ខេត្តកំពង់ស្ពឺ ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានណែនាំឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុក-ក្រុង ប្រើប្រាស់ទឹកដោយភាពសន្សំសំចៃ គ្រាដែលទំនប់អាងស្តុកទឹកមួយចំនួនមានទឹកសេសសល់តិចតួច ធានាដល់ការប្រើប្រាស់បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ញ៉ាញ់ ជាបហ៊ង បានណែនាំដូចនេះ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ខណៈស្ថានភាពទឹកនៅតាមទំនប់អាងសំខាន់ៗក្នុងភូមិសាស្ត្រស្រុកមួយចំនួន ទឹកនៅអាចបន្តផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋសម្រាប់ការប្រើប្រាស់ និងបរិភោគបាននៅឡើយ។ ដោយឡែកតែស្រុកមួយចំនួនដែលស្ថិតក្នុងគម្រោងស្តារប្រឡាយមេ ដើម្បីបញ្ចៀសការលិចលង់រាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះ ដែលប្រឈមនឹងកង្វះទឹកប្រើប្រាស់ ដោយសារតែគម្រោងកំពុងបន្តដំណើរការនៅឡើយ។

លោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរបានឱ្យដឹងថា ស្ថានភាពទឹកនៅតាមទំនប់អាងសំខាន់ៗក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ រួមមានដូចជា ទំនប់ទួលសុរភី សង្កាត់ព្រះស្រែ, ទំនប់តាឡក សង្កាត់ក្សេមក្សាន្ត, ទំនប់ត្រពាំងលើក សង្កាត់ត្រាចទង, ទំនប់ចំការដូង និងទំនប់អូរតាចាប សង្កាត់វាលពង់ ស្ថានភាពទឹកគឺអាចធានាការប្រើប្រាស់បានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃបានគ្រប់គ្រាន់។

ចំណែកស្រុកគងពិសី និងស្រុកសំរោងទងស្ថានភាពទឹកនៅ ទំនប់ស្វាយ ឃុំស្រង់ ស្រុកគងពិសី បរិមាណទឹកបានស្រកមកនៅសល់ត្រឹមតែ៥០% នៃផ្ទៃអាងទំនប់រកា ឃុំពេជ្រមុនី ស្រុកគងពិសី បរិមាណទឹកស្រកមកនៅសល់ ត្រឹម៥០% នៃផ្ទៃអាង, ទំនប់ជណ្ដើរកាច់ ឃុំក្រាំងអំពិល ស្រុកសំរោងទង បរិមាណទឹកស្រកមកនៅសល់ ត្រឹម៧០%នៃផ្ទៃអាង។

បើយោងតាមស្ថានភាពទឹកតាមទំនប់អាងសំខាន់ៗខាងលើ អាចធានាដល់ការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់រហូតដល់ខែឧសភា។ ប៉ុន្តែទន្ទឹមនឹងស្ថានភាពអាកាសធាតុមានការប្រែប្រួល រដ្ឋបាលខេត្ត និងមន្ទីរជំនាញធនធានទឹក បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់បំផុត ដើម្បីបង្ការពីការខ្វះទឹកដែលផ្តើមចេញពីការប្រែប្រួលនៃអាកាសធាតុនេះ៕




ចែករំលែកព័តមាននេះ