រាជធានីភ្នំពេញ ៖ លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានសម្រេចឃុំខ្លួនជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំកាត់ទោសតាមបទល្មើស.លួចមានស្ថានទម្ងន់ទោស ។
សូមជម្រាបថា កាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់បញ្ជូនខ្លួនជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះម្នាក់ឈ្មោះ លាង ចាន់ទី ហៅ ឡុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ ស្នាក់នៅកាស៊ីណូទី៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីកា.ប់គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។

ជនសង្ស័យបានត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទីល្ងាច បន្ទាប់ពីឃុំខ្លួនឈ្មោះ យឿន រ៉ាដូច ដែលជាបក្សពួកបានធ្វើសកម្មភាពជាមួយគ្នា ប្រព្រឹត្តនៅយានដ្ឋានជួសជុលរថយន្តយីហោ «ទី បុប្ឆា» ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ស្ថិតក្នុងភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ អ៊ា ទី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរម្ចាស់យានដ្ឋាន «ទីបុប្ឆា» ។
ពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូត ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IJ៧១៥២ ។ ចំណែកសម្ភារៈបាត់បង់ រួមមាន ៖ ១-ទូរទស្សន៍ថ្លឹងកង់រថយន្ត១គ្រឿង តម្លៃ១៧០ដុល្លារ, ២- អាគុយ១គ្រឿង តម្លៃ៩០ដុល្លារ, ៣- ឧបករណ៍បុកផ្សែងរថយន្ត១ តម្លៃ២៥០ដុល្លារ, ៤- ហាតឌីសកុំព្យូទ័រ១ តម្លៃ៧០ដុល្លារ, ៥- ម៉ូទ័រសប់កង់រថយន្ត១ តម្លៃ៧០ដុល្លារ និងស្ពីកកើ ម៉ាក JBL ពណ៌ខៀវ ចំនួន១ តម្លៃ១៧០ដុល្លារ៕
ចែករំលែកព័តមាននេះ