ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​មនុស្ស​០៤​នាក់ ករណី​សង់​ខ្ទម​ខុសច្បាប់​លើ​ដី​របស់​ក្រុមហ៊ុន

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ឆេ​ង វុ​ទ្ធី នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ចុះ​អនុវត្ត​លិខិត​បង្គាប់ការ​លេខ​០៤៥/២២…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ឆេ​ង វុ​ទ្ធី នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ចុះ​អនុវត្ត​លិខិត​បង្គាប់ការ​លេខ​០៤៥/២២ ល​.​ប​.​ក ចុះ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ លើ​ទីតាំង​ដី​ស្ថិត​នៅ​ភូមិ​១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ដោយ​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​នាំ​ខ្លួន​មនុស្ស​ចំនួន​០៤​នាក់ យក​មក​សួរនាំ​កាលពី​វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៤​នាក់ រួម​មាន ៖ ទី​១-​ឈ្មោះ ទេព សា​រ៉ា ហៅ ទេព ម៉ៅ​, ទី​២-​ឈ្មោះ ឈិ​ន បូ​នី​, ទី​៣-​ឈ្មោះ សេង មក​រា និង​ទី​៤-​ឈ្មោះ ឃួ​ន តា​រ៉ា ។ និង​បាន​ចាប់​យក​វត្ថុ​តាង​កាំបិត​ផ្គាក់ ចំនួន​០៣, ជំ​ពាម​កៅស៊ូ ចំនួន​០៣, គ្រាប់​ជំ​ពាម​ដែក​មួយ​ចំនួន​, ទូរ​សព្ទ​ដៃ​ចំនួន ០៥​គ្រឿង ។

ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​កាន់កាប់ និង​ធ្វើការ​បែងចែក​ពុះ​ដី​ឡូត៍ នៅ​លើ​ទីតាំង​ដី​ខាងលើ​ពិតប្រាកដ​មែន ហើយ​ពួក​គេ​ទាំង​៤​នាក់ សូម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ធ្វើការ​ស្វែងរក​មេខ្លោង និង​បក្ខពួក​របស់​ខ្លួន​បន្ដ​ទៀត ។

សូម​ជម្រាប​ថា ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅ​អប់រំ​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រុះរើ​ខ្ទម​ខុសច្បាប់ ដែល​បាន​សង់​លើ​ទីតាំង​ដី​កម្មសិទ្ធិឯកជន របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ។ ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​ម្ចាស់​កម្មសិទ្ធិ​វិញ និង​ធ្វើ​កិច្ចសន្យា​ចាក​ចេញពី​ទីតាំង ផង​ដែរ ។

ដោយឡែក ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ប្រដាប់​ទៅ​ដោយ កា​បិត ចំពាមកៅស៊ូ ដុំ​ថ្ម និង​ដបប្រេង​សាំង បាន​ចេញ​មុខ​តវ៉ា រហូត​ដល់​ប្រើ​អំពើ​ហិង្សា​លើ​ក្រុមការងារ​ចម្រុះ​ខេត្ត ដែល​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ខាងលើ ដើម្បី​យក​មក​សួរ​ចម្លើយ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹង​ហាវ ។

បច្ចុប្បន្ន​នេះ សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ បាន​កំណត់​មុន​សញ្ញា​មេ​ក្លោ​ង​បាន​មួយ​ចំនួន​ហើយ ។ ចំពោះ​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។

គួរ​បញ្ជាក់​ថា សំណង់​មិន​រៀបរយ​ទាំងនេះ គឺ​ភាគច្រើន​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ​២០២២ និង​មានការ​កើនឡើង​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នា​ពេល​កន្លង​មក ។ ហើយ​រដ្ឋបាល​ខេត្ត ធ្លាប់​បាន​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ រុះរើ​ខ្ទម​របស់​ពួក​គេ​ចេញ​ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ