្វើ​ម៉េច​បើ​ម្តាយ​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​ស្ទើរ​មិន​បាន​ផង មាន​តែ​ប្រឹង​រស់​តាម​ដំណើរ​ជីវិត​ទៅ​ចុះ ។ យូរ​ៗ​អាជ្ញាធរ​ហៅ​ឲ្យ​ទៅ​ទទួល​អំណោយ​ម្តង​កាល​ដែរ ។

ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ខៀវ ស៊ា​ប អាយុ​៦៩​ឆ្នាំ នៅ​ភូមិ​ចុង​ថ្នល់​ទី​១ សង្កាត់​បឹង​កុក បាន​រម្លឹក​ថា ក្រោយ​ពី​ឆ្នាំ​១៩៧៩​គាត់​បានឃើញ​យាយ ណុ​យ ជា​ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ​ជាងគេ​បំផុត​នៅ​ក្នុងភូមិ ។ កាល​ណោះ​គាត់​ដើរ​កោសខ្យល់​ឲ្យ​គេ​តាម​ភូមិ គឺ​មានកូន​ស្រី​តូច​ម្នាក់​បាន​ដើរ​តាម​ពី​ខាងក្រោយ គឺ​កោស​ម្តង​បាន​អង្ក​១​កំប៉ុង​២​កំប៉ុង​ដើម្បី​យក​ទៅ​ដាំបាយ​ហូប ។ លុះ​មក​ដល់​រាល់​ថ្ងៃនេះ​នៅ​តែ​ដើរ​កោសខ្យល់​ឲ្យ​គេ​ដដែល ខ្លះ​គេ​ឲ្យ​២​ពាន់​រៀល ខ្លះ​ឲ្យ​៣​ពាន់​រៀល ដែល​ពេល​នេះ​ពួក​គាត់​កំពុង​តែ​រស់នៅ​ក្នុងផ្ទះ​តូច​មួយ​ដំបូល​ប្រក់​ស័ង្កសី​ធ្លុះធ្លាយ ឯ​ជញ្ជាំង​វិញ ក៏​រខេករខាក មើលទៅ​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ៕