ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ជាង​៣​ខែ​ទម្រាំ​ចាប់​បាន​ជិត​១​តោន​នៅ​លើ​ផ្ទៃសមុទ្រ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ទីបំផុត កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហ​ការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​ទឹក និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បើក

ខេត្ត​ព្រះ​សីហ​នុ ៖ ទីបំផុត កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហ​ការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​ទឹក និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​យុទ្ធ​នា​ការ​បង្ក្រាប​ការ​រត់ពន្ធ​គ្រឿងញៀ.ន​លើ​ផ្ទៃសមុទ្រ​មួយ​ករណី ដោយ​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ចិន​៥​នាក់ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀ.ន​ជិត​១​តោន ដែល​ឈ្មួញ​ដឹក​ឆ្លង​ដែន​កាត់​លំហ​សមុទ្រ​បម្រុង​ចេញ​ទៅ​ក្រៅប្រទេស ។

ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្តម ឧត្ដម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ.ន កម្លាំង​«​ក​៥»​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី ឧត្តមសេនីយ៍ត្រី គឹ​ម តូ វរសេនីយ៍ឯក មាស ហ៊​ត វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ និង​វរសេនីយ៍ឯក ជាវ វ​ណ្ណា នាយការិយាល័យ​«​ក​៥» បាន​បើក​ការ​ស៊ើបអង្កេត​ជាង​៣ ខែ ដោយ​មានការ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លុះ​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​១០​និង​២០​នាទី​យប់ កម្លាំង​សមត្ថកិច្ច​បាន​កំណត់​ច្បាស់​នូវ​ពេលវេលា និង​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ទើប​កម្លាំង​មន្ទីរ​ប្រឆាំង​​គ្រឿងញៀ.ន បើក​ប្រ​តិប​ត្តិ​ការ​បង្ក្រាប ដោយ​ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​កម្លាំង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក​(​កោះ​ព្រាប​) ចូលរួម​សហ​ការ​បង្ក្រាប និង​ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក ហួត វិចិត្រ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះ​សី​ហ​នុ ។ យុទ្ធនាការ​បង្ក្រាប​នោះ​មាន​៣ គោលដៅ​ផ្សេង​គ្នា​ជា​បន្តបន្ទាប់ ៖

គោលដៅ​ទី​១-​ នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ អូ​ប័​រ​១​គ្រឿង ទូក​យន្ត​១​គ្រឿង និង​សារធាតុ​ញៀ.ន ​(​កេតា​មីន​) ៤៤​ការុង ។
គោលដៅ​ទី​២-​ នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​ម៉ូតូ​២​គ្រឿង ។
គោលដៅ​ទី​៣-​នៅ​ភូមិ​គគីរ សង្កាត់​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រថ
យន្ត​​១​គ្រឿង ។

ជា​លទ្ធផល​សរុប គឺ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​សុទ្ធ​សឹង​ជា​បុរស​ជនជាតិ​ចិន (​មិនមែន​៧​នាក់​ដូច​ព័ត៌មាន​ជំហាន​ដំបូង​ទេ​) ដែល​មាន ៖ ១-​ឈ្មោះ Tong Jian Xin អាយុ​៧១​ឆ្នាំ ។ ២-​ឈ្មោះ Gao Zhi Bin អាយុ​៤៩​ឆ្នាំ ។ ៣-​ឈ្មោះ Li Yong Xin អាយុ​៤៨​ឆ្នាំ ។ ៤-​ឈ្មោះ Zhong Jian Lin អាយុ​៣៦​ឆ្នាំ ។ ៥-​ឈ្មោះ Jan Xi Tong អាយុ​៥២​ឆ្នាំ ។ រីឯ​វត្ថុ​តាង​ដែល​រឹបអូស​មាន សារធាតុ​ញៀ.ន​ប្រភេទ​កេ​តា​មីន​ទម្ងន់​៨៧១​គីឡូក្រាម និង​២០០​ក្រាម អូ​ប័​រ ១​គ្រឿង ទូក​យន្ត ១​គ្រឿង រថយន្ត ១​គ្រឿង និង​ម៉ូតូ ២​គ្រឿង ។ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ប្រគល់​ជូន​ទៅ​ស្នងការដ្ឋាន​នគរ​បាល​ព្រះ​សីហ​នុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រ​ឆាំង​គ្រឿងញៀ.ន បាន​ថ្លែង​ថា ករណី​បង្ក្រាប​គ្រឿង
ញៀ.ន​លើ​ផ្ទៃសមុទ្រ​នេះ សមត្ថកិច្ច​យើង​បាន​ប្រើប្រាស់​កម្លាំង​ស៊ើបអង្កេត និង​តាម​ប្រមាញ់​ឧក្រិដ្ឋ
ជន​គ្រឿងញៀ.ន​អស់​រយៈពេល​ជាង​៣​ខែ​ទម្រាំ​បង្ក្រាប​បាន​មួយ​ករណី​នេះ ។

លោកនាយក​មន្ទីរ​បន្ត​ថា ឈ្មួញ​គ្រឿងញៀ.ន​បាន​ប្រើប្រាស់​ទូក និង​អូ​ប័​រ ក្នុង​ការ​ដឹក​ជញ្ជូនគ្រឿង​ញៀន​ជិត​១​តោន​តាម​លំហ​សមុទ្រ ក្នុងគោលដៅ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ក្រៅ ។ អូ​ប័​រ​១​គ្រឿង​សម្រាប់​ដឹក​គ្រឿងញៀ.ន ចំណែក​ទូក​សម្រាប់​ដឹក​ស្បៀង និង​សម្ភារៈ​ ដើម្បី​យក​ទៅ​ឲ្យ​គ្នា​វា​ដែល​ចាំ​នៅ​លំហ​សមុទ្រ​ខាងក្រៅ ។ អ៊ី​ចឹ​ង ករណី​ហ្នឹង​វា​រួច​មួយ​ជើង​ហើយ មិនមែន​ទើបតែ​ថ្មី​ទេ គឺ​រួច​មួយ​ជើង​ហើយ​​ទើប​យើង​ចាប់​បាន ហើយ​នេះ​គឺ​ចាប់​នៅ​ជើង​ទី​២ ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ដំបូង​យើង​ចាប់​បាន​តែ​១​គីឡូក្រាម ២​គីឡូក្រាម​ទេ​ថា​ច្រើន តែ​ឥឡូវ​ដល់​ដំណាក់​កាល​យើង​ចាប់​បាន​សុទ្ធតែ​រាប់រយ​គីឡូក្រាម និង​ដល់​តោន​ទៀត​ផង​។ អ៊ី​ចឹ​ង ករណី​​គ្រឿង​ញៀ.ន​​ដែល​ចរាចរណ៍​លើ​ទីផ្សារ​ងងឹត​ច្រើន​ណាស់​មិនមែន​ធម្មតា​ទេ ។

ទោះបីជា​យ៉ាងណា​ក្តី រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ជំហរ​យ៉ាង​មុតមាំ ក្រោម​ការ​សហការ​ជា​មួយ​ប្រទេស​ជិត​ខាង ដោយ​ប្រើប្រាស់​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​រាជធានី​-​ខេត្ត បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បង្ក្រាប​ករណី​រក្សា​ទុក​កែ​ច្នៃ ផលិត ដឹក​ជញ្ជូន និង​ជួញដូរ​សារធាតុ​ញៀ.ន​តាម​រូបភាព​ភ្លៀងរលឹម បើ​ទោះបី​ករណី​នោះ​តូច​ក្តី ធំ​ក្តី ដោយ​មិន​អនុញ្ញាត​ឲ្យ​ជនឧក្រិដ្ឋ​បាន​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ