ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈី​វ សេ​លី​ណា កូន​ខ្មែរ​នៅ​កា​ណា​ដា ត្រៀមខ្លួន​ចូលរួម​ក្រុមបាល់ទាត់​នារី​កម្ពុជា​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូន​ខ្មែរ​នៅ​កា​ណា​ដា កីឡាការិនី​ឈី​វ សេ​លី​ណា ទោះបី​មិន​ទាន់​មាន​ទំនាក់ទំនង​

រាជធានី​ភ្នំពេញ ៖ កូន​ខ្មែរ​នៅ​កា​ណា​ដា កីឡាការិនី​ឈី​វ សេ​លី​ណា ទោះបី​មិន​ទាន់​មាន​ទំនាក់ទំនង​ពិតប្រាកដ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ជា​ផ្លូវការ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​កីឡាការិនី​​រូប​​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា នាង​បាន​ត្រៀមខ្លួន​គ្រប់ពេល​ដើម្បី​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

ទន្ទឹម​គ្នា​នេះ​ដែរ លោក​ប្រាក់ វុ​ទ្ធី គ្រូ​ជម្រើសជាតិ​បាល់ទាត់​នារី​កម្ពុជា ក៏​គ្រោង​កោះហៅ​កីឡាការិនី
រូប​នេះ​ឱ្យមក​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់​នារី​កម្ពុជា​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

កីឡាការិនី ឈី​វ សេ​លី​ណា មាន​ឪពុក​និង​ម្ដាយ​ជា​ជនជាតិ​ខ្មែរ បាន​ទៅ​រស់នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ក្នុងអំឡុងពេល​សង្គ្រាម នាង​បាន​កើត​នៅ​ក្នុង​ទីក្រុង​Montreal​ប្រទេស​កា​ណា​ដា​ក្នុង​ឆ្នាំ​២០០២ ។

បច្ចុប្បន្ន​នាង​មាន​អាយុ​២០​ឆ្នាំ​ហើយ កីឡាការិនី​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​ពេញចិត្ត​ចូលរួម ប្រសិនបើ​មាន​កោះហៅ​ពី​គ្រូបង្វឹក​ឬ​ក៏​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។ នាង​បាន​បញ្ជាក់​ច្បាស់​ពី​ការ​ត្រៀមខ្លួន​គ្រប់ពេល​ដើម្បី​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​។ នាង​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត ។ រៀងរាល់ថ្ងៃ​នាង​ខំប្រឹង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​រដូវក្ដៅ​នាង​ហ្វឹកហាត់​មួ​យស​ប្ដា​ហ៍​៦​ថ្ងៃ តែបើ​នៅ​រដូវ​ត្រជាក់​ហ្វឹកហាត់​បន្តិចបន្តួច​ប៉ុណ្ណោះ ។ កីឡាការិនី​រូប​នេះ​ប្រាប់​ឱ្យ​ដឹង​ថា ចំពោះ​អាកាសធាតុ​វិញ​គឺ​មាន​បញ្ហា​បន្តិចបន្តួច ព្រោះ​នាង​រស់នៅ​ប្រទេស​នៅ​កា​ណា​ដា ស៊ាំនឹង​អាកាសធាតុ​ទៅ​ហើយ ប៉ុន្តែ​នាង​គិត​ថា​អាច​សម្របសម្រួល​ជាមួយនឹង​អាកាសធាតុ​ស្រុក​ខ្មែរ​បាន ។

កីឡាការិនី ឈី​វ សេ​លី​ណា ប្រាប់​ថា នាង​ធ្លាប់​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​ទល់​នឹង​ក្រុម​ជម្រើសជាតិ​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ក៏​ធ្លាប់​បាន​ទស្សនាការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិការណ៍​AFF Women´s Championship ឃើញ​ថា ក្រុម​គេ​ខ្លាំង​ជាង​កម្ពុជា បើ​ងាក​មក​មើលក្រុមបាល់ទាត់​នារី​កា​ណា​ដា​វិញ​កាន់តែ​ខ្លាំង​ថែម​ទៀត​។

កីឡាការិនី​ខ្មែរ​សញ្ជាតិ​កា​ណា​ដា​ដែល​បច្ចុប្បន្ន​មាន​វ័យ​២០​ឆ្នាំ កម្ពស់​១,៦៣​ម៉ែត្រ មាន​ជំនាញ​ប្រើ​ជើង​ខាងស្ដាំ និង​អាច​លេង​បាន​ក្នុង​តួនាទី​ជា​ខ្សែការពារ ខ្សែបម្រើ និង​ខ្សែបម្រើ​ស្លាប ។ នាងបាន​​ចាប់ផ្ដើម​លេង​បាល់​តាំងពី​នៅ​អាយុ​៥​ឆ្នាំ និង​បាន​ចូលរួម​ក្នុង​ក្រុម​នៅ​អាយុ​១២​ឆ្នាំ ។ អាយុ​១៥​ឆ្នាំ​នាង​បាន​ចូល​លេង​នៅ​ក្នុង​កម្រិត​Elite ជាមួយ​ក្រុម​Quebec(AAA)​។ អាយុ​១៨​ឆ្នាំ​នាង​បាន​ចូល​លេង​ក្នុង​កម្រិត​ពាក់​កណ្ដា​អាជីព ហើយ​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្លិប​CS MRO Qutremont U21 AAA​ដែល​ជា​ក្រុម​ចំណុះ​ឱ្យ​CS MRO Qutremont AAA​ក្នុង​ក្រប​ខណ្ឌ​អាជីព ស្មើនឹងលី​ក​៣​នៅ​កា​ណា​ដា ដែល​ជា​ក្លិប​ចុង​ក្រោយ​ក្នុង​ចំណោម​ក្លិប​ជា​ច្រើន​ដែល​នាង​ធ្លាប់​លេង​ឱ្យ​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ