ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលរងគ្រោះថ្នាក់ការងារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាធារណរដ្ឋ​កូរ៉េ​នឹង​ជួយ​កម្ពុជា​មាន​ទាំង​ថវិកា​ការ​បណ្តុះបណ្តាល​ជំនាញ និង​ចែករំលែក​បទ​ពិសោធន៍​ការងារ​ល្អ​ៗ​មួយ​ចំនួន​ដល់​កម្ពុជា​លើ​ផ្នែក​ស្តារ​នីតិសម្បទា​ទៅ​ដល់​កម្មករនិយោជិត ដែល​ទទួល​រង​នូវ​គ្រោះថ្នាក់​ការងារ ។ ការ​សន្យា​បែប​នេះ ពី​ភាគី​កូរ៉េ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក JAEKAP LEE…

រាជធានី​ភ្នំពេញ ៖ សាធារណរដ្ឋ​កូរ៉េ​នឹង​ជួយ​កម្ពុជា​មាន​ទាំង​ថវិកា​ការ​បណ្តុះបណ្តាល​ជំនាញ និង​ចែករំលែក​បទ​ពិសោធន៍​ការងារ​ល្អ​ៗ​មួយ​ចំនួន​ដល់​កម្ពុជា​លើ​ផ្នែក​ស្តារ​នីតិសម្បទា​ទៅ​ដល់​កម្មករនិយោជិត ដែល​ទទួល​រង​នូវ​គ្រោះថ្នាក់​ការងារ ។

ការ​សន្យា​បែប​នេះ ពី​ភាគី​កូរ៉េ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក JAEKAP LEE អតីតរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្នែក​ស្តារ​នីតិសម្បទា​នៅ​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា​នេះ នៅ​ទីស្តីការក្រសួង​ការងារ ។

ក្នុង​ជំនួប​ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​ចូលរួម​អបអរសាទរ និង​ទទួល​ស្វាគមន៍​យ៉ាង​ក្តៅ​បំផុត​ចំពោះ​វត្តមាន​របស់​លោក JAEKAP LEE ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​លើ​ផ្នែក​ស្តារ​នីតិសម្បទា​ដល់​កម្មករនិយោជិត​របស់​កម្ពុជា​ដែល​ជួបនឹង​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ ។

ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា តាម​រយៈ​បទ​ពិសោធន៍​ការងារ​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​បាន​ចែករំលែក​បទ​ពិសោធន៍​ការងារ​ជួយ​មក​ដល់​កម្ពុជា​ឲ្យ​វិស័យ​មួយ​នេះ​ទទួល​បាន​នូវ​លទ្ធផល​ល្អ ។

ចំណែក​លោក JAEKAP LEE មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយសារ​ឃើញ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​របស់​កម្ពុជា ។ មានបទពិសោធន៍​លើ​កិច្ច​ការងារ​ស្តារ​នីតិសម្បទា​របស់​កម្មករនិយោជិត​ដែល​ទទួល​រង​នូវ​គ្រោះថ្នាក់​ការងារ​នេះ លោក​បាន​បញ្ជាក់​ថា រូប​លោក ធ្លាប់​បាន​ចូលរួម​ចងក្រង​ជា​គោលនយោបាយ​សម្រាប់​គាំពារ​កម្មករនិយោជិត​កូរ៉េ ដែល​ទទួល​រងគ្រោះថ្នាក់​នៅ​កន្លែង​ការងារ និង​ស្តារ​នីតិសម្បទា​ជូន​ពួក​គាត់​អាច​វិល​ត្រឡប់​ទៅ​ធ្វើការ​ដូច​ដើម​វិញ​បាន​។​ក្រុមការងារ​របស់​លោក​នឹង​ជួយ​ក្រុមការងារ​កម្ពុជា​លើ​ផ្នែក​នេះ ដើម្បី​យក​ទៅ​អនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជោគជ័យ​។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន លើក​ឡើង​ថា កាលពី​២០​ឆ្នាំ​មុន កម្ពុជា​មិន​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ដូច​សព្វថ្ងៃ​បែប​នេះ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា ប្រកាន់​ភ្ជាប់​នូវ​សន្តិភាព និង​ការ​រក្សា​បាន​នូវ​ស្ថេ​រ​ភាព​នយោបាយ ទើប​មានការ​អភិវឌ្ឍ​លឿន​បែប​នេះ ។ មាន​សន្តិភាព គឺ​មានឱកាស​ក្នុង​ការ​អភិវឌ្ឍ ។ កម្ពុជា​បើក​ជំហរ​ឲ្យ​មានការ​វិនិយោគ​ទាំង​ខាងក្នុង និង​ខាងក្រៅ មាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​នានា និង​បណ្តា​ប្រទេស​ទាំងអស់​គ្រប់​និន្នាការ ដើម្បី​ស្រូប​ទាញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មាន​សកម្មភាព​រស់​រវើក ។

ពាក់ព័ន្ធ​នឹង​កិច្ចសហការ និង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម អ៊ិ​ត សំ​ហេង លើក​ឡើង​ថា គឺ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ណាស់ បន្ទាប់​ពី​មានដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​សាធារណរដ្ឋ​កូរ៉េ ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ក្លាយជា​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រួម​ទាំង​ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​យើង​ទាំង​ពីរ​ផង​បាន​ផ្តល់​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​ផ្លែផ្កា​ដ៏​ល្អ​បំផុត ។

លំហូរ​នៃ​អ្នក​វិនិយោគ​កូរ៉េ​ចូល​មក​កាន់​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់ បាន​ធ្វើការ​វិនិយោគ​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​។ ចំពោះ​ទំនាក់ទំនង​លើ​វិស័យ​ការងារ​វិញ ឯកឧត្តម​រដ្ឋមន្ត្រី គូសបញ្ជាក់​ថា ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ទទួល​បាន​នូវ​ចំណេះ ជំនាញ ប្រាក់​ចំណូល បទ​ពិសោធន៍​ការងារ រហូត​ក្លាយជា​សហគ្រិនភាព​ដ៏​ចំណាន ។

មួយវិញទៀត លើ​ប្រព័ន្ធ​សុវត្ថិភាព និង​សុខភាព​ការងារ​(OSH) កូរ៉េ​បាន​ផ្តល់​ការ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​មក​ដល់​កម្ពុជា រួម​ជាមួយនឹង​សេវា​ការងារ​ដល់ NEA ផង​ដែរ ។ កូរ៉េ​មានបទពិសោធន៍​ច្រើន​ទាំង​គោលនយោបាយ យន្តការ និង​សេវា​សម្បូរ​បែប​លើ​ការ​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ការងារ​ជូន​ដល់​កម្មករនិយោជិត​របស់​ខ្លួន នឹង​ចែករំលែក​បទ​ពិសោធន៍​ទាំងនេះ​មក​ខាង​ប​.​ស​.​ស យក​ទៅ​អនុវត្ត​ឲ្យ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម​របស់​កម្ពុជា​មក​ដល់​ពេល​នេះ កម្ពុជា​បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន ៣ រួម​មាន ៖ ទី​១.​ផ្នែក​ហានិភ័យ​ការងារ អនុវត្ត​នៅ​ឆ្នាំ​២០០៨, ទី​២.​ផ្នែក​ថែទាំ​សុខភាព អនុវត្ត​នៅ​ឆ្នាំ​២០១៦, និង​ទី​៣.​ផ្នែក​ប្រាក់​សោធន ទើប​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះ ហើយ​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ រយៈពេល ៩០​ថ្ងៃ ផ្សព្វផ្សាយ​ការ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ស្តី​ពី​ការងារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ