ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីឥណ្ឌាម្នាក់របូតតំណែងពីបញ្ជី Forbes ក្រោយទ្រព្យពាន់លានដុល្លារ ធ្លាក់ដល់សូន្យ

3 អាទិត្យ មុន

ប្រទេសឥណ្ឌា ៖ មហាសេដ្ឋីឥណ្ឌា លោក Byju Raveendran ស្ថាបនិកក្រុមហ៊ុន Byju’s ដែលជាក្រុមហ៊ុន

ប្រទេសឥណ្ឌា ៖ មហាសេដ្ឋីឥណ្ឌា លោក Byju Raveendran ស្ថាបនិកក្រុមហ៊ុន Byju’s ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំពហុជាតិឈានមុខគេរបស់ប្រទេសឥណ្ឌា បានប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត ខណៈទ្រព្យសម្បត្តិរបស់គាត់ពីរាប់ពាន់លានដុល្លារអាម៉េរិកធ្លាក់ដល់សូន្យយ៉ាងភ្ញាក់ផ្អើល និងស្ទើរមិនគួរឱ្យជឿ។ នេះបើយោងតាមសន្ទស្សន៍ចុងក្រោយនៃបញ្ជីមហាសេដ្ឋីពិភពលោកឆ្នាំ​២០២៤ របស់ទស្សនាវដ្តីពាណិជ្ជកម្មសហរដ្ឋអាម៉េរិក Forbes ។

យោងតាមប្រភពពីសារព័ត៌មាន India Times និង Business Standard កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ បានឱ្យដឹងថា កាលពីឆ្នាំមុន ទ្រព្យសម្បត្តិលោក Byju Raveendran សរុបមានចំនួន ២.១ពាន់លានដុល្លារអាម៉េរិក ដោយឈ្មោះគាត់ត្រូវបានឃើញយ៉ាងច្បាស់នៅក្នុងបញ្ជីបុគ្គលមានទ្រព្យច្រើនបំផុតនៅលើពិភពលោករបស់ទស្សនាវដ្តី Forbes ។ ទោះយ៉ាងណាក៏ដោយ សន្ទស្សន៍ចុងក្រោយសម្រាប់បញ្ជីមហាសេដ្ឋីឆ្នាំ ២០២៤ ដែលទើបចេញផ្សាយកាលពីថ្មីៗនេះ បង្ហាញថា ទ្រព្យសម្បត្តិលោក Raveendran បានធ្លាក់ចុះដល់សូន្យ យ៉ាងភ្ញាក់ផ្អើលជាទីបំផុត។

ប្រភពដដែលបានរាយការណ៍ថា ការធ្លាក់ចុះយ៉ាងខ្លាំងមិននឹកស្មានដល់នេះ កើតឡើងបន្ទាប់ពី វិបត្តិជាបន្តបន្ទាប់ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការចាប់ផ្តើមអាជីវកម្ម EdTech ដែលជាបច្ចេកវិទ្យាអប់រំសំដៅលើការអនុវត្តបច្ចេកវិទ្យាថ្មីៗនៅក្នុងថ្នាក់រៀន ហើយនេះគឺជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនៅក្នុងប្រព័ន្ធអេកូឡូស៊ី សម្រាប់ការចាប់ផ្តើមអាជីវកម្មរបស់ប្រទេសឥណ្ឌា។

ដោយមានទីស្នាក់ការនៅទីក្រុង Bangalore ដែលជាទីក្រុងធំបំផុតនៃរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា ក្រុមហ៊ុន Byju’s ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ បានលេចចេញជាអាជីវកម្មដ៏មានតម្លៃបំផុតរបស់ប្រទេសឥណ្ឌា ដែលឈានដល់តម្លៃ ២២ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២២។ កម្មវិធីអប់រំរបស់ Byju’s បានផ្លាស់ប្ដូរប្រព័ន្ធមួយចំនួន​នៃការសិក្សាសម្រាប់សិស្សនៅគ្រប់កម្រិតផ្សេងៗក្នុងប្រទេសឥណ្ឌា។

ទោះយ៉ាងណា បញ្ហាផ្នែកហិរញ្ញវត្ថុ និងភាពចម្រូងចម្រាសនាពេលថ្មីៗនេះ បានធ្វើឱ្យខូចមុខមាត់ និងកាត់បន្ថយតម្លៃរបស់ក្រុមហ៊ុនយ៉ាងខ្លាំង។ ភាពចលាចលផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Byju’s បានរាយការណ៍អំពីការខាតបង់លើសពី ១ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់ កាលពីខែមីនា ឆ្នាំ២០២២។ ជាមួយលទ្ធផលមិនល្អនេះបាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៃការវាយតម្លៃដោយក្រុមហ៊ុនវិនិយោគ BlackRock របស់សហរដ្ឋអាម៉េរិក ដោយបានវាយតម្លៃក្រុមហ៊ុន Byju’s មកនៅត្រឹម ១ពាន់លានដុល្លារអាម៉េរិក។

លោក Byju Raveendran ក៏ប្រឈមមុខនឹងការរិះគន់ដូចទឹកបាក់ទំនប់ផងដែរ ដោយសារទ្រព្យសម្បត្តិរបស់បានក្រុមហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ។ ម្ចាស់ភាគហ៊ុនរួមទាំង Prosus NV និង Peak XV Partners កាលពីពេលថ្មីៗនេះ បានបោះឆ្នោតបណ្ដេញលោក Raveendran ចេញពីតំណែងជានាយកប្រតិបត្តិ ដោយបង្កើនសកម្មភាពដោះស្រាយលើអនាគតនៃការចាប់ផ្តើមបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិត ដែលរីកចម្រើនម្ដងរួចមកហើយ។

លើសពីនេះទៀត ការវិនិយោគបរទេសរបស់ក្រុមហ៊ុន Byju’s បានទាក់ទាញចំណាប់អារម្មណ៍របស់នាយកដ្ឋានអនុវត្តច្បាប់របស់ប្រទេសឥណ្ឌា។ មុនពេលចេញសារាចរត្រួតពិនិត្យប្រឆាំងនឹងលោក Byju Raveendran នោះ នាយកដ្ឋានអនុវត្តច្បាប់ បានផ្ញើការជូនដំណឹងអំពីមូលហេតុទៅកាន់ក្រុមហ៊ុនមេរបស់ Byju’s គឺ Think & Learn ទាក់ទងនឹងការរំលោភលើច្បាប់គ្រប់គ្រងការប្តូរប្រាក់បរទេស ដែលមានតម្លៃលើសពី ១.១ពាន់លានដុល្លារអាម៉េរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ