ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ CAMSOC នឹង​ផ្ដល់​កងទ័ព​ជាង​៥​ពាន់​នាក់​សម្រាប់​ពិធី​បើក​-​បិទ​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​

រាជធានី​ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ (CAMSOC) បាន​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រមូល​កម្លាំង​កងទ័ព​ចំនួន​៥.២៧០​នាក់​សម្រាប់​ជួយ​ដល់​កម្មវិធី​ផ្សេង​ៗ​របស់​គណៈកម្មាធិការ​ជាតិ​CAMSOC​ ពិសេស​ចូលរួម​សម្ដែង​អបអរ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ។

នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ CAMSOC ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​របស់​គណៈកម្មការ​ពិធី​បើក​-​បិទ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ដោយ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​ៗ​ចំនួន​៣​។

របៀបវារៈ​ទី​១-​គឺ​ពិភាក្សា​លម្អិត​ស្ដី​ពី​តម្រូវការ​កម្លាំង​ហ្វឹកហាត់ និង​សម្ដែង របៀបវារៈ​ទី​២​-គឺការ​ត្រៀម​រៀបចំ​ផែនការ​ហ្វឹកហាត់​សម្ដែង​និង​អ្នក​ទទួលខុសត្រូវ និង​របៀបវារៈ​ទី​៣ គឺ​ការ​ត្រៀម​ជ្រើសរើស​ទីតាំង​ហ្វឹកហាត់ និង​សម្ដែង​សាកល្បង​។

ក្រោយ​ទទួល​បានការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា​ប្រធាន និង​ការ​អនុវត្ត​ការងារ​ជា​ប្រចាំ​របស់​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC បាន​ណែនាំ​ឲ្យ​ឯកឧត្តម វ៉ា​ត់ ចំរើន ជួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពិភាក្សា​ពី​របៀបវារៈ​ខាងលើ​ដោយ​មាន​ភាគី​សំខាន់​ៗ២​ផ្នែក​ចូលរួម​គឺ​ភាគី​គ្រប់គ្រង​កម្លាំង ដឹកនាំ​ដោយ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ខៀវ ឆេ​ន នាយក​ខុទ្ទកាល័យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ជា​អគ្គលេខាធិការ​រង CAMSOC និង​ភាគី​ប្រើប្រាស់​កម្លាំង​ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ី វី​រៈ និង​ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ឯកឧត្តម​វ៉ា​ត់ ចំរើន បន្ដ​ថា ភាគី​ទាំង​ពីរ​បាន​ធ្វើការ​សម្របសម្រួល​គ្នា​និង​បញ្ជាក់​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ចំនួន​កម្លាំង​ដែល​ត្រូវការ ។ កម្លាំង​ទាំង​អស់នេះ​(៥.២៧០​នាក់​)​ត្រូវ​បែងចែក​ទៅ​តាម​ផែន​នីមួយ​ៗ ដែល​ត្រូវការ​បណ្ដុះបណ្ដាល និង​អនុវត្ត​ការ​ហ្វឹកហ្វឺន​ផ្នែក​សម្ដែង ផ្នែក​ទស្សនីយភាព​ផ្នែក​ជួយ​ដល់​កម្មវិធី​ទាំងមូល​ជា​បណ្ដើរ​ៗ​ហើយ​នៅឡើយ​តែ​ធ្វើការ​បន្ស៊ី​គ្នា​ជាមួយ​ការ​អនុវត្ត​ផ្ទាល់​តែ​ប៉ុណ្ណោះ​។
ក្រៅពី​កម្លាំង​យោធិន​ដែល​ត្រូវ​បាន​ចាត់ទុកជា​កម្លាំង​ពិត​CAMSOC​ក៏​ត្រូវការ​កម្លាំង​ជំនាញ និង​ស្ម័គ្រ​ចិត្តជា​ច្រើន​ទៀត ដើម្បី​ផ្គុំ​ជា​កម្លាំង​ពិសេស​មួយ ដូច​ជា​កម្លាំង​ជំនាញ​សិល្បករ​-​សិល្ប​ការិនី របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

កម្លាំង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​កម្លាំង​ផ្សេង​ៗ​ទៀត​ដើម្បី​ធានា​បាន​នូវ​ការ​សម្ដែង​មួយ​ដ៏​អស្ចារ្យ​និង​ទទួល​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ