ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម ៣នាក់ ត្រូវបានចាប់ខ្លួន បញ្ជូនទៅ​តុលាការ ហើយ ១០នាក់ទៀត ឃុំនៅក្នុង​បន្ទាយ

1 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទស បានធ្វើសន្និសីទសារព័ត៌មាន នៅខេត្តកំពង់ធំ​ ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងជល់មាន់តាម​អ៊ីនធឺណែត បណ្តាលឱ្យស្លាប់មនុស្សម្នាក់។ ក្រោយពីបានដឹកនាំក្រុមការងារចំពោះកិច្ច…

ខេត្តកំពង់ធំ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទស បានធ្វើសន្និសីទសារព័ត៌មាន នៅខេត្តកំពង់ធំ​ ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងជល់មាន់តាម​អ៊ីនធឺណែត បណ្តាលឱ្យស្លាប់មនុស្សម្នាក់។ ក្រោយពីបានដឹកនាំក្រុមការងារចំពោះកិច្ច ចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្ត និងស៊ើបអង្កេតករណី​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​អន​ឡាញ​) រួចមក គឺ​មានមន្ត្រីកងរាជអាវុធហត្ថ ៣នាក់ ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការ ហើយមន្ត្រីកងរាជអាវុធហត្ថ ១០នាក់ទៀត ត្រូវបាន​ឃុំខ្លួន នៅក្នុងបន្ទាយ ដោយមិនអនុញ្ញាត​ឱ្យចេញក្រៅឡើយ​។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បានលើកឡើងថា ការ​បង្ក្រាប​ល្បែងជល់មាន់តាមអ៊ីនធឺណែត បានកើតឡើង នៅ​ចំណុច​ភូមិ​រូង ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ២០២២ ដោយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ចុះ​ប្រតិបត្តិការ ដោយប្រើប្រាស់​កម្លាំង​ចំនួន ១៣​នាក់ មធ្យោបាយ​រថយន្ត ២​គ្រឿង ម៉ូតូ ១​គ្រឿង។ ប្រតិបត្តិការនោះ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សុខ ម៉េ​ង​ហុង មុខងារ​ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​, លោក​អនុសេនីយ៍ឯក លុយ តាំង​ឈួ​យ មុខងារ​ជា​ប្រធាន​អង្គភាព​យុត្តិធម៌ និង​មានការ​សម្របសម្រួល​ពី​លោក សាយ វាសនា ព្រះរាជអាជ្ញា​រង ​អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​បាន​ឲ្យ​លោក ឃឿ​ន សុ​លាភ ជា​ក្រឡាបញ្ជី នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​។ ក្នុងនោះ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤​នាក់ និង​ចាប់​យក​វត្ថុ​តាង ម៉ូតូ ចំនួន ​៦​គ្រឿង ទូរទស្សន៍ CPU ចំនួន ​១​គ្រឿង បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ ខេត្តកំពង់ធំ។ ប៉ុន្ដែ​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក Toyota Sienna មាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សួង ឌ័​ន បាន​ស្លាប់ តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត សុខ មុន្នី​ឧត្តម ថាអ្នកជំងឺ​បាន​ស្លាប់​មុន​នឹង​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បារាយណ៍ ស​ន្ទុ​ក។

លោកឧត្តមសេនីយ៍ បន្តថា ដោយឃើញព័ត៌មានបង្ហោះនៅលើប្រព័ន្ធបណ្តាញសង្គមស្រែក​ទាមទា​រ​រកយុត្តិធម៌ ហើយ​នៅពេលទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចេញបញ្ជាឲ្យក្រុមការងារចំពោះកិច្ចចុះធ្វើ​ការស្រាវជ្រាវ​ជាបន្ទាន់ ដើម្បីស្វែងរកខុសត្រូវ និងយិត្តធម៌ ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែសីហា រហូតមកដល់ធ្វើសន្និសីទសារព័ត៌មាន នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារ​ចំពោះ​កិច្ចនៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឃាត់ខ្លួន​មន្ត្រីនៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ចំនួនបីនាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំ ដែល​ពាក់ព័ន្ធ​នឹង​បទមនុស្សឃាតដោយអចេតនា រួមមាន៖ ទី១-លោកអនុសេនីយ៍ឯក សុខ ម៉េ​ង​ហុង មានមុខងារជានាយការិយាល័យព្រហ្មទណ្ឌ​អាវុធហត្ថខេត្ត និងជាអ្នកដឹកនាំកម្លាំង ទី២-លោកអនុសេនីយ៍ឯក លុយ តាំង​ឈួ​យ មុខងារជាប្រធានអង្គភាពយុត្តិធម៌ និងទី៣-លោក សៅ សេរីវុធ ជាជំនួយការមន្ត្រីនគរបាល​យុត្តិធម៌។ ចំណែកមន្ត្រីអាវុធហត្ថចំនួន ១០នាក់ទៀត ដែលបានចូលរួមនៅក្នុងករណីខាងលើ កំពុងដាក់ឲ្យស្ថិតនៅក្នុងបន្ទាយ មិនអនុញ្ញាតឱ្យចេញក្រៅ រង់ចាំការស្រាវជ្រាវស៊ើបអង្កេត​បន្តទៀត។

នៅក្នុងការដឹកនាំកម្លាំងចុះស្រាវជ្រាវខាងលើ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានរកឃើញថា បើយោងតាមសាកសួរទៅលើមន្ត្រីកងរាជអាវុធហត្ថ ដែលចុះបង្ក្រាបប្រាប់ថា ពួកលោក ពុំបានប្រើកម្លាំងចាប់រឹតក ឬក៏វាយដំជនសង្ស័យ រហូតដល់ស្លាប់ ដូចជាការបង្ហោះចោទប្រកាន់​នោះទេ​។ ក្រុមការងារចំពោះកិច្ច ក៏ឲ្យមនុស្សធ្វើត្រាប់តាម និងធ្វើសាកសួរនាំទៅជនសង្ស័យ​ចំនួនបីនាក់ទៀត ដែលជិះក្នុងរថយន្តជាមួយនឹងជនរងគ្រោះឈ្មោះ សួង ឌ័ន រួមមាន១-ឈ្មោះ ពេជ ថៃ ២-ឈ្មោះ សៀង សុខ និង៣-ឈ្មោះ ថុល ពួកគាត់និយាយប្រាប់ថា នៅក្នុងករណីបង្ក្រាប​ល្បែងស៊ីសងតាមអនឡាញខាងលើ ខាងកម្លាំងសមត្ថកិច្ចពួកលោក មិនបានចាប់វាយដំ ចាប់​ក្រៀក ឬក៏រឹតកជនរងគ្រោះទេ ប្រសិនបើមានការវាយដំចាប់បោកផ្តួល ឬក៏រឹកក​មែននោះ គឺជនរងគ្រោះ អាចស្លាប់ភ្លាមៗនៅនឹងកន្លែងបាត់ហើយ នៅពេលជនរងគ្រោះ ត្រូវបានបញ្ជូន​ឲ្យចូលក្នុងរថយន្តតូចចង្អៀតខាងលើ ហើយដាក់មនុស្សដល់ទៅ ១១នាក់ អាចបណ្តាលឲ្យ​ខ្វះអុកស៊ីហ្សែន ថប់ដកដង្ហើម មិនស្រួលចំពោះអ្នកណា ដែលមានសុខភាពមិនសូវល្អ បូករួមទាំងជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា លោកមានអាការៈមិនសូវស្រួលខ្លួនផងនោះ តែសមត្ថកិច្ច មិនបានយកចិត្តទុកដាក់នឹងសម្តីរបស់ជនរងគ្រោះ រហូតទាល់តែជនរងគ្រោះ​មានសភាពធ្ងន់ធ្ងរ ទើបដឹកទៅកាន់មន្ទីរពេទ្យហួសពេលទៅហើយ។

យោងតាមការស្រាវជ្រាវក្រុមការងារចំពោះកិច្ចសន្និដ្ឋានមួយជំហ៊ានដំបូងថា ជនរងគ្រោះខាងលើ បានស្លាប់ ដោយសារតែខ្វះអុកស៊ីហ្សែន ហេតុដូច្នេះ ជនរងគ្រោះស្លាប់នៅក្នុងដៃកងរាជអាវុធ​ហត្ថខេត្ត កងរាជអាវុធហត្ថ ត្រូវតែទទួលខុសត្រូវ ហើយលោក ក៏បានពន្យល់ណែនាំដល់កូនស្រី​របស់ជនរងគ្រោះ ដែលបានបង្ហោះរឿងនេះថា សមត្ថកិច្ចបានចាប់ក្រៀក និងរឹតក​ឪពុកខ្លួន រហូតដល់ស្លាប់នោះ នាងក៏បានសូមទោសនូវកំហុសឆ្គងរបស់នាងផងដែរ ហើយលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ពុំបានគិតថា ជាកំហុសរបស់ខាងណាជាមុន​នោះទេ ក្នុងមនោចញ្ចេតនា លោក ក៏បានចាត់ឲ្យកូនចៅរបស់លោកនាំយកថវិកា​ចំនួន១០លានរៀល ទៅចូលរួមបុណ្យជាមួយនឹងក្រុមគ្រួសាររបស់លោក សួង ឌ័ន ផងដែរ ចំណែកការប្តឹងទាមទារជំងឺចិត្តវិញនោះ ខាងភាគីលោក សួង ឌ័ន អាចប្តឹងទារជំងឺចិត្តបាន ចាប់ពីជាងបីម៉ឺនដុល្លារ ទៅប្រាំពីម៉ឺនដុល្លាបាន ប្រសិនបើតុលាការ រកឃើញកំហុសចំពោះកង​កម្លាំង ដែលប្រព្រឹត្តខុស។

ដោយឡែកចំពោះសំនួរ ដែលអ្នកសារព័ត៌មានសួរលោកថា ចំពោះមន្ត្រីកងរាជអាវុធហត្ថ ដែលដឹកនាំកម្លាំងចុះធ្វើការតាមការស្នើសុំរបស់ខាងលោកព្រះរាជអាជ្ញារង សាយ វាសនា ហើយលោកក៏បានចាត់ឲ្យក្រឡបញ្ជីរបស់ឈ្មោះ យឿន សុលាភ ចុះបង្ក្រាប រហូតដល់មាន​មនុស្ស​ស្លាប់នោះ ក្នុងនាមជាអ្នកដឹកនាំកងកម្លាំងទៅ តើត្រូវទទួលទោសដែរ ឬទេ? លោកឧត្តម​សេនីយ៍ អេង ហ៊ី ប្រាប់ថា​ រឿងនេះ ស្ថិតនៅលើសាលាដំបូងខេត្ត ខាងលោក មានសិទ្ធិតែខាងកង​កម្លាំង​អាវុធហត្ថតែប៉ុណ្ណោះ។

ចំពោះបញ្ហានេះ លោកក៏បានអំពាវនាវដល់មហាជនគ្រប់មជ្ឈដ្ឋាន និងតាមបណ្តាញសង្គមនានា វិនិច្ឆ័យឱ្យបានត្រឹមត្រូវ កុំឃើញការបង្ហោះតាមបណ្តាញសង្គមផ្សេងៗ ព្រោះការបញ្ចេញមតិក្នុង​ការបង្ហោះនោះ ខ្វះការពិចារណា រួមទាំងបញ្ចេញមតិខុសពីការពិតផងដែរ។ ចំពោះករណីនេះ ក្រុមគ្រួសារសាច់ញាតិ ដែលបានស្លាប់នោះ គណនីហ្វេសប៊ុកឈ្មោះ «Nearadey Din» មិនបានបង្ហោះករណីខាងលើទៀតឡើយ នេះបង្ហាញឲ្យឃើញថាគាត់បានគិតត្រឹមត្រូវ​ច្បាស់លាស់ ប្រកបដោយសុជីវធម៌៕ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ