ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​បែប​ណា​នៅ​ពេល​កើត​មាន​បញ្ហា​ហូរ​ឈាម​តាម​ច្រមុះ?

7 ឆ្នាំ មុន

អាការ​មាន​ឈាម​ហូរ​តាម​ច្រមុះ ដែល​ជា​ទូទៅ​យើង​ច្រើន​ហៅ​ថា អន្ទង់​ចាក់​ច្រមុះ ហើយ​នៅ​ពេល​កើតរោគ​បែប​នេះ​អ្នកខ្លះ​តែងតែ​យក​ទឹក​មក​ចាក់​ពីលើ​ក្បាល ដោយ​ងើយ​មុខ​ឡើង​ដើម្បី​ឲ្យ​បាត់​ហូរ​ឈាម​តាម​ច្រមុះ ។ ការ​ធ្វើ​បែប​នេះ

អាការ​មាន​ឈាម​ហូរ​តាម​ច្រមុះ ដែល​ជា​ទូទៅ​យើង​ច្រើន​ហៅ​ថា អន្ទង់​ចាក់​ច្រមុះ ហើយ​នៅ​ពេល​កើតរោគ​បែប​នេះ​អ្នកខ្លះ​តែងតែ​យក​ទឹក​មក​ចាក់​ពីលើ​ក្បាល ដោយ​ងើយ​មុខ​ឡើង​ដើម្បី​ឲ្យ​បាត់​ហូរ​ឈាម​តាម​ច្រមុះ ។ ការ​ធ្វើ​បែប​នេះ​ជួន​ក៏​មាន​ប្រសិទ្ធភាព ជួន​ក៏​មិន​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​វិធី​ដែល​ល្អ​ដើម្បី​ការពារ​មិន​ឱ្យ​ហូរ​ឈាម​តាម​ច្រមុះ​កាន់តែ​ច្រើន​នោះ គួរ​អនុវត្ត​វិធីសាស្ត្រ​ដូច​ខាងក្រោម ៖

-​អង្គុយ​ឲ្យ​ស្ងៀម​ដោយ​ដកដង្ហើម​ថ្នម​ៗ
-​ត្រូវ​យកដៃ​ច្របាច់​ច្រមុះ​ទាំង​សងខាង​រយៈពេល​១០​នាទី
-​មិន​ត្រូវ​គ្រវី​ច្រមុះ
-​បើសិនជា​នៅ​តែ​មិន​បាត់​ត្រូវ​ចុក​រន្ធ​ច្រមុះ​ដោយ​សំឡី
– ដេក​ដាក់​ក្បាល​ឲ្យ​ខ្ពស់​ជាង​បេះដូង​រួច​យក​ទឹកកក​មក​ស្អំ​នៅ​លើ​ច្រមុះ
-​បន្ថយ​ឬ​បញ្ឈប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​និង​បារី
-​តម​ទឹកកក ទឹក​ក្តៅ​ឲ្យ​បាន​យ៉ាងតិច​២៤​ម៉ោង ។

ចំពោះ​មនុស្ស​ចាស់​នៅ​ពេល​ឈាម​ហូរ​ពី​ផ្នែក​ខាងក្រោយ​នៃ​ច្រមុះ​គឺ​មិន​អាច​ឃាត់ឈាម​ដោយ​ការ​ច្របាច់​ច្រមុះ​បាន​ទេ ក្នុង​ករណី​នេះ​លោក​អ្នក​គួរតែ​យក​ស្នូលពោត​ឬ​វត្ថុ​ដែល​មាន​សណ្ឋាន​ស្រ​ដៀង​គ្នា​នេះ​ខាំ​នៅ​ជាប់​នឹង​ធ្មេញ​ហើយ​ឱន​មុខ​ទៅ​ក្រោម​បន្តិច អង្គុយ​ឲ្យ​ស្ងៀម​រហូត​ឈាម​ឈប់​ហូរ តែ​មិន​ត្រូវ​លេប​ឈាម​នោះ​ទៅ​ក្នុង​ពោះ​ទេ ។

ចំណុច​ដែល​គួរ​ចំណាំ​សញ្ញា​មួយ​ចំនួន នៅ​ពេល​ហូរ​ឈាម​ច្រមុះ​ខ្លាំង​មិន​ព្រម​បាត់ ៖

-​អ្នកជំងឺ​អាច​មាន​អារម្មណ៍​ថា​អស់កម្លាំង​ទាំង​ក្នុង​ពេល​ហូរ​ឈាម​ច្រមុះ ឬ​ក៏​ក្រោយ​ពេល​ហូរ​ឈាម​ច្រមុះ​។
-​មានការ​ប៉ះទង្គិច​ជាមួយ​វត្ថុ​ផ្សេង​ៗ​ឬ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​ហូរ​ឈាម​ច្រមុះ ។
-​បាត់បង់​សតិ ឬ​ក៏​សន្លប់​ស្តូកស្តឹង
-​ស្រវាំងភ្នែក​មើល​មិន​ច្បាស់
-​មាន​ហូរ​ឈាម​ច្រមុះ​លាយ​ជាមួយ​គ្រុនក្តៅ ឈឺក្បាល ។

អាការ​ទាំង​អស់នេះ​ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក ត្រចៀក ច្រមុះ បំពង​ក ឬ​គ្រូពេទ្យ​ឯកទេស​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះ​បើសិនជា​ការ​ហូរ​ឈាម​ច្រមុះ​ហូរ​លើស​ពី​៤​ម៉ោង អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត​បាន​។ បើ​តាម​ការ​ស្រាវជ្រាវ​កន្លង​មក ការ​បរិភោគ​ផ្លៃ​ក្រូច ប៉េង​បោះ និង​ផ្លែ​ឈើ​ដទៃ​ទៀត អាច​ជួយ​ពង្រឹង​សរសៃឈាម​វ៉ែន ជួយ​បញ្ចៀស​ការ​ហូរ​ឈាម​តាម​ច្រមុះ​បាន​មួយ​ផ្នែក ៕