ខាវអីដាង ជាជុំរំភៀសខ្លួនមួយក្នុងចំណោមជុំរំភៀសខ្លួនជាច្រើនទៀត ដែលពលរដ្ឋខ្មែរធ្លាប់ស្នាក់អាស្រ័យដើម្បីគេចចេញពីសង្គ្រាម និងដើម្បីបានទៅរស់នៅប្រទេសទី៣ នាដើមទស្សវត្សរ៍ឆ្នាំ៨០ ។ រហូតមកដល់ពេលនេះពេលវេលា៤០ឆ្នាំបានកន្លងផុតទៅហើយក្តីតែអនុស្សាវរីយ៍ក្នុងជំរំភៀសនៅតែដក់ជាប់ក្នុងចិត្តរបស់ពលរដ្ឋរាប់ម៉ឺននាក់មិនអាចមិនភ្លេចឡើយ ជាពិសេសនៅពេលបានស្តាប់បទចម្រៀង «ខាវអ៊ីដាងដួងចិត្ត»ម្តងៗនោះ ។
ខាងអ៊ីដាង ជាជំរំភៀសខ្លួននៅក្នុងទឹកដីថៃជាប់ព្រំទល់ប្រទេសកម្ពុជាក្នុងតំបន់ច្រកអន្តរជាតិប៉ោយប៉ែត ។ ជំរំនេះស្ថិតនៅជាប់ភ្នំខាវអ៊ីដាងដែលមានទិដ្ឋភាពមិនខុសពីការរៀបរាប់នៅក្នុងចម្រៀងរបស់លោក កែវ សារ៉ាត នោះទេ ។
លោកកែវ សារ៉ាត ជាពលរដ្ឋខ្មែរម្នាក់ដែលបានឆ្លងកាត់ការរស់នៅក្នុងជំរំខាវអីដាងនេះដែរហើយ បើតាមប្រវត្តិរបស់លោកទឹកដីអ៊ីដាងនេះហើយដែលជាកន្លែងផ្តល់កំណើតអាជីពជាអ្នកចម្រៀងដល់រូបលោកតាមការរយៈប្រឡងចម្រៀងមួយនៅទីនោះមុនលោកបានចេញទៅរស់នៅសហរដ្ឋអាមេរិក ។
ពលរដ្ឋខ្លះទោះមិនធ្លាប់រស់នៅក្នុងជំរំអាវអ៊ីដាងក្តីនៅពេលបានស្តាប់បទចម្រៀងរបស់លោក កែវ សារ៉ាត ម្តងៗក៏តែងតែទទួលនូវអារម្មណ៍អន្លង់អន្លោចទៅតាមបទចម្រៀងមួយបទនេះ ។ ចំណែកអ្នកដែលបានឆ្លងកាត់ដំណើរឆ្លងដែន ធ្លាប់រស់នៅក្នុងជំរំខាវអ៊ីដាងផ្ទាល់ ពិសេសធ្លាប់មានប្រវត្តិឆ្លងកាត់ កាត់ព្រៃកាត់ភ្នំភៀសខ្លួនពីស្រុកទេស ទៅរស់នៅក្នុងស្រុកគេ ស៊ីអត់ស៊ីឃ្លាន តាមព្រៃតាមភ្នំវិញ កាន់តែក្តុកក្តួលនៅពេលនឹកដល់គ្រាកំសត់នោះ។ «រយៈពេល៤០ឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័ស ខ្ញុំចាំមិនភ្លេចទេអនុស្សាវរីយ៍ខាវអីដាង ។ នេះជាការខលមិនមួយរបស់ពលរដ្ឋម្នាក់នៅពីក្រោមបទចម្រៀងខាងអ៊ីដាងដួងចិត្តដែលគេបង្ហោះក្នុងយូធូប ។
នៅមានពលរដ្ឋដែលបានឆ្លងកាត់ជំរំខាវអ៊ីដាងជាច្រើនទៀតបានបង្ហោះរូបរបស់ខ្លួនកាលរស់នៅជំរុំក្រោមការបីបាច់របស់អង្គការសហប្រជាជាតិ ។
ពលរដ្ឋម្នាក់ទៀតបាននិយាយថា «ខ្ញុំតែងតែបង្ហូរទឹកនៅពេលស្តាប់បទចម្រៀងនេះ ។ ខ្ញុំស្រណោះម្តាយខ្ញុំ ប្រពន្ធខ្ញុំ ដែលកាលនោះជាជនភៀសខ្លួនខុសច្បាប់ ។ យើងរស់នៅក្នុងជំរំទាំងការភ័យខ្លាចតម្រួតថៃ ។ យើងចេញដើរហើរបានតែយប់ប៉ុណ្ណោះ» ។
ចំណែកពលរដ្ឋម្នាក់ទៀតនិយាយថា ខ្ញុំក្តុកក្តួលណាស់ នៅពេលឭបទចម្រៀងនេះ ។ ខ្ញុំស្រណោះដល់ទិដ្ឋភាពដែលពលរដ្ឋដើរឆ្លងដែនខ្លួនប្រាណម្នាក់ៗស្គមស្គាំង គ្មានអាហារហូប ។ កាលនោះមានជនរួមជាតិជាច្រើនបានស្លា.ប់នៅកណ្តាលព្រៃដោយសារការស្រេកឃ្លាន និងឈឺគ្មានថ្នាំព្យាបាល ដែលម្នាក់ៗមានសភាពហើម ។
ខាងអ៊ីដាងជាជំរំភៀសខ្លួនមួយ ដែលមានពលរដ្ឋខ្មែរជិត២០ម៉ឺននាក់ធ្លាប់រស់នៅ ។ ក្រោយកិច្ចអន្តរាគមន៍របស់អង្គការសហប្រជាជតិផ្នែកសិទ្ធិមនុស្ស មានពលរដ្ឋមួយចំនួនបានចេញទៅរស់នៅប្រទេសទី៣ មានអាមេរិក បារាំង និងប្រទេសនានា និងមួយចំនួនទៀតបានធ្វើមាតុនិវត្តន៍មកកាន់ប្រទេសវិញនៅក្នុងឆ្នាំ១៩៩៣ ។
ពលរដ្ឋខ្មែរដែលធ្លាប់រស់នៅក្នុងជំរំខាវអ៊ីដាង នាពេលបច្ចុប្បន្ននេះក្រៅពីការបង្ហោះរូបភាពរំលឹកអនុស្សាវរីយ៍ នៃការស់នៅក្នុងជំរំ ខាវអ៊ីដាង ពួកគាត់បានធ្វើដំណើរទេសចរណ៍ទៅកាន់អតីតជំរំខាវនេះ ដើម្បីរំលឹកអតីតកាលដ៍កំសត់របស់ខ្លួនទៀតផង ។
ខាងអ៊ីដាង នាពេលបច្ចុប្បន្ននេះជាតំបន់ព្រៃមួយ ដែលស្នាកស្មាមអនុស្សាវរីយ៍របស់ពលរដ្ឋខ្មែរ នៅលើទឹកដីថៃនេះសឹងលប់បាត់ដោយសារព្រៃ និងស្មៅអស់ទៅហើយ ។ ប៉ុន្តែអ្វីដែលមិនអាចលប់បាត់បាន គ្រប់រូបភាព និងរស់ជាតិជីវិតនៃការរស់ក្នុងជំរំភៀសខ្លួន ព្រមទាំងដំណើរឆ្លងដែនពេលស្រុកមានសង្គ្រាមនោះទំនងមិនអាចលប់បំបាត់ពីដូងចិត្តរបស់ពលរដ្ឋខ្មែរបានឡើយ៕
ចែករំលែកព័តមាននេះ