ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ មុន្នី​ឧត្តម ប្រកាស​ឈប់​ថតកុន និង​មិន​ថត​ស្ព​ត​គ្រឿង​ស្រវឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយពី​បញ្ចប់​ពិធី​មង្គលការ​កាលពី​ថ្ងៃ​ទី​២២ មក​រា គេ​កត់​សម្គាល់ថា ចំណង​ស្នេហ៍​របស់​កីឡាករ​រូប​នេះ​មានការ​ខ្ចរខ្ចាយ​ព័ត៌មាន​បាន​ឆ្ងាយ​គួរសម ដោយ​ត្រូវ​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ក្រៅប្រទេស​មួយ​ចំនួន​ចុះ​

រាជធានី​ភ្នំពេញ ៖ ក្រោយពី​បញ្ចប់​ពិធី​មង្គលការ​កាលពី​ថ្ងៃ​ទី​២២ មក​រា គេ​កត់​សម្គាល់ថា ចំណង​ស្នេហ៍​របស់​កីឡាករ​រូប​នេះ​មានការ​ខ្ចរខ្ចាយ​ព័ត៌មាន​បាន​ឆ្ងាយ​គួរសម ដោយ​ត្រូវ​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ក្រៅប្រទេស​មួយ​ចំនួន​ចុះ​ផ្សាយ​ផង​ដែរ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍ ​គឺ​លោក​បាន​បញ្ជាក់​ថា ​មិន​ទទួល​ថត​ផ្សាយ​គ្រឿង​ស្រវឹង និង​ឈប់​ថតកុន​ទៀត​​ហើយ ដើម្បី​កុំឱ្យ​បែក​អារម្មណ៍ ហើយ​ធ្វើ​ឱ្យ​គុណភាព​កីឡាបាល់ទាត់​ធ្លាក់​ចុះ ។

លោក ប្រាក់ មុន្នី​ឧត្តម និយាយ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​មាន​ខាង​ផលិតករ​ទាក់ទង​ឱ្យ​លោក​ថតកុន​យ៉ាងច្រើន បន្ទាប់​ពី​លោក​ថត​បាន​មួយ​រឿង​កាលពី​ឆ្នាំ​២០១៥ ​ហើយ​ទទួល​ជោគជ័យ ។ ខ្សែ​រឿង​ដែល​លោក​សម្ដែង​នោះ​ជា​លើក​ទី​១ ប៉ុន្តែ​ក៏​ជា​ប្រវត្តិសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​នៅ​ក្នុង​វិស័យ​សម្ដែង​មិន​ធ្លាប់​មាន​ផង​ដែរ តែ​លោក​បាន​បញ្ជាក់​ថា គម្រោង​ថត​ជា​ថ្មី​នៅ​តែ​មិន​មាន ។

លោក​ថា ការ​ថត​រឿង​ក៏​ជា​ចំណូលចិត្ត​របស់​លោក​ដែរ ប៉ុន្តែ​មក​ពី​លោក​មិន​ចង់​ខាត​ពេល​ត្រៀមខ្លួន​ក្នុង​ការ​សម្ដែង​រឿង និង​មិន​ចង់ប្រឡាក់ប្រឡូស​នាំ​ឱ្យ​មានការ​រិះគន់​ ទើប​លោក​សម្រេចចិត្ត​មិន​ទទួលយក ។ លោក​និយាយ​ថា ៖ «​ការ​ថតកុន​ខ្ញុំ​ស្រឡាញ់​ដដែល​តើ ប៉ុន្តែ​ខ្ញុំ​ចេះ​តែ​ខ្លាច​ពេល​យើង​សម្ដែង​អត់​ដល់​ប្លង់​អី​ទៅ គេ​រិះគន់ ទើប​សម្រេចចិត្ត​អត់​ទទួល ​និយាយ​រួម​ឱ្យ​ថ្លៃ​ប៉ុន្មាន​ក៏​អត់​ទទួល​ដែរ​» ។ លោក​ថា ការ​សម្ដែង ​គឺជា​ច​លករ​ដែល​ជួយ​លោក​ឱ្យ​មាន​គេ​ស្គាល់​ច្រើន ប៉ុន្តែ​ការ​សម្ដែង​ក៏​ធ្វើ​ឱ្យ​លោក​ខាត​ពេល​ហ្វឹក​ហាត់​​ប៉ះពាល់​ការ​ប្រកួត​ផង​ដែរ ជា​ពិសេស​បន្ទាប់​ពី​លោក​ទទួល​សម្ដែង​ភាពយន្ត​ខ្នាត​ធំ ​កាលពី​ឆ្នាំ​២០១៥ ហើយ​មានការ​ប៉ះពាល់​ការ​ប្រកួត​ខ្លះ​ៗ ។ លោក​ថា ខ្សែ​រឿង​នោះ​មាន​​ចំណងជើង​ថា «​មេ​កប់​ស៊េរី​» ដោយ​ទទួល​បានការ​គាំទ្រ​តាំងពី​ពេល​ដាក់​បញ្ចាំង​រហូត​ដល់​ក្រោយ​ពេល​ទម្លាក់​ផ្លា​ក ដោយ​ខាង​ផលិតករ​បាន​ទទូច​ឱ្យ​លោក​ជួយ​សម្ដែង​១​រឿង​២​រឿង​បន្ថែម​នោះ​ផង តែ​លោក​សម្រេចចិត្ត​មិន​ទទួល ។ លោក​ថា​ ៖ «​ផលិតករ​គាត់​ហៅ​លេង​ច្រើន​តាំងពី​ថត​មួយ​រឿង​ហ្នឹង តែ​ខ្ញុំ​ឈប់​លេង​ហើយ អត់​ចង់ឱ្យ​គេ​ថា ​យើង​កីឡាករ​ទៅ​ថតកុន​អី​ទៀត​ទេ​!» ។ ជាមួយនឹង​ការ​ប្រកាន់​ជំហរ​មិន​ទទួល​ថតកុន​ដូច​មុន លោក​ក៏​ប្រកាស​ថា មិន​ទទួល​ថត​ស្ព​ត​ណាមួយ​ដែល​មាន​ទម្រង់​ជា​ការ​ផ្សព្វផ្សាយ​ស្រា  ឬ​គ្រឿង​ស្រវឹង​នោះ​ដែរ »​។

លោក ប្រាក់ មុន្នី​ឧត្តម បញ្ជាក់​ថា បើ​ទោះជា​លោក​មិន​បាន​រួមចំណែក​ជួយ​សង្គម តែ​លោក​មិន​ធ្វើ​សកម្មភាព​ណាមួយ​ដែល​បំផុស​ឱ្យ​យុវវ័យ និង​មហាជន​ជា​អ្នកគាំទ្រ​ចាប់​អារម្មណ៍​គ្រឿង​ស្រវឹង​នៅ​គ្រប់​វត្តមាន​របស់​លោក​នោះ​ដែរ ។ លោក​ថា កីឡាករ​ដែល​មាន​អ្នកគាំទ្រ​ច្រើន និង​តារា​ល្បីឈ្មោះ ការ​ផ្សព្វផ្សាយ​បែប​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទើប​លោក​ប្រឆាំង​ដាច់ខាត​មិន​ពាក់ព័ន្ធ​ទេ​ ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម​ដែល​ត្រូវការ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ លោក​ប្រកាស​ថា មិន​ថា​ស្ព​ត មិន​ថា​សកម្មភាព​ឱ្យ​លោក​ថត​លេង​នៅ​ក្រោយ​ផ្លា​ក​យីហោ​គ្រឿង​ស្រវឹង គឺ​ទោះជា​ត្រូវ​បាន​ប្រាក់​ប៉ុន្មាន​ក៏​លោក​មិន​ថត​នោះ​ដែរ ដើម្បី​គេច​ចេញពី​ការ​ពង្វក់​ដល់​អ្នកគាំទ្រ​ឱ្យ​ចាប់អារម្មណ៍​គ្រឿង​ស្រវឹង​នោះ ។

អីុចឹង​ហើយ​ទើប​គេ​កត់​សម្គាល់ថា សូ​ម្បី​តែ​ពេល​ចូលរួម​ក្នុង​កម្មវិធី​ផ្សេង​លោក​កម្រ​ពិសា​គ្រឿង​ស្រវឹង ហើយ​បើ​អ្នក​សុំ​ថត​លើក​កែវ​ស្រា ឬ​ដប​ស្រា​មក​ថត​ជាមួយ​លោក គឺ​លោក​​សំណូមពរ​ឱ្យ​ទម្លាក់​ចេញ ។ នេះ​ជា​ជំហរកម្រ​មួយ​របស់​បុគ្គល​ល្បី​ដែល​ខុស​ពី​តារា​មួយ​ចំនួន​ដែល​ប្រើ​កិត្តិ​ស័ព្ទ​ល្បីល្បាញ​របស់​ខ្លួន​ទទួល​ថត​ស្ព​ត​ស្រា​បៀរ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់ ដោយ​មិន​ខ្វល់​ថា​ បាន​រួមចំណែក​បំផុស​ឱ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ក្នុង​សង្គម ។ លោក​ថា ខ្លួន​មិន​ទទួល​ថតកុន និង​ថត​ស្ព​ត​គ្រឿង​ស្រវឹង​ គឺជា​ការ​យល់​ឃើញ​របស់​ខ្លួន តែ​សម្រាប់​បុគ្គល​ដែល​គេ​ថត​បាន​លោក​ថា មិនមែន​ជា​រឿង​ដែល​ត្រូវ​រិះគន់​នោះ​ទេ ដោយសារ​តែ​នោះ​គឺជា​ការងារ​របស់​ពួក​គាត់ ហើយ​ពេល​ខ្លះ​ដ្បិតថា ​តារា ឬ​បុគ្គល​ដែល​​មាន​ប្រជាប្រិយភាព​ទទួល​ថត​ស្ព​ត​ស្រា​បៀរ​អីុចឹង​មែន តែ​ចិត្ត​ពួក​គាត់​ក៏​មិនសូវ​គាំទ្រ​ដែរ ។

ប្រាក់ មុន្នី​ឧត្តម បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ប្រកួត​លក់​សំបុត្រ​យក​លុយ​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា លោក​មាន​គម្រោង​នាំ​ភរិយា​ថ្មោងថ្មី​របស់​ខ្លួន​ទៅ​កម្សាន្តនៅ​ប្រទេស​ថៃ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​ប្រហែលមិន​បាន​ទៅ​ច្រើន​ជាង ដោយសារ​តែ​ចំ​ឱកាស​ចូល​ឆ្នាំ​ចិន​ដែល​ត្រូវ​ជួបជុំ​សាច់ញាតិ​ផង និង​រវល់​ហ្វឹកហាត់​ត្រៀម​ប្រកួត​ផង ។ លោក​ថា គម្រោងចេញ​ក្រេបទឹក​ឃ្មុំ​នៅ​ក្រៅប្រទេស​អាច​នឹង​ត្រូវ​រំសាយ ប៉ុន្តែ​មិន​មាន​ន័យ​ថា មិន​មាន​នោះ​ទេ គឺ​លោក​នឹង​នៅ​តែ​រក​ឱកាស​ចេញ​កម្សាន្ត​ជា​លក្ខណៈ​គូ​ស្នេហ៍​នៅ​ពេល​ណាមួយ​ បន្ទាប់​ពី​ការ​ប្រកួត​បាន​រយាល ។ លោក​ក៏​បាន​ឆ្លើយ​តប​នឹង​ការ​លេចឮ​ដែល​ថា លោក និង​ភរិយា​ទទួល​បាន​ចំណងដៃ​កប់​ក្ដោង​ថា ​ជា​រឿង​មិន​ពិត​នោះ​​ដែរ ។ លោក​ថា មង្គលការ​ខ្លួន​បាន​ចំណាយ​អស់​ជាង​៤​ម៉ឺន​ដុល្លារ ហើយ​លទ្ធផល​ចំណងដៃ​ដែល​ទទួល​បាន គឺ​មិន​គ្រប់​សម្រាប់​ចំណាយ​នោះ​ទេ មិន​ដូច​ព័ត៌មាន​ដែល​ថា លោក​សល់​ពី​ការ​ចំណាយ​ច្រើន​ម៉ឺន​នោះ​ឡើយ ។ លោក​ថា មង្គលការ​នោះ បើសិន​ទូទាត់​ គឺ​ខាត​តិចតួច តែ​លោក​មិន​ចាត់​ទុក​ថា ​នោះ​ជា​រឿង​ធំដុំ​ទេ សំខាន់​គឺ​លោក​សប្បាយ​ចិត្ត​ដែល​មាន​បងប្អូន​ជា​ភ្ញៀវ​កិត្តិយស​ចូលរួម​មង្គលការ​លោក​ច្រើន ៕