ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ Elon Musk បង្ហោះសារមួយលើបណ្ដាញសង្គម ភាគហ៊ុន Tesla កើនឡើងស្រឺតៗ

2 អាទិត្យ មុន

សហរដ្ឋអាម៉េរិក ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងរហូតដល់ទៅ ៥% កាលពីថ្ងៃទី៨ ខែ

សហរដ្ឋអាម៉េរិក ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងរហូតដល់ទៅ ៥% កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាម៉េរិកមួយនេះ បានប្រកាសថា ក្រុមហ៊ុននឹងដាក់បង្ហាញឡានតាក់ស៊ីគ្មានមនុស្សបើក ដែលហៅថា Tesla Robotaxi នៅដើមខែសីហា ខាងមុខនេះ ។

លោក Elon Musk មហាសេដ្ឋីច្ចេកវិទ្យាលំដាប់ពិភពលោក បានបញ្ជាក់នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងបង្ហាញឡានតាក់ស៊ីគ្មានមនុស្ស​បើក ឬ Robotaxi បើកបរដោយស្វ័យប្រវត្តិ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ប៉ុន្តែបុរសវ័យ៥២ឆ្នាំរូបនេះ មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមនោះទេ។

គេនៅចាំបានថា លោក Elon Musk ធ្លាប់បាននិយាយថា ក្រុមហ៊ុន Tesla នឹងផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិគ្មានការបញ្ជាពីមនុស្ស ហើយលោកក៏ធ្លាប់និយាយផងដែរថា រថយន្ត Tesla នឹងមានសមត្ថភាពបើកបរដោយខ្លួនឯងបានពេញលេញតាមរយៈកម្មវិធី Software បន្តិចម្ដងៗ និងកាន់តែល្អប្រសើរ ហើយនឹងផ្តល់ភាពងាយស្រួល។

កាលពីខែមីនាកន្លងទៅ លោកក៏បានលើកឡើងថា រថយន្ត Tesla ដែលមាន FSD ឬ Autopilot ដែលជាប្រព័ន្ធបើកបរដោយខ្លួនឯងពេញលេញ នឹងក្លាយជារឿងដ៏អស្ចារ្យ និងចម្លែកនៅពេលអនាគត ដែលរថយន្តនៅតែដំណើរការទៅមុខ បើទោះបីជាម្ចាស់រថយន្តអស់កម្លាំងងងុយគេង ឬស្ថិតនៅក្នុងស្ថានភាពស្រវឹងយ៉ាងណាក៏ដោយ។ ម្ចាស់រថយន្ត Tesla ដែលមានប្រព័ន្ធ FSD នឹងអាចឱ្យរថយន្តរបស់ពួកគេប្រែក្លាយជា Robotaxi ជាជាងចតនៅស្ងៀម។

បច្ចុប្បន្ននេះ អតថិជនអាចទិញរថយន្តអគ្គិសនីមានសមត្ថភាពបើកបរដោយខ្លួនឯងពេញលេញជាមួយរថយន្ត Tesla Model 3 ស៊េរីថ្មី ដោយត្រូវចំណាយ ១២,០០០ដុល្លារបន្ថែមពីលើតម្លៃរបស់រថយន្តចំនួន ៤០,០០០ដុល្លារ។

សេចក្ដីប្រកាសពី Robotaxi របស់ក្រុមហ៊ុន Tesla កើតឡើង បន្ទាប់ពីរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ បានចេញផ្សាយថា ក្រុមហ៊ុនខ្នាតយក្សរបស់អាម៉េរិកមួយនេះ បានលុបចោលផែនការផលិតរថយន្តអគ្គិសនីមានតម្លៃថោក ដើម្បីផ្តោតលើការអភិវឌ្ឍ និងផលិតរថយន្តគ្មានមុនស្សបើក៕ (ប្រភព ៖ LiveMint)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ