ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្បូងធម្មជាតិនៅប៉ៃលិនកាន់តែខ្សត់ អ្នករកត្បូងងាកមកធ្វើកសិកម្ម

4 អាទិត្យ មុន

ខេត្ត​ប៉ៃលិន​ជា​ខេត្ត​ដែល​ល្បី​ថា សម្បូរ​ធនធាន​រ៉ែ​ត្បូង​ធម្មជាតិ​មាន​តម្លៃ​ទាំង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​រឿង​ប្រលោមលោក​នោះ នៅ​ពេល​នេះ​ការ​ធ្វើ​ជំនួញ និង​ការ​ប្រកប​មុខរបរ​អាជីវកម្ម​ត្បូង​ហាក់​លែង​សូវ​ល្បីល្បាញ​បន្ត​ទៀត​ហើយ ។ លោកស្រី គី រ៉ា ម្ចាស់​អាជីវកម្ម…

ខេត្ត​ប៉ៃលិន​ជា​ខេត្ត​ដែល​ល្បី​ថា សម្បូរ​ធនធាន​រ៉ែ​ត្បូង​ធម្មជាតិ​មាន​តម្លៃ​ទាំង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​រឿង​ប្រលោមលោក​នោះ នៅ​ពេល​នេះ​ការ​ធ្វើ​ជំនួញ និង​ការ​ប្រកប​មុខរបរ​អាជីវកម្ម​ត្បូង​ហាក់​លែង​សូវ​ល្បីល្បាញ​បន្ត​ទៀត​ហើយ ។

លោកស្រី គី រ៉ា ម្ចាស់​អាជីវកម្ម ឌី​លី​ប៉ៃលិន ត្បូង​ធម្មជាតិ បានអោយ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​រែង និង​ជីក​រុករក​រ៉ែ​ត្បូង​មួយ​ចំនួន​ធំ​បាន​បោះបង់​ចោល ដោយ​ផ្លាស់​ប្តូរ​ទៅ​រក​ការ​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ​វិញ ហើយ​បច្ចុប្បន្ន​នេះ គេ​មើលឃើញ​មាន​តែ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​ធ្វើ​អា​ជី​កម្ម​រ៉ែ​ត្បូង នៅ​ខេត្ត​ប៉ៃលិន ដែល​បញ្ហា​នេះ​ហើយ​នាំ​ឱ្យ​តម្លៃ​ទីផ្សារ​ត្បូង​នៅ​ខេត្ត​ប៉ៃលិន មាន​តម្លៃ​ខ្ពស់ ។

លោកស្រី គី រ៉ា បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​ការ​រែង​ត្បូង អាស្រ័យ​លើ​ជាក់ស្តែង ពេល​ខ្លះ​មួយ​ថ្ងៃ​គាត់ (​កម្មករ​រែង​ត្បូង​) អាច​រកបាន​តែ​ថ្ងៃ​ខ្លះ​ក៏​វា​អត់​បាន​ហើយ​ធនធាន​ក៏​កាន់តែ​ខ្សត់​ទៅ​ៗ » ។

ត្បូង​ប៉ៃលិន ត្រូវ​បាន​អ្នកជំនាញ​រកស៊ី​ត្បូង​ចាត់​ចំណាត់ថ្នាក់​ជា​ត្បូង​ល្អ​ជាងគេ​នៅ​ក្នុង​ចំណោម​ត្បូង​នានា នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា ។ ត្បូង​ប៉ៃលិន​មាន​ពីរ​ប្រភេទ គឺ​ត្បូង​ទទឹម និង​ត្បូង​ក​ន្តៀ​ង ដែល​មានគុណ​ភាព​ទទួលស្គាល់​នៅ​លើ​ពិភពលោក​ផង​ដែរ ។លោកស្រី គី រ៉ា បន្ថែម​ថា ឥឡូវនេះ​ត្បូង​មិន​សម្បូរ​ដូច​ពី​មុន​នោះ​ទេ ។ ការ​រែង​ត្បូង​របស់​ពួក​គាត់​បាន​ចំនួន​តិចតួច ហើយ​មាន​តែ​ត្បូង​តូច​ៗ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយសារ​តែ​ទំនេរ​ពី​ការងារ​ធ្វើស្រែ​ចម្ការ​ពួក​គាត់​ក៏​នាំ​គ្នា​មក​រែង​ត្បូង តាម​ដងស្ទឹង​ខេត្ត​ប៉ៃលិន និង​នៅ​តាម​រណ្តៅ​ដែល​បន្សល់​ទុក​ពី​ការ​ជីក​រុក​រ៉ែ​ត្បូង​របស់​ក្រុមហ៊ុន​ថៃ ដែល​ចូល​មក​យក​រ៉ែ​ត្បូង​ក្នុង​តំណាក់កាល ប្រទេស​មាន​សង្គ្រាម ដើម្បី​បាន​កម្រៃ​ក្នុង​ការ​ខ្លះ​ផ្គត់ផ្គង់​ជីវភាព ។

លោកស្រី គី រ៉ា បន្ត​ថា «​បើ​តូច​ៗ​សេរី​២​ទៅ​៣​លី យើង​គិត​ជា​គីឡូក្រាម តែបើ​គ្រាប់​ធំ​ៗ​ចាប់ពី​មួយ​កា​រ៉ាត់​ជាង​ទៅ​តម្លៃ គឺ​អាស្រ័យ​ទៅ​លើ​ត្បូង​វា​ស្អាត​អត់ ហើយ​យើង​ទិញ​តម្លៃ​ក៏​ទៅ​តាម​នោះ​ដែរ ។ យើង​អត់​អាច​ប៉ាន​តម្លៃ​បាន​នោះ​ទេ ព្រោះ​ដោយសារ​យើង​ត្រូវ​មើល​ត្បូង​ជាក់ស្តែង​» ។

កុងសែ​ទិញ​ត្បូង និង​អ្នកលក់​ត្បូង​រូប​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា តម្លៃ​ត្បូង​ខេត្ត​ប៉ៃលិន មាន​ហាង ឆេ​ង​ខ្ពស់ ដោយសារ​ត្បូង​នៅ​ខេត្ត​ប៉ៃលិន​កាន់តែ​ក្រខ្សត់ ភាគច្រើន​ពួក​គាត់​ទិញ​បាន​ពី​អ្នក​រែង​ត្បូង​តែ​គ្រាប់​តូច​ៗ ហើយ​គ្រាប់​ធំ​ៗ បើ​មាន​ភ្ញៀវ​កុម្ម៉ង់​ទិញ គឺ​គាត់​ទៅ​យក​ពី​ថៃ​មក​វិញ​ពីព្រោះ​ថៃ​បាន​ទិញ និង​ចូល​មក​ជីក​រុករក​ត្បូង​ពី​ប៉ៃលិន​បាន​ច្រើន កាលពី​សម័យ​សង្គ្រាម និង​ក្រោយ​សង្គ្រាម​បន្តិច ។
លោកស្រី គី រ៉ា បន្ថែម​ថា ត្បូង​សព្វ​ថ្ងៃនេះ​ពួក​គាត់​លក់ដាច់​គួរសម គឺ​ភាគច្រើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​ខេត្ត​ប៉ៃលិន​នាំ​គ្នា​ទិញ​ទុក​ធ្វើ​គ្រឿងអលង្ការ ដោយ​ពួក​គាត់​អះអាង​ថា ត្បូង​ដែល​លក់​នៅ​ខេត្ត​ប៉ៃលិន​ជា​ត្បូង​ពិតប្រាកដ ។

លោកស្រី គី រ៉ា បន្ត​ថា «​ត្បូង​ដែល​មាន​តម្លៃ​ជាងគេ គឺ​ទទឹម និង​កណ្តៀង ព្រោះ​មាន​តម្លៃ​ដោយសារ​តែ​ត្បូង​យើង​វា​ខ្សត់ ហើយ​ណាមួយ​មាន​តម្លៃ​ដោយសារ​តែ​ប្រភេទ​ត្បូង​យើង​ជា​ប្រភេទ​ដែល​អត់​ដុះ​នៅ​ពេល​ដែល​អស់​រក​ពី​រ៉ែ​មក​អស់ គឺ​វា​អស់ហើយ យើង​អត់​ដុះ​ទៀត​ទេ ។ អ៊ីចឹង​បានជា​គេ​អោយ​តម្លៃ​លើ​ត្បូង​ខ្មែរ​យើង​ជាងគេ​ខ្លាំង សូ​ម្បី​តែ​ក្រៅប្រទេស​ក៏​គេ​អោយ​តម្លៃ​ដែរ​»​។

លោកស្រី បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ត្បូង​ខេត្ត​ប៉ៃលិន​ត្បូង​ទន្ទឹម និង​ត្បូង​កណ្តៀង​ធំ​ៗ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​កុងសែ​កុម្ម៉ង់​ទិញ​ពី​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ​នោះ​មក​វិញ​ដោយសារ​តែ​ត្បូង​ទាំងនោះ​គេ​រក្សា​ទុក​បាន​ច្រើន នៅ​ពេល​ពេល​ក្រុមហ៊ុន​ថៃ​ចូល​មក​ជីក​រុករក​ត្បូង​នៅ​ខេត្ត​ប៉ៃលិន កាលពី​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម ។

សូម​បញ្ជាក់​ថា រ៉ែ​ត្បូង​នៅ​ខេត្ត​ប៉ៃលិន ដែល​នៅ​សេសសល់ និង​មានការ​អភិរក្ស​គេច​ផុត​ពី​ការ​ជីក​រុករក​ពី​ក្រុម​អាណា​ធិ​ប​តេ​យ្យ គឺ​មាន​ភាគច្រើន​នៅ​សល់​ច្រើន​ក្នុង​តំបន់​ភ្នំ​យ៉ា​ត ដែល​ជា​ភ្នំ​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​ប៉ៃលិន ហើយ​ភ្នំ​យ៉ា​ត កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ចូល​ជា​តំបន់​អភិរក្ស​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ធម្មជាតិ ដើម្បី​ទុក​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​៕ ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ