ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​នារី​កម្ពុជា​រំពឹង​បោះ​ជំហាន​ទៅ​មុខ ក្រោយ​មានឈ្មោះ​ក្នុង​តារាង FIFA

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដឹង​ថា បាល់ទាត់​នារី​កម្ពុជា មាន​ចំណាត់ថ្នាក់​នៅ​ក្នុង FIFA ជា​លើក​ដំបូង

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដឹង​ថា បាល់ទាត់​នារី​កម្ពុជា មាន​ចំណាត់ថ្នាក់​នៅ​ក្នុង FIFA ជា​លើក​ដំបូង អ្នកស្រី​ពុធ ធីតា សមាជិក​គណៈក​ម្មា​ធិ​ការ​ប្រតិបត្តិ និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​នារី បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង និង​បាន​ចាត់​ទុក​ថា នេះ គឺជា
សញ្ញា​វិជ្ជមាន​មួយ​ដែល​ពិភពលោក​ទទួលស្គាល់​ពីសមត្ថភាព​កីឡាការិនី​កម្ពុជា ហើយ​ក៏​ជា​ការ​បង្ហាញ
នូវ​លទ្ធផល​ល្អ នៃ​ការ​ប្រឹងប្រែង​របស់​ក្រុម​បាល់ទាត់​នារី​កម្ពុជា ផង​ដែរ​។

អ្នកស្រី​ពុធ ធីតា ឱ្យ​ដឹង​ថា ចំណាត់ថ្នាក់​បាល់ទាត់​នារី​កម្ពុជា គឺ​១៣៣ ល្អ​ជាង​សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​បាល់ទាត់​នារី​ទាំង​១៨៥​ប្រទេស​។ ដោយឡែក បាល់ទាត់​នារី​ឡាវ មាន​ចំណាត់ថ្នាក់ ៨៥​ខ្ពស់​ជាង​កម្ពុជា​។ គ្រាន់តែ​ឃើញ ចំណាត់ថ្នាក់​បាល់ទាត់​នារី​កម្ពុជា​ភ្លាម អ្នកស្រី​សប្បាយចិត្ត​ណាស់ ។ ចំណាត់ថ្នាក់​នេះ បង្ហាញ​ពី​ភាព​រីក​ចម្រើន នៃ​បាល់ទាត់​នារី​កម្ពុជា ។ នៅ​ពេល​យើង​មាន​ចំណាត់ថ្នាក់ FIFA មាន​ប្រទេស​ជា​ច្រើន​ស្គាល់​យើង ហើយ​ក៏​ជា​ការ​លើកតម្កើង​បាល់ទាត់​យើង​ផង​ដែរ​។ បើ​ទោះជា​កម្ពុជា​យើង​តូច​មែន ប៉ុន្ដែ​វិស័យ​កីឡាបាល់ទាត់​យើង​មាន​គ្រប់​ផ្នែក​។

លោក ប្រាក់ វុ​ទ្ធី គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បាល់ទាត់​នារី​កម្ពុជា បាន​និយាយ​ថា ការ​បាន​ចំណាត់ថ្នាក់​របស់​ក្រុម​នារី​នៅ​ក្នុង FIFA គឺជា​ការ​សម្រេច​គោលដៅ ដែល​រំ​ពឹ​ក​ទុក​ពី​មុន​។ អ្វី​ដែល​រំពឹង​ទុក​សម្រាប់​ឆ្នាំ​២០២២ គឺ​បាន​ចំណាត់ថ្នាក់ ទទួលស្គាល់​ដោយ Asean Football Federation (AFF) និង FIFA​។ គ្រូបង្វឹក​រូប​នេះ បន្ថែម​ថា ការ​មាន​ចំណាត់ថ្នាក់ គឺ​ជះ​ឥទ្ធិពល​វិជ្ជមាន​ច្រើន ដូច​ជា​ការ​គាំទ្រ និង​ការ​ចាប់អារម្មណ៍ ពី​ប្រជាជន​ក្នុង និង​ក្រៅប្រទេស ។ លោក ប្រាក់ វុ​ទ្ធី ក៏​បាន​ប្រាប់​បន្ថែម​ពី​ផែនការ​បន្ទាប់​ទៀត គឺ​ការ​ពង្រឹង ធ្វើ​យ៉ាងណា​ឲ្យ​បាល់ទាត់​នារី​ប្រសើរ​ឡើង​ជាង​នេះ​។ ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ពង្រឹងសមត្ថភាព​កីឡាការិនី​បន្ថែម ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់ខ្ពស់​ជាង​នេះ​។

គួរ​បញ្ជាក់​ថា FIFA បាន​គិត​ពិន្ទុ​សម្រាប់​ក្រុមបាល់ទាត់​នីមួយ​ៗ ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ ដូច​ជា លទ្ធផល​នៃ​ការ​ប្រកួត​របស់​ជម្រើសជាតិ​នារី​ឈុត​ធំ​, លទ្ធផល​ប្រកួត​ក្នុង​ដី​, ក្រៅ​ដី និង​ទឹកដី​កណ្ដាល​, ភាព​ផ្សេង​គ្នា​របស់​គ្រាប់​បាល់ និង​គ្រាប់​បាល់​ដែល​រកបាន​, លក្ខណៈ​ពិសេស​នៃ​ការ​ប្រកួត និង​ភាព​ផ្សេង​គ្នា​នៃ​ក្រុម​ជា​គូប្រកួត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ