ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​ និង​រដ្ឋសភា ​គ្រោង​រៀបចំ​ធ្វើ​សមាជ​នៅ​ដើមខែ​មិថុនា​ ដើម្បី​ជំរុញ​ឧត្តម​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​តប​តាម​សំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​ព្រឹទ្ធសភា​ និង​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​រៀបចំ​សមាជ​រដ្ឋសភា…

រាជធានី​ភ្នំពេញ ​៖ ​តប​តាម​សំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​ព្រឹទ្ធសភា​ និង​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​រៀបចំ​សមាជ​រដ្ឋសភា ​និង​ព្រឹទ្ធសភា នៅ​ក្នុង​ខែមិថុនា​ ខាង​មុខ​នេះ ​។

សមាជ​រដ្ឋសភា ​និង​ព្រឹទ្ធសភា ​ជា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​ទទួលខុសត្រូវ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ផ្តល់​ការ​គាំទ្រ យ៉ាងច្រើន​លើសលប់ មក​លើ​រាជរដ្ឋាភិបាល នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាលពី​ថ្ងៃខែ​កក្កដា ​ឆ្នាំ​២០២៣ កន្លង​នេះ ​។

ជា​ការ​ឆ្លើយ​តប​ចំពោះ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​បែប​នេះ​ហើយ បានជា​រាជរដ្ឋាភិបាល​ស្នើ​សុំ​សភា​ ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ រៀបចំ​សមាជ​រដ្ឋសភា ព្រឹទ្ធសភា ឡើងក្នុង​គោលបំណង​បង្ហាញ​ពី​លទ្ធផល​ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​ នៅ​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ​ ។

រាជរដ្ឋាភិបាល​ អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​បាន​បង្កើត​ឡើង​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី យុត្តិធម៌ គ្មាន​អំពើ​ហិ.​ង្សា កាលពី​ថ្ងៃ​ទី​២៣​ខែកក្កដា ឆ្នាំ​២០២៣ ដោយ​មានការ​ចូលរួម​ពី​គណបក្ស​នយោបាយ ចំនួន ១៨ ហើយ​មាន​ប្រជាពលរដ្ឋ​មានឈ្មោះ​បោះ​ឆ្នោត​ចំនួន ៨៤.៥៩% បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ ។

ជា​លទ្ធផល គណបក្ស​ប្រជាជន​កម្ពុជា ​ទទួល​បានការ​គាំទ្រ លើសលប់​គិត​ជា​ភាគរយ​ប្រមាណ ៨២.៣% នៃ​ចំនួន​អ្នកបោះឆ្នោត ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ។

គណបក្ស​នយោបាយ​ ចំនួន​ពីរ ​ទទួល​បាន​អាសនៈ​នៅ​រដ្ឋសភា​គឺ គណបក្ស​ប្រជាជន​កម្ពុជា ​ទទួល​បាន​១២០​អាសនៈ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ​ទទួល​បាន ៥ អាសនៈ​ ។

ក្រោម​ជំនឿ​ទុកចិត្ត​ដ៏​ច្រើន​លើសលប់​របស់​ប្រជា​ពល​រេ​ដ្ឋ មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ​បែប​នេះ​ហើយ ទើប​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​អគ្គ​មគ្គទេសន៍ ​និង​ជា​ប្រតិបត្តិ​ករ​ឯក​ ក្នុង​ការ​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បម្រើ​ប្រជាពលរដ្ឋ ​ជា​រៀង​រហូត​មក​នោះ បាន​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ប្រកបដោយ​ទស្សនៈ​វែង​ឆ្ងាយ ក្នុង​ការ​ធានា ការពារ​សុខ​សន្តិភាព​យូរអង្វែង​តទៅ​មុខ​ទៀត ជូន​ប្រជាពលរដ្ឋ ដោយ​សម្តេច​បាន​សម្រេច​ផ្ទេរ​ការ​ដឹកនាំ​ប្រទេស​ជូន​ឥស្សរជន​ជំនាន់​ក្រោយ មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​ជា​ឥស្សរជន​វ័យក្មេង ប្រ​កបដោយ​ថាមវន្ត មាន​ឆន្ទៈ​មោះមុត មាន​សីលធម៌​ខ្ពស់ ដឹកនាំ​ប្រទេស​ជាតិ​ជា​បន្ត​។ ការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី និង​រលូន មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ពោល​នៅ​ក្នុង​រយៈពេល​ជាង​៥០០ឆ្នាំ មកនេះ នៅ​ពេល​ដែល​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​អំណាច​ម្តង​ៗ តែង​មាន​វិបត្តិ ជម្លោះផ្ទៃក្នុង ឬ​មាន​សង្គ្រាម​ផ្ទុះ​ឡើងជា​និច្ច​ ។

រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​រៀបចំ​និង ដាក់​ចេញ​នូវ «​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១» ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និង «​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​៦» ព្រមទាំង «​វិធានការ​គន្លឹះ​ចំនួន​៥» ក្នុង​គោលដៅ​បន្ត​រក្សា​ឱ្យ​បាន​រឹង​មាំ​នូវ​ច​លន​ការ​នៃ​សុខ​សន្តិភាព ក៏​ដូច​ជា​ពូន​ជ្រំ​និង​ពង្រឹង​សមិទ្ធផល​នៃ​កិច្ច​អភិវឌ្ឍ​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក និង​ដើម្បី​កសាង​និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ សម្រាប់​ជំរុញ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ ប្រទេស​ជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ស្រប​តាម​ឆន្ទៈ​និង​បំណងប្រាថ្នា ដ៏​ពិសិដ្ឋ​របស់​ប្រជាជន ​។

សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធ​ជា​ឱកាស​វិសេសវិសាល​មួយ​ ដែល​រាជរដ្ឋាភិបាល បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​ចំពោះ​មុខ​ពលរដ្ឋ ដោយនៅ​ក្នុង​នោះ​នឹង​បង្ហាញ​ពី​លទ្ធផល​ការងារ​សម្រេច​បាន​ជិត​២​ឆ្នាំ​មកនេះ ជូន​ពលរដ្ឋ​នៅ​ចំពោះ​មុខ​តំណាងរាស្ត្រ ដែល​ជា​តំណាង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។

សូម​ជម្រាប​ថា យោង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​គឺជា​ការ​ប្រជុំ​រួម​គ្នា​នៃ​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ របស់​ប្រទេស​ជាតិ ក្នុង​ករណី​ចំ​បាច់ ដូច​ជា​៖ ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ឬ ករណី​ប្រធាន​សក្តិ បណ្តាល​ឱ្យ​មាន​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​ដល់​ជាតិ​និង​ប្រជាជន​ឬ ករណី​ផ្សេង​ៗ​ទៀត ដែល​គណៈកម្មការ​ធិ​ការ​សមាជ​យល់​ឃើញ​ថា​ជា​បញ្ហា​សំខាន់​របស់​ប្រទេស​ជាតិ​ ។

ព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយក​រដ្ឋមន្ត្រី អាច​ផ្តួចផ្តើម​ឱ្យ​មានការ​ប្រជុំ​សមាជ​បាន​។ ប្រធាន​សមាជ អញ្ជើញ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ឱ្យ​ចូលរួម​ប្រជុំ​សមាជ​។ ច្បាប់​សមាជ​រដ្ឋសភា​ព្រឹទ្ធសភា បាន​កំណត់​ថា ប្រធាន​ព្រឹទ្ធសភា​ជា​ប្រធាន​សមាជ​។
សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បម្រើ​ឧត្តម​ប្រយោជន៍​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ ។

លទ្ធផល​ចេញពី​សមាជ ជា​លទ្ធផល​ឧត្តុ​ង​ឧត្តម ខ្ពង់ខ្ពស់​បំផុត​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ព្រះរាជកិច្ច​។ សមាជ​រដ្ឋសភា​និង​ព្រឹទ្ធ​សភាព ជា​ដំណើរ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅ​កម្ពុជា ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វា​សា​នា​ប្រទេស​ជាតិ​របស់​ខ្លួន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ