ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រឈម​បញ្ហា​ផលិតផល​ក្លែងក្លាយ​កំពុង​ចរាចរ​លើ​ទីផ្សារ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ បញ្ហា​ផលិតផល​ក្លែងក្លាយ​របស់​ចិន មាន​រាប់​បញ្ចូល​ទាំង​ទឹកជ្រលក់ និង​គ្រឿងទេស ដែល​មនុស្ស​ទូទៅ​កំពុង​ប្រើប្រាស់​ក្នុង​ម្ហូបអាហារ​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ ។

ប្រទេស​ចិន ៖ បញ្ហា​ផលិតផល​ក្លែងក្លាយ​របស់​ចិន មាន​រាប់​បញ្ចូល​ទាំង​ទឹកជ្រលក់ និង​គ្រឿងទេស ដែល​មនុស្ស​ទូទៅ​កំពុង​ប្រើប្រាស់​ក្នុង​ម្ហូបអាហារ​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ ។

អាជ្ញាធរ​ប្រទេស​ចិន​ភាគ​ខាងជើង​និយាយ​ថា ពួក​គេ​បាន​ចុះ​ចាប់​រោងចក្រ​ក្រោម​ដី​ជា​ច្រើន​កន្លែង ដែល​បាន​ផលិត​ផលិតផល​ក្លែងក្លាយ​របស់​យីហោ​ដទៃ​ដូច​ជា ទឹក​ស៊ី​អុ​ី​វ និង​គ្រឿងទេស​ផ្សេង​ៗ ។

ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ត្រូវ​បាន​ផលិត​ក្នុង​តំបន់ Tianjin និង​ចែកចាយ​ជាមួយ​ផលិតផល​ពិតប្រាកដ ដោយ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន ។

ប៉ូលិស​បាន​ធ្វើ​សកម្មភាព​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មួយ​ពី​កាសែត​ក្នុងស្រុក​ដែល​ទម្លាយ​ចេញ​ព័ត៌មាន​នេះ ។ កាសែត​នោះ​រាយការណ៍​ថា ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ត្រូវ​បាន​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើប្រាស់​ទឹក​មិន​ស្អាត អំបិល​ឧស្សាហកម្ម​មិន​ស័ក្តិសម​នឹង​ទទួលទាន និង​គ្រឿងទេស​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​ទាប​ចេញពី​រោងចក្រ​ដទៃ ។

កាសែត​នេះ​ព្យាករ​ថា មាន​រោងចក្រ​បែប​គ្រួសារ​ដែល​ផលិត​ផលិតផល​ក្លែងក្លាយ​នេះ​ប្រមាណ​៥០​ឯណោះ និង​រក​ប្រាក់​ចំណូល​បាន​១៤​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ។ កាសែត​នោះ​រាយការណ៍​ទៀត​ថា ឧបករណ៍​ត្រូវ​បាន​ទុកដាក់​នៅ​ជិត​កន្លែង​ចាក់សំរាម​ផង​ដែរ ។

រដ្ឋបាល​ផ្នែក​អាហារ និង​ឱសថ​ចិន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​គេ​បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការ​អះអាង​នេះ​ហើយ ។

Nestle ជា​ក្រុមហ៊ុន​ដែល​ផលិតផល​មួយ​ចំនួន​របស់​ខ្លួន កំពុង​ត្រូវ​បាន​ចម្លង​ជា​ផលិតផល​ក្លែងក្លាយ និយាយ​ថា ពួក​គេ​ប្រឆាំង​នឹង​រាល់​ការ​ក្លែងបន្លំ​ដោយ​ខុសច្បាប់​នូវ​ផលិត​ផល​​អាហារ និង​ភេសជ្ជៈ ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ខាងលើ អ្នកស្រី Liu Ying និយាយ​ថា ៖ « ពួក​យើង​កំពុង​តែ​សហការ​យ៉ាង​ជិតដិត​ជាមួយ​អាជ្ញាធរ​ដើម្បី​ស្វែងរក និង​ចាត់វិធានការ​លើ​អ្នក​ក្លែងបន្លំ​ទាំង​នោះ​ដើម្បី​ការពារ​ដល់​អតិថិជន » ។

ចំណែក​ក្រុមហ៊ុន Lee Kum Kee បាន​ជំរុញ​ដល់​អតិថិជន​ឲ្យ​ទិញ​ផលិតផល​គ្រឿងទេស តាម​រយៈ​បណ្តាញ​ដែល​អាច​ទុកចិត្ត​បាន​ដូច​ជា ផ្សារ​ទំនើប ។ ពួក​គេ​និយាយ​ថា តាម​បទ​ពិសោធន៍​កន្លង​មក ផលិតផល​ក្លែងក្លាយ​ភាគច្រើន​ត្រូវ​បាន​លក់​ក្នុង​ហាង​តាម​ផ្លូវ និង​ផ្សា​របោះ​ដុំ ។

យោង​តាម​កាសែត​ខាងលើ​ឲ្យ​ដឹង​ទៀត​ថា ខ្សែ​ផលិតកម្ម​នៃ​ផលិតផល​ក្លែងក្លាយ​ទាំងនោះ គឺ​មាន​ទ្រង់ទ្រាយ​ធំ និង​សន្តិសុខ​ខ្ពស់​បំផុត ។ រោងចក្រ​ទាំងនោះ​មាន​បុគ្គលិក​ជា​ច្រើន​នាក់ និង​មាន​បំពាក់​ដោយ​កាមេរ៉ា​សុវត្ថិភាព ក៏​ដូច​ជា​អ្នក​ឃ្លាំមើល​នៅ​ខាងក្រៅ​ដើម្បី​ឲ្យ​សញ្ញា​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន​បាន​ជួប​ប្រទះ​នឹង​បញ្ហា​សុវត្ថិភាព​អាហារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។

យោង​តាម​សេចក្តីរាយការណ៍​កាលពី​ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា ជិត​ពាក់កណ្តាល​នៃ​រោងចក្រ​ផលិត​អាហារ​របស់​ប្រទេស​ចិន គឺ​គ្មាន​ស្តង់ដា​អន្តរជាតិ ។ កាលពី​ឆ្នាំ​មុន សាច់​ដែល​ត្រូវ​បាន​ក្លា​សេ​ឲ្យ​កក​រាប់រយ​តោន ត្រូវ​បាន​លួច​លក់​ចេញ​ក្នុង​ខេត្ត Hunan ហើយ​សាច់​ខ្លះ​សល់​តាំងពី​ឆ្នាំ​១៩៧០ ឯណោះ ។

កាលពី​ខែធ្នូ រដ្ឋបាល​ផ្នែក​អាហារ និង​ឱសថ​របស់​ប្រទេស​ចិន​និយាយ​ថា ពួក​គេ​បាន​ត្រួតពិនិត្យ​ប្រមាណ​១៥​លាន​ដង​ក្នុង​រយៈពេល​៩​ខែ​ដំបូង​ឆ្នាំ​២០១៦ ដោយ​ប្រទះ​ឃើញ​មានការ​ប្រព្រឹត្ត​ខុសច្បាប់​ច្រើន​ជាង​៥០​ម៉ឺន​ករណី​ទៅ​ទៀត ៕