ខេត្ដកំពង់ឆ្នាំង ៖ នាយទាហានស័ក្ដិ៤ ម្នាក់បានរងការចោទប្រកាន់ថាបានយក ស្នាប់កាំភ្លើងខ្លីម៉ាក កា៥៤ ទៅវាយ និងបាញ់ បង្ហើរពីលើក្បាលជនរងគ្រោះដែលត្រូវជាប្អូនថ្លៃ បណ្ដាលឱ្យបែកក្បាលហូរឈាមកក្លាក់ ដេរអស់៣ថ្នេរ ។ ហេតុការណ៍នេះ បានកើត ឡើងតាំងពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ មិថុនា កន្លងមក នៅភូមិលង្វែក ឃុំ លង្វែក ស្រុកកំពង់ត្រឡាច ប៉ុន្ដែរឿងនេះ ត្រូវបានបិទបាំង ព្រោះតែជនរងគ្រោះពុំបាន ប្ដឹង ។ ប៉ុន្ដែទោះបីជាបែបនេះក្ដី លោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ កាលពីព្រឹកថ្ងៃទី១២ មិថុនា បានដឹកនាំ កម្លាំងសមត្ថកិច្ចមានប៉ូលិស និងប៉េអឹមចុះ ទៅស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ និងបានរក ឃើញសំបកគ្រាប់កា៥៤ ចំនួន៣គ្រាប់នៅ កន្លែងកើតហេតុបន្ថែមទៀត បន្ទាប់ពីមន្ដ្រី ប៉ូលិសរកឃើញចំនួន៣គ្រាប់ពេលកើតហេតុភ្លាមៗ សរុបគឺសំបកគ្រាប់កា៥៤ ចំនួន៦ គ្រាប់។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ច និងលោកព្រះរាជអាជ្ញាថា រូបគាត់មានឈ្មោះ អ៊ឹម សោរីសុភា អាយុ៤៥ឆ្នាំ មានទីលំនៅ ក្នុងភូមិលង្វែក ឃុំលង្វែក ស្រុកកំពង់ ត្រឡាច។ នៅថ្ងៃកើតហេតុរូបគាត់ត្រូវបាន បងថ្លៃឈ្មោះផុន សារ៉ន អាយុ៤៥ឆ្នាំ មាន ទីលំនៅក្នុងភូមិជាមួយគ្នា និងធ្វើជាទាហាន កងពលតូចអន្ដរាគមន៍លេខ១ មានឋានន្ដរ ស័ក្ដិវរសេនីយ៍ត្រី ហៅទៅផឹកស៊ីនៅផ្ទះរបស់ គាត់ ។ ក្នុងពេលផឹកស៊ីនោះ បងថ្លៃឈ្មោះផុន សារ៉ន បានរករឿង និងបានជេរប្រមាថប្រពន្ធ គាត់ ដោយឃើញបែបនោះ គាត់ក៏បានឃាត់ ព្រមទាំងនិយាយថា បងឯងជេរម្រ៉ាយអី ម៉ែឪស្លាប់អស់ហើយ ។ ភ្លាមនោះឈ្មោះផុន សារ៉ន បានគំហកដាក់គាត់ថា អ្ហែងកុំចេះ ប្រដៅអញ អ្ហែងប្អូនថ្លៃអញទេ ។
គាត់ក៏តប វិញថា បងឯងនិយាយមិនស្ដាប់ខ្ញុំអ៊ីចឹង ទើប បានជាខ្ញុំមិនចង់មកផឹកជាមួយ ហើយគាត់ក៏ បានអុកកែវលើតុបណ្ដាលឱ្យបែក ។ រំពេច នោះបងថ្លៃគាត់បានស្ទុះយកកាំភ្លើងកា៥៤ មកអាមេបញ្ចូលគ្រាប់រួចយកស្នាប់កាំភ្លើង មកអុកពីលើក្បាលគាត់ បណ្ដាលឱ្យបែកហូរ ឈាមកក្លាក់ និងបានបាញ់ពីលើក្បាលគាត់ ចំនួន៣គ្រាប់ទៀត ។ បុរសរងគ្រោះបានបន្ដ ថា ក្រោយពេលបាញ់ហើយ កូនៗគាត់បាន មកយកគាត់ត្រឡប់ទៅផ្ទះវិញ តែត្រូវបងថ្លៃ រូបនោះបាញ់គំរាមឡើងលើចំនួន៤គ្រាប់ បន្ថែមទៀត ។ ពេលគាត់ត្រឡប់មកដល់ផ្ទះ វិញ ក៏ឱ្យគ្រូពេទ្យដេរមុខរបួសឱ្យដែលមាន ចំនួន៣ថ្នេរ និងចាក់ថ្នាំដាក់សេរ៉ូមព្យាបាល រយៈពេល៤ទៅ៥ថ្ងៃហើយនៅតែវិលៗ ទៀត។ ទោះបីជាបែបនេះក្ដី ក៏គាត់មិនបាន ប្ដឹងបងថ្លៃគាត់ដែរ ព្រោះជាបងប្អូន ។
តាមការឆ្លើយបំភ្លឺរបស់ឈ្មោះផុន សារ៉ន ទាហានស័ក្ដិ៤រូបនោះ ប្រាប់សមត្ថកិច្ចកងរាជ អាវុធហត្ថថា ថ្ងៃនោះក្រោយពីផឹកស៊ីស្រវឹង ឈ្មោះអ៊ឹម សេរីសុភា ដែលជាប្អូនថ្លៃគាត់បាន បោកកែវអស់ចំនួន២ ពេលឃើញប្អូនថ្លៃ ស្រវឹងបោកកែវបែបនេះ គាត់ក៏ដេញឱ្យ ត្រឡប់ទៅផ្ទះវិញតែប្អូនថ្លៃរូបនោះនៅក្រាញពុំព្រមទៅ ទើបគាត់ដកកាំភ្លើងខ្លីបាញ់ឡើង លើចំនួន៣គ្រាប់ និងបានយកស្នាប់កាំភ្លើងវ៉ៃ ក្បាលប្អូនថ្លៃ បណ្ដាលឱ្យរបួសបែបនេះទៅ។ នាយទាហានរូបនោះបញ្ជាក់ថា គាត់ពុំបាន បាញ់ក្បាលជនរងគ្រោះនោះទេ គឺរបួសនោះ បណ្ដាលមកពីគាត់វ៉ៃនឹងស្នាប់កាំភ្លើងខ្លី ។
លោកពេញ វិបុល ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ដ បានមានប្រសាសន៍ឱ្យដឹងថា ទោះបីជាសាមីខ្លួនរងគ្រោះមិនបានធ្វើការ ប្ដឹងប្ដល់មែន ប៉ុន្ដែសម្រាប់សមត្ថកិច្ចពិសេស ស្ថាប័នតុលាការ បើដឹងរឿងនេះហើយលាក់ បាំងមិនចាត់ការ គឺខុសនឹងច្បាប់ ព្រោះតាម ច្បាប់អ្នកប្រើប្រាស់អាវុធមិនមែនឱ្យយកមកបាញ់បោះសេរីបែបនេះទេ ចំណែកការបាញ់ បោះនេះ វាមិនស្ថិតក្នុងបេសកកម្មនោះ ឡើយ។ ហេតុនេះលោកបានចាត់ឱ្យកំលាំង សមត្ថកិច្ចប៉ូលិស និងប៉េអ៊ឹម កសាងសំណុំ រឿងនាយទាហានបាញ់បោះខុសច្បាប់នេះ បញ្ចូនទៅតុលាការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ