ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រី​យ៉ា​ត្លុង​កម្ពុជា​បង្កើន​បច្ចេកទេស​របស់​ខ្លួន​ត្រៀម​ស៊ី​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ងិ​ន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បានលើក​​​

រាជធានី​ភ្នំពេញ ៖ លោក ងិ​ន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បានលើក​​​ឡើង​ថា ក្រុម​កីឡាករ​-​កីឡាការិនី​ទ្រី​យ៉ា​ត្លុង​ជម្រើសជាតិ​កម្ពុជា​ចំនួន​១៤​នាក់ ​(​កីឡាការិនី​៥
នាក់​)​កំពុង​បង្កើន​ការ​ហ្វឹកហាត់​នៅ​ខេត្ត​កែប ក្រោម​ការ​បង្វឹក​ពី​គ្រូបង្វឹក​៤​នាក់ ក្នុង​នោះ​មាន​គ្រូបង្វឹក​អន្តរជាតិ​ម្នាក់​ជា​ជនជាតិ​ណូ​វែ​ល​សេ​ឡង់​។

បន្ទាប់​ពី​មានការ​កំណត់​ជា​គោលការណ៍​ផ្លូវការ​ពី​ក្រុមប្រឹក្សា​កីឡា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​លើ
ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​មាន​ចំនួន​៧​វិញ្ញាសា​នោះ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​សម្រុក​បង្កើន​គុណភាព​បច្ចេកទេស​របស់​ក្រុម​ជម្រើសជាតិ​កាន់តែ​មុត​ស្រួច ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

សម្រាប់​វិញ្ញាសា​អា​គ័​រ​ត្លុង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​លើក​ដំបូង ដោយ​ម្ចាស់ផ្ទះ​កម្ពុជា ដោយ​កន្លង​មក​មិន​ធ្លាប់​ដាក់​បញ្ចូល​នោះ​ឡើយ ។ បំណង​នៃ​ការ​ដាក់​បញ្ចូល​វិញ្ញាសា​១​បន្ថែម​នេះ គឺ​សំដៅ​ស្វែងរក​ឱកាស​កាន់តែ​ច្រើន ដើម្បី​គោលដៅ​ក្នុង​ការ​ប្រជែង​មេដាយមាស​១​គ្រឿង ដោយ​វិញ្ញាសា អា​គ័​រ​ត្លុង​នេះ គឺជា​ក្តី​សង្ឃឹម​ខ្ពស់​ជាងគេ​។

៧​វិញ្ញាសា ដែល​ត្រៀម​ដាក់​បញ្ចូល​ក្នុង​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ មាន​ដូច​ជា វិញ្ញាសា​អា​គ័​រ​ត្លុង ឯកត្តជន​បុរស​-​នារី ដោយ​ត្រូវ​ហែល​ទឹក​៥០០​ម៉ែត្រ រត់​ចម្ងាយ​២,៥​គីឡូម៉ែត្រ​, វិញ្ញាសា​ក្រុម​អា​គ័​រ​ត្លុង​បុរស​២​នាក់​-​នារី​២​នាក់ មាន​ហែល​ទឹក​៥០០​ម៉ែត្រ រត់​ចម្ងាយ​២,៥​គីឡូម៉ែត្រ​, វិញ្ញាសា​ឌូ​យ៉ា​ត្លុង ឯកត្តជន​បុរស រត់​ចម្ងាយ ៥​គីឡូម៉ែត្រ ជិះ​កង់ ២០​គីឡូម៉ែត្រ រត់​ចម្ងាយ ២,៥​គីឡូម៉ែត្រ​, វិញ្ញាសា​ឌូ​យ៉ា​ត្លុង​ឯកត្តជន​នារី រត់​ចម្ងាយ ៥​គីឡូម៉ែត្រ ជិះ​កង់ ២០​គីឡូម៉ែត្រ និង​ចុង​ក្រោយ​រត់​ចម្ងាយ ២,៥​គីឡូម៉ែត្រ​, វិញ្ញាសា ទ្រី​យ៉ា​ត្លុង ឯកត្តជន​បុរស​-​នារី ហែល​ទឹក​៧៥០​ម៉ែត្រ ជិះ​កង់​២០​គីឡូម៉ែត្រ រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​។

លោក​អគ្គលេខាធិការ​រូប​នេះ​បាន​អះអាង​ថា ចំនួន​៧​វិញ្ញាសា​នេះ សម​ល្មម​សម្រាប់​កីឡាករ កីឡាការិនី​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​សម្រាប់​ការ​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម
ជា​លើក​ដំបូង​នេះ ។ លោក​បន្ថែម​ថា បើ​និយាយ​ពី​ប្រវត្តិ​ស៊ី​ហ្គេ​ម​៣២​លើក ស្មើនឹង​៦៤​ឆ្នាំ រួម​ទាំង​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​ផង​នោះ គឺ​៧​វិញ្ញាសា​នេះ ក៏​ជា​ចំនួន​ច្រើន​បំផុត​នៃ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​ក្នុង ស៊ី​ហ្គេ​ម កន្លង​មក​។ ចំនួន​វិញ្ញាសា​ច្រើន​ជាងគេ​ចុង​ក្រោយ គឺ​មាន​តែ​៦​ប៉ុណ្ណោះ​កាលពី​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នៅ​ប្រទេស​ហ្វី​លី​ពី​ន កាលពី​ឆ្នាំ​២០១៩ ខណៈ​គោលដៅ​ស៊ី​ហ្គេ​ម​២០២៣​របស់​កម្ពុជា​មាន​ចំនួន​ច្រើន​ជាងគេ​ដែល​នេះ​ជា​ការ​ពង្រីក​សក្តានុពល​លើ​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​កមួយ​នេះ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រៀង​រាល់​២​ឆ្នាំង​ម្តងនេះ​។

ពេល​នេះ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​បែងចែក​ច្បាស់លាស់​សម្រាប់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ដោយ​កីឡាករ ឬ​កីឡាការិនី​ណា​ត្រូវ​លេង​វិញ្ញាសា​ណាមួយ​ជាក់ច្បាស់​ហើយ ដែល​នេះ​ជា​គោលដៅ​ចម្បង​ឱ្យ​កីឡាករ​ណាមួយ​សម្រួច​ការ​ហ្វឹកហាត់​តែ​ទៅ​លើ​វិញ្ញាសា​នោះ ដើម្បី​ត្រៀម​ទៅ​ប្រកួតប្រជែង​មេដាយ​ឱ្យ​ទទួល​បាន​លទ្ធផល​ជូន​ជាតិ ។

ជាមួយ​គ្នា​នេះ ជា​គោលដៅ​ចំពោះ​មុខ សហព័ន្ធ​ជំនាញ​មួយ​នេះ​គ្រោង​នឹង​បញ្ជូន​កីឡាករ​មួយ​ចំនួន​ទៅ​ហាត់​ហ្វឹកហាត់​ក្រៅប្រទេស​ឱ្យ​កាន់តែ​មាន​សក្តានុពល​បន្ថែម ។ ចុងខែ​សីហា​ ឆ្នាំ​២០២២ ប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​ថៃ​នឹង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​កែប ដែល​ជា​កន្លែង​រៀបចំ​ការ​ប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង នា​ស៊ី​ហ្គេ​ម២០២៣ ។

ប្រតិភូ​កីឡា​ទ្រី​យ៉ា​ត្លុង​ថៃ​នឹង​ជួយ​ពិនិត្យ​លើ​ការ​រៀបចំ​របស់​កម្ពុជា​ដើម្បី​ឲ្យ​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​អន្តរជាតិ ។ ជាមួយ​គ្នា​នេះ​ក៏​នឹង​មាន​កិច្ចប្រជុំ​មួយ​ដើម្បី​ស្នើ​បញ្ជាក់​អំពី​ថា​តើ​ពេល​ណា​ដែល​ប្រទេស​ថៃ​អាច​ទទួលយក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​បាន​ក្នុង​ចំនួន​ប៉ុន្មាន​នាក់ និង​ក្នុង​រយៈពេល​ណាមួយ​ច្បាស់លាស់ មុន​ស៊ី​ហ្គេ​ម នៅ​កម្ពុជា ចូល​មក​ដល់​។

ចំពោះ​គោលបំណង​សំខាន់​របស់​កម្ពុជា ក្នុង​ការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ គឺ​មាន​គូប្រជែង មាន​ន័យ​ថា យើង​ហ្វឹកហាត់​ជាមួយ​កីឡាករ​កីឡាការិនី​ខ្លាំង​ៗ នោះ​គុណភាព​បច្ចេក ទេស​របស់​យើង​ប្រាកដជា​កើនឡើង​ជាក់​ជា​មិន​ខាន​។ បើ​ហ្វឹកហាត់​ក្នុងស្រុកវិញ​គឺ​យើង​បានដឹង​បាន​ស្គាល់​ត្រឹមតែ​សមត្ថភាពរបស់​គ្នា​ឯង​អស់ហើយ ។ អ្វី​ដែល​សំខាន់ ការ​ហាត់​ជាមួយ​គ្នា​ឯង​មិន​មាន​គូប្រជែង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ