ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុងម៉ុមបៃទមា្លក់ទីក្រុងប៉េកាំង និងសៀងហៃ ក្លាយជាទីក្រុងអាស៊ីមានមហាសេដ្ឋីច្រើនបំផុត

4 អាទិត្យ មុន

ប្រទេសឥណ្ឌា ៖ ទីក្រុងម៉ុមបៃ (Mumbai) របស់ប្រទេសឥណ្ឌា បានវ៉ាដាច់ទីក្រុងប៉េកាំង (Beijing) និង

ប្រទេសឥណ្ឌា ៖ ទីក្រុងម៉ុមបៃ (Mumbai) របស់ប្រទេសឥណ្ឌា បានវ៉ាដាច់ទីក្រុងប៉េកាំង (Beijing) និងទីក្រុងសៀងហៃ (Shanghai) របស់ប្រទេសចិនជាផ្លូវការ ក្លាយជាទីក្រុងទ្វីបអាស៊ីមានមហាសេដ្ឋីច្រើនជាងគេបំផុត។ នេះបើតាមរបាយការណ៍ពីបញ្ជី Hurun Global Rich ឆ្នាំ ២០២៤ របស់វិទ្យាស្ថានស្រាវ​ជ្រាវ Hurun ។

ទីក្រុងសៀងហៃ

ទីក្រុងម៉ុមបៃ ដែលជាបេះដូង និងអំណាចហិរញ្ញវត្ថុដ៏បំផុតរបស់ឥណ្ឌា ឥឡូវនេះមានមហាសេដ្ឋីចំនួន ៩២នាក់ ដោយបានទម្លាក់ទីក្រុងប៉េកាំង ដែលមានចំនួន ៩១នាក់ និងទីក្រុងសៀងហៃ ដែលមានចំនួន ៨៧នាក់។

ទីក្រុងម៉ុមបៃ ក៏បានហក់ចូលក្នុងតំណែងកំពូលទាំង ៣ នៃចំណាត់ថ្នាក់ពិភពលោកជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ដោយនៅពីក្រោយទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស ដែលមានមហាសេដ្ឋីចំនួន ៩៧នាក់ និងទីក្រុងញូវយ៉ក (New York) សហរដ្ឋអាម៉េរិក បន្តកាន់កាប់កំពូលតារាង ដែលមានមហាសេដ្ឋីចំនួន ១១៩នាក់។ ប៉ុន្តែទោះយ៉ាងណា ប្រទេសចិន នៅតែឈរជាប្រទេសមានមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោក ពោលចំនួន ៨១៤នាក់ ប៉ុន្តែថយចុះចំនួន ១៥៥នាក់ ។

ទីក្រុងប៉េកាំង

សហរដ្ឋអាម៉េរិក ឈរនៅលេខ២ ដែលមានចំនួន ៨០០នាក់ ហើយឥណ្ឌាឈរនៅលេខ៣ ដែលមានចំនួន ២៧១នាក់។ នៅទូទាំងពិភពលោក ចំនួនមហាសេដ្ឋីបានកើនឡើង ១៦៧នាក់ បើធៀបនឹងឆ្នាំមុន ដែលឈានដល់ ៣.២៧៩នាក់។

វិទ្យាស្ថាន Hurun បានធ្វើការកត់សម្គាល់ថា ការបង្កើតទ្រព្យសម្បត្តិ នៅក្នុងប្រទេសចិន បានឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការថយចុះនៃទ្រព្យសម្បត្តិសម្រាប់ សហគ្រិនក្នុងវិស័យសំណង់ និងថាមពលកកើតឡើងវិញ។

យោងតាមរបាយការណ៍ពីទស្សនាវដ្តីពាណិជ្ជកម្មអាម៉េរិក Forbes គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា មហាសេដ្ឋីបារាំង លោក Bernard Arnault ដែលជាស្ថាបនិកក្រុមហ៊ុនទំនិញប្រណីត LVMH គឺជាបុគ្គលមានទ្រព្យច្រើនបំផុតនៅលើពិភពលោក ដោយមានទ្រព្យសរុបចំនួន ២២៧.៥ពាន់លានដុល្លារអាម៉េរិក។ តាមពីក្រោយដោយមហាសេដ្ឋីអាម៉េរិក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ដែលមានទ្រព្យសរុបចំនួន ១៩៧.៨ពាន់លានដុល្លារអាម៉េរិក៕ (ប្រភព ៖ Agenzia Nova និង The Hill)

ទីក្រុងប៉េកាំង
ទីក្រុងសៀងហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ