ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុំ ចំរើន និង ​ឡុ​ង សុវណ្ណ​ឌឿ​ន ប៉ះ​កីឡាករ​ឡាវ ​និង​ថៃ ​ជា​ថ្មី​លើ​រេញ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៨ មក​រា ខាន​ស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​២ ​រវាង​កីឡាករ​កម្ពុជា និង​បរទេស​កាន់តែ​ឡើង​កម្ដៅ​យ៉ាង​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៨ មក​រា ខាន​ស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​២ ​រវាង​កីឡាករ​កម្ពុជា និង​បរទេស​កាន់តែ​ឡើង​កម្ដៅ​យ៉ាង​ក្ដៅ​គគុក ។ សមាសភាព​កីឡាករ​កម្ពុជា​ដែល​ឡើង​ប្រកួត​ដណ្ដើម​យក​៣​ពិន្ទុ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ មាន​កីឡាករ ​អ៊ុំ ចំរើន និង​កីឡាករ​ ឡុ​ង សុវណ្ណ​ឌឿ​ន ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​ឡាវ ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​លើ​សង្វៀន ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២ ​នេះ ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​ដាច់​ឆ្ងាយ​តែ​ម្ដង ​បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​កម្ពុជា និង​បរទេស​សុទ្ធតែ​ល្អ ហើយ​ម្នាក់​ៗ​បញ្ចេញថ្វីដៃ​មើលទៅ​គួរ​ឱ្យ​ទាក់ទាញ​រៀងខ្លួន ។

កីឡាករ​កម្ពុជា​២​រូប ​រួម​មាន​ជើង​ខ្លាំង អ៊ុំ ចំរើន និង​ ឡុ​ង សុវណ្ណ​ឌឿ​ន នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ឡាវ និង​ថៃ​។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប ​បាន​ចាប់ឆ្នោត​ប៉ះ​គ្នា​ជា​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ ដោយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​៣​ពិន្ទុ ហើយ​អ្នក​ចាញ់​ទទួល​​បាន​១​ពិន្ទុ ។ ការ​ប្រកួត​រវាង ​ឡុ​ង សុវណ្ណ​ឌឿ​ន និង​គូប្រកួត អាច​នឹង​ក្លាយជា​ការ​កាត់ក្ដី ​ដើម្បី​កំណត់​ថា ​កីឡាករ​ខ្មែរ​រូប​នេះ​អាច​បន្ត​ការ​ប្រកួត ​ឬ​ធ្លាក់​ហាលអាវ ។

លោក​ថា កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​ចង់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​ខា​រ៉ា​បាវ និង​ទទួល​បាន​ប្រាក់​លាន អម​​ដោយ​កិត្តិយស​មុខមាត់ ។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​យក​បាន​៣​ពិន្ទុ​នៅ​ស​ប្ដា​ហ៍​នេះ​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធ​តែ​​បាន​ត្រៀម​ទុក​ពី​ចម្ងាយ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា ជើង​ខ្លាំង​២​រូប​ខាងលើ​ នឹង​បើក​ឆាកប្រយុទ្ធ​សម្រាប់​សប្ដា​ហ៍​ទី​៤ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ ។ កីឡាករ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​​ឈ្មោះ​ ថាវ ពួ​ឡាក់​វង់ ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​ដណ្ដើម​ពិន្ទុ​នៅ​ក្នុង​ព្រឹត្តិការណ៍ ដោយ​ជំនួប​រវាង​ពួក​គេ ​គឺ​បាន​កើតឡើង​ដោយសារ​តែ​ការ​ចាប់ឆ្នោត និង​ការ​រៀបចំ​រូបមន្ត​ប្រកួត​ដែល​ចាត់ចែង​ឡើង​ដោយ​ក្រុម​គណៈកម្មការ​បច្ចេកទេស ។ លោក​ថា កីឡាករ អ៊ុំ ចំរើន ចាត់​ទុក​ថា ​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​នា​ពេល​កន្លង​មក បើ​ទោះ​ជា​២​ប្រកួត​របស់​គេ​​មិន​ទាន់​បាន​ឈ្នះ​មួយ​លើក​នៅឡើយ​ក្ដី ទើប​លោក​ជឿ​ថា ការ​ប្រកួត​របស់​គូ​នេះ​នឹង​កន្ត្រាក់​អារម្មណ៍​មិនធម្មតា ។

លោក​ថា កីឡាករ​កម្ពុជា​៤​រូប និង​បរទេស​៤​រូប​សុទ្ធតែ​ខ្លាំង និង​មាន​សមត្ថភាព ហើយ​លោក​ក៏​មិន​ទាន់​ច្បាស់​ភាគី​ណាមួយ​នឹង​កាន់​ពាន​សម្រាប់​រដូវ​កាល​នេះ​ដែរ ក្នុង​ពេល​មានការ​ប្រកាស​ថា ស្ថានីយ​របស់​លោក​មិន​កាន់ជើង​ថា​ទាល់តែ​ខ្មែរ ​ទើប​ឱ្យ​ឈ្នះ​ខុស​ពី​បច្ចេកទេស​ប្រកួត​ជាក់ស្ដែង​ដែល​កីឡាករ​ម្នាក់​ៗ​ធ្វើ​បាន​នោះ​ទេ ។ លោក​ជឿជាក់​ថា កីឡាករ ​អ៊ុំ ចំរើន នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ទោះបី​គេ​ឈ្នះ​ក៏​មិន​បាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ លោក​ថា កីឡាករ​រូប​នេះ​ ត្រូវការ​ឈ្នះ​ ដើម្បី​លុប​លាង​ភាព​អាម៉ាស់ ព្រោះ​បើ​ចាញ់​លើក​នេះ​ទៀត ​ពិតជា​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​មិន​ខាន ។

លោក​រំពឹង​ថា ការ​ប្រកួត​បើក​ឆាក​របស់​គូ​អន្តរជាតិ​នេះ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងក្លា ដោយសារ​កីឡាករ​ឡាវ​ គឺ​ត្រូវការ​ឈ្នះ​ ដើម្បី​ឈាន​ឡើង​ទៅ​វគ្គ​បន្ត ហើយ​កីឡា​ករ​កម្ពុជា ​ក៏​ត្រូវការ​សង្គ្រោះ​ប្រជាប្រិយភាព ។ កីឡាករ​ឡាវ ​ថាវ ពួ​ឡាក់​វង់ ធ្លាប់​ប្រកួត​១០៣​លើក ឈ្នះ​៨២​លើក ចាញ់​១៩​លើក និង​ស្មើ​២​លើក ​ក្នុង​ពេល​កីឡាករ​កម្ពុជា​ឆ្លង​កាត់​ការ​ប្រកួត​រហូត​ដល់​១០២​លើក ឈ្នះ​៧០​លើក និង​ចាញ់​៣២​លើក ។

សម្រាប់​កីឡាករ ​ឡុ​ង សុវណ្ណ​ឌឿ​ន  លោក​ញាណ សុធី បញ្ជាក់​ថា គេ​កាន់តែ​បញ្ចេញថ្វីដៃ​មិនធម្មតា​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កេង កាត់ ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​នេះ ។ លោក​ថា កាលពី​លើក​ទី​១ និង​លើក​ទី​២ កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន ជា​អ្នក​ឈ្នះ​បាន​៣​ពិន្ទុ​ជាប់​រហូត ទើប​លោក​រំពឹង​ថា ការ​ប្រកួត​ថ្ងៃ​ខាន​ស្អែក​ក៏​នឹង​មាន​លទ្ធ​ផល​ដដែល ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩២​លើក ឈ្នះ​៨១​លើក ចាញ់​១០​លើក ​និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​ដល់​៩៧​លើក ឈ្នះ​៨៣​លើក ចាញ់​៩​លើក និង​ស្មើ​៥​លើក ទើប​លោក​រំពឹង​ថា បទ​ពិសោធន៍​ល្អ​ជាង​របស់​កីឡាករ​កម្ពុជា​នឹង​ជួយ​ឱ្យ​គេ​នៅ​តែ​មាន​ពិន្ទុ​នាំមុខ ៕