គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២២ កើតឡើង ១៦០៩ លើក ស្លា.ប់ ៩៤២នាក់ និងរបួស ២២៣៥នាក់
- ភ្នំពេញ
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ នេះ បានកើតឡើង ១៦០៩ លើក…
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ នេះ បានកើតឡើង ១៦០៩ លើក…
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ នេះ បានកើតឡើង ១៦០៩ លើក ស្លា.ប់ ចំនួន ៩៤២នាក់ និងរបួស ២២៣៥នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លា.ប់ និងរបួស ក្នុងពេល ៦ខែ ឆ្នាំ២០២២ កើនឡើងបើធៀបនឹង ៦ខែ ក្នុងឆ្នាំ២០២១។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ.។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា មូលហេតុ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ នេះ គឺបើកបរលើសល្បឿនកំណត់ ៣៨% មិនគោរពសិទ្ធ ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១%។ គិតជាមធ្យម ក្នុងមួយថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ០៩លើក ដែលបណ្តាលឱ្យស្លា.ប់ចំនួន ០៥នាក់ និង រងរបួសចំនួន ១០នាក់។ គ្រោះថ្នាក់ភាគច្រើន នៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តកណ្តាលចំនួន ១១៧លើក និងខេត្តព្រះសីហនុ ចំនួន ៩៧លើក។
ដោយឡែក គិតក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន ចំនួន ៣៤៨ លើកស្មើ២៨% អ្នកស្លា.ប់កើនចំនួន ២៣៣នាក់ ស្មើ៣៣% និងអ្នករងរបួសកើន ចំនួន៤៣៣នាក់ ស្មើ ២៥%។ ក្នុងចំណោមអ្នកស្លា.ប់ ជាអ្នកជិះម៉ូតូសរុបចំនួន ៧៥៩នាក់ (៨១% នៃចំនួន អ្នកស្លាប់សរុប) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៥៥៨នាក់ ស្មើ៧៤% ដែលភាគច្រើនមិនពាក់មួកសុវត្ថិភាព នៅពេលយប់។ គ្រោះថ្នាក់ពេលយប់សរុបចំនួន ៥៧% បណ្តាលឱ្យស្លា.ប់ចំនួន៥៨% និងរងរបួសចំនួន៥៤%។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងអំពីបញ្ហាប្រឈម និងកំណើនគ្រោះថ្នាក់ចរាចរណ៍ ដែលតម្រូវឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តធ្វើការឆ្លើយតបយ៉ាងសកម្ម ជំរុញវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ស្របតាមទិសដៅការងារ ឆ្នាំ២០២២ ដោយបន្តប្រឹងប្រែងធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយ អប់រំច្បាប់ ការធ្វើវិស្វកម្ម ផ្លូវថ្នល់ ការដោះស្រាយការកកស្ទះ ការសង្គ្រោះជនរងគ្រោះ ការពិនិត្យផ្ដើមស្នើវិសោធនកម្មច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ការកសាងបទដ្ឋានច្បាប់ ការបង្កើតប្រព័ន្ធដកពិន្ទុលើបណ្ណបើកបរ ការបង្កើតប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពិន័យ ជាដើម។
សម្តេចក្រឡាហោម បានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ឱ្យលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយជំរុញបន្ថែមលើការយកចិត្តទុកដាក់បំពេញកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖
– គាំទ្រលើកម្មវិធីដកពិន្ទុបណ្ណបើកបរ អនុញ្ញាតឱ្យសមត្ថកិច្ចជំនាញ អាចធ្វើការស្កេន ដឹងពីបណ្ណបើកបរ ពិត ឬក្លែងក្លាយ និងពិន្ទុនៅសល់ក្នុងបណ្ណបើកបរនោះ។
– បង្កើនការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាការអប់រំស្ដីពីបទដ្ឋាននៃការប្រើប្រាស់ផ្លូវ ជាពិសេសផ្លូវល្បឿនលឿន និងផ្លូវឯកទិស (ហាយវ៉េ) ព្រោះវាគឺជាសមិទ្ធផលថ្មី។
– ពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរដោយផ្ដោតលើ៣ចំណុចដូចជា៖ ការកែទម្រង់ សមត្ថ ភាពគ្រូ កែទម្រង់ការសិក្សា និងកែទម្រង់គុណភាពនៃការប្រឡងយកបណ្ណបើកបរ។
– រឹតបន្តឹងបន្ថែមឱ្យបានម៉ឺងម៉ាត់ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងរថយន្តដឹកសម្ភារ សំណង់ដែលមិនបានគ្របឱ្យគត់មត់ល្អ។
សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរម្លឹកថា កត្តាមនុស្សមិនគោរពច្បាប់ មិនមានទំនួលខុសត្រូវ ក្នុងការបើកបរ គឺជាកត្តាចំបង ក្នុងការបង្កគ្រោះថ្នាក់ចរាចរណ៍ និងបានស្នើឱ្យមន្រ្តីមានសមត្ថកិច្ចជំនាញ ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ចាត់វិធានការឱ្យចំគោលដៅ និងតឹងរ៉ឹងដោយធ្វើការផាកពិន័យ និងអប់រំដល់ជន ដែលល្មើសច្បាប់។
សម្ដេចបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតី ខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យើងនឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២២ ក៏ដូចជាការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។
ដើម្បីអនុវត្តឱ្យសម្រេចបានតាមទិសដៅការងារ គ.ស.ច.គ. បានដាក់ចេញនូវទិសដៅការងារ សម្រាប់ ឆមាសទី២ ឆ្នាំ២០២២ មានដូចតទៅ៖
១) បន្តជំរុញយ៉ាងសកម្មអនុវត្តផែនការសកម្មភាពលេខ ០០៣/២០ គ.ស.ច.គ. ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកឆ្នាំ២០២០ តាមអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទូទាំង ប្រទេសសំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យមាននិរន្តភាព និងប្រសិទ្ធភាព ប្រកបដោយភាពម៉ឺងម៉ាត់ដាចខាត ត្រឹមត្រូវ ស្មើភាព និងមិនរើសអើង
២) បន្តពង្រឹងយន្តការតាមដាន ប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការបកស្រាយឆ្លើយតបទាន់ពេលវេលា សំដៅកាត់បន្ថយ ទស្សនៈភ័ន្តច្រឡំពីសាធារណជន និងបន្សាបឥទ្ធិពលព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាស សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
៣) រៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកលើកទី១៧
៤) រៀបចំកិច្ចប្រជុំប្រចាំត្រីមាសជាមួយដៃគូ (ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ បណ្តាញសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធផ្សេងៗ) ស្តីពីការងារសុវត្ថិភាពចរាចរណ៍
៥)ផ្សព្វផ្សាយ និងអនុវត្តផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១ – ២០៣០
៦) រៀបចំរបាយការណ៍សង្ខេប និងរបាយការណ៍ប្រចាំឆ្នាំ ២០២១ ស្តីពីជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់គ.ស.ច.គ. និងផ្សព្វផ្សាយជាសាធារណៈ
៧) ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានី ខេត្ត
៨) បន្តពង្រឹងយន្តការ តាមដានប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការឆ្លើយតបឱ្យទាន់ពេលវេលា៕






ចែករំលែកព័តមាននេះ