ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូសង្សារ​អង្គុយ​ឱប​ថើប​គ្នា​កន្លែង​ស្ងាត់​ពេល​រាត្រី ចោរ​ដក​ដាវ​ភ្ជង់​ប្លន់​ម៉ូ​តូ​សំណាងល្អ​រក​ឃើញ​វិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូសង្សារ​ដែល​នាំ​គ្នា​ទៅ​អង្គុយ​នែបនិត្យ​ឱប​ថើប​គ្នា​នៅ​កន្លែង​ងងឹត​ហើយ​ស្ងាត់ ព្រោះ​ផែនដី​នេះ​មាន​តែ​ពួក​គេ​២​នាក់

រាជធានី​ភ្នំពេញ ៖ គូសង្សារ​ដែល​នាំ​គ្នា​ទៅ​អង្គុយ​នែបនិត្យ​ឱប​ថើប​គ្នា​នៅ​កន្លែង​ងងឹត​ហើយ​ស្ងាត់ ព្រោះ​ផែនដី​នេះ​មាន​តែ​ពួក​គេ​២​នាក់ បាន​ត្រូវ​ជនសង្ស័យ​៣​នាក់​មក​ដល់​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​រួច​ហើយ​ដក​ដាវ​គំរាម​កាប់ និង​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​ទៅ​លាក់​ទុក​នៅ​ដី​ឡូត៍​មួយ​កន្លែង ។ ទោះជា​យ៉ាងណា ម៉ូតូ​នេះ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​មក​វិញ ដែល​ចាត់​ទុក​ថា​ជា​សំណាង​ខ្ពស់​ណាស់​តែ​សម្រាប់​ថ្ងៃក្រោយ​សុំ​កុំ​រាង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ ខែមករា នៅ​ដី​វាល​ខាងលិច​របង​រោងចក្រ​កា​ណា​ឌី​យ៉ា ក្រោយ​រោង​ទឹកត្នោតជូរ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់​ម៉ូតូ​ឈ្មោះ ឈឿ​ន ឈី​ន អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​នៅ​ភូមិ​ព​ពាយ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

ចំណែក​នារី​ជា​គូស្នេហ៍​ឈ្មោះ ធួ ឡែ​ន អាយុ​១៨​ឆ្នាំ ជា​កម្មរ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​ជាមួយ​គ្នា ។ រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១I-៣០៨០ ។

តាម​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​រូបគេ​និង​សង្សារ តែងតែ​នាំ​គ្នា​ទៅ​អង្គុយ​សាសង​នៅ​ចំណុច​ខាងលើ​ដែល​ជា​កន្លែង​ស្ងាត់​ដូច​សព្វដង ។ ដោយឡែក នៅ​យប់​នោះ​ស្រាប់តែ​លេចមុខ​ជន​៣​នាក់​ដើរមក​ក្បែរ រួច​សុំ​ខ្ចី​ទូរស័ព្ទ​របស់​ខ្លួន តែ​ខ្លួន​បាន​ប្រាប់​ថា​ទូរស័ព្ទ​អស់​ទឹកប្រាក់​ហើយ ។ ភ្លាម​នោះ ជនសង្ស័យ​បាន​ដក​ដាវ​មក​គំរាម​កាប់​និង​ប្លន់​យក​ម៉ូតូ ហើយដោយ​ការ​ភ័យ​ខ្លាច​ក៏​ប្រគល់​សោ​ម៉ូតូ​ទៅ​ចោរ​ទាំងនោះ​ជិះ​យក​ទៅ​បាត់​ទៅ ។

ក្រោយ​កើតហេតុ​ជាង​មួយ​ម៉ោង ទើប​ជន​រង​គ្រោះ​អន់​ភ័យ​ហើយ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរាគមន៍ ។ សមត្ថកិច្ច​បាន​នាំ​ម្ចាស់​ម៉ូតូ​ទៅ​ចង្អុលបង្ហាញ​កន្លែង​កើតហេតុ និង​ប្រាប់​ពី​ផ្លូវ​ដែល​ចោរ​ជិះ​ចេញ​ទៅ ទើប​សមត្ថកិច្ច​ក្តាប់​បាន​រួច​ម្ចាស់​ម៉ូតូ​ទៅ​កាន់​ដី​ឡូត៍​មានព្រៃ​មួយ​កន្លែង​ស្ថិត​នៅ​ក្រោយ​ភូមិ​គោក​ចំបក់ ពីព្រោះ​កន្លែង​ដី​ឡូត៍​នេះ​ពី​មុន​ធា្ល​ប់​មាន​ចោរ​យក​វត្ថុ​តាង​ទៅ​លាក់​ទុក​នៅ​ទីនោះ ។ លុះ​សមត្ថកិច្ច​នាំ​ជន​រង​គ្រោះ​ទៅ​មើល ស្រាប់តែ​ឃើញ​ម៉ូតូ​ដែល​ចោរប្លន់​យក​នេះ​ទៅ​លាក់​ទុក​ទីនោះ​មែន ដោយ​យក​មែកឈើ​គ្រប​ពីលើ ។

ក្រោយ​ពេល​រក​ឃើញ​វិញ សមត្ថកិច្ច​បាន​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ម្ចាស់​ម៉ូតូ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕