ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ជ្រើស​ថ្ងៃ​ពិសេស ដើម្បី​ដំណើរការ​លី​គ​បាល់ទាត់​ឡើង​វិញ

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ នៅ​ថ្ងៃ​ទី​២៣ ខែសីហា រៀង​រាល់​ឆ្នាំ គឺជា​ថ្ងៃ​នៃ​ទិវា​ទង់ជាតិ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន

អ៊ុយ​ក្រែ​ន ៖ នៅ​ថ្ងៃ​ទី​២៣ ខែសីហា រៀង​រាល់​ឆ្នាំ គឺជា​ថ្ងៃ​នៃ​ទិវា​ទង់ជាតិ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន (Ukraine’s Day of the National Flag) ដែល​ចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ​២០០៤​។ ហើយ​ថ្ងៃខែ​ដដែល ឆ្នាំ​២០២២​នេះ ក៏​នឹង​ក្លាយ​កាលបរិច្ឆេទ​មួយ ដើម្បី​ចាប់ផ្តើម​ការ​ប្រកួត​បាល់ទាត់​លី​គ​កំពូល​អ៊ុយ​ក្រែ​ន (Ukrainian Premier League) ឡើង​វិញ​ផង​ដែរ​។ បន្ទាប់​ពី​ត្រូវ​ផ្អាក​ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​។

អ៊ុយ​ក្រែ​ន​បាន​ផ្អាក​ការ​ប្រកួត​លី​គ​បាល់ទាត់​របស់​ខ្លួន បន្ទាប់​ពី​រង​ការ​ឈ្លានពាន​ពី​រុ​ស្ស៊ី​នៅ​ក្នុង​ខែកុម្ភៈ​។ ដោយ​សកម្មភាព​ចុង​ក្រោយ​នៃ​លី​គ​កំពូល​អ៊ុយ​ក្រែ​ន​គឺ​នៅ​ក្នុង​ខែធ្នូ មុន​ពេល​លី​គ​សម្រាក​រយៈពេល​៣​ខែ​។ ដោយពេល​នោះ​ក្រុម Shakhtar Donetsk ស្ថិត​នៅ​កំពូល​តារាង​មាន​៤៧​ពិន្ទុ ឆ្លងកាត់​១៨​ប្រកួត​។ ហើយ​ក្រុម​គូប្រជែង Dynamo Kyiv មាន​៤៥​ពិន្ទុ​នៅ​ចំណាត់​ថា្ន​ក់​លេខ​២​។ ប៉ុន្តែ​កាលពី​ខែមេសា​កន្លង​ទៅ សេចក្តី​ប្រកាស​មួយ​បាន​ធ្វើ​ឡើង ដោយ​លី​គ​កំពូល​អ៊ុយ​ក្រែ​ន​រដូវ​កាល ២០២១-២២ ត្រូវ​រំសាយ​ចោល​ដោយ​គ្មាន​ម្ចាស់​ជើងឯក​។ ដោយសារ​តែ​ការ​បន្ត​ច្បាប់អាជ្ញាសឹក​នៅ​ក្នុង​ប្រទេស​នេះ​។

ទោះ​យ៉ាងណា ក្រោយ​មានការ​ចង្អុលបង្ហាញ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy បាល់ទាត់​ក្នុងស្រុក​រដូវ​កាល ២០២២-២៣ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆាប់​ៗ​ខាង​មុខ​នេះ​។ ដែល​កាលបរិច្ឆេទ​នេះ ត្រូវ​ជ្រើសរើស​ស្រប​តាម​ថ្ងៃ​ទិវា​ទង់ជាតិ​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​តែ​ម្តង​។ ពោល​មុន​១​ថ្ងៃ នៃ​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ​អ៊ុយ​ក្រែ​ន ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែសីហា ជា​រៀង​រាល់​ឆ្នាំ​។

នៅ​ក្នុង​ឱកាស​នោះ លោក Andriy Pavelka ប្រធាន​សមាគម​បាល់ទាត់​អ៊ុយ​ក្រែ​ន​បាន​ថ្លែង​ថា «​ការ​ចាប់ផ្តើម​បាល់ទាត់​ឡើង​វិញ គឺជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​។ វា​ជា​សញ្ញា​ប្រាប់​ពិភពលោក​ថា អ៊ុយ​ក្រែ​ន​អាច​នឹង​ឈ្នះ​។ វា​ក៏​ជា​សញ្ញា​មួយ​ដល់​សង្គម​ជាតិ​ថា យើង​មាន​ទំនុកចិត្ត​។ វា​ជា​ការ​ល្អ​ណាស់ ដែល​គ្រប់​លី​គ​នឹង​លេង​។ ហើយ​នេះ​នឹង​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​រាល់គ្នា​»​។

គួរ​រំលឹក​ថា កន្លង​មក លោក Vadym Gutzeit រដ្ឋមន្ត្រី​កីឡា​របស់​អ៊ុយ​ក្រែ​ន​ធ្លាប់​បាន​បញ្ជាក់​ថា លី​គ​បាល់ទាត់​អ៊ុយ​ក្រែ​ន​ដំណើរការ​ឡើង​វិញ​នៅ​ខែ​ក្រោយ ដោយ​តម្រូវ​រាល់​កីឡដ្ឋាន​ទាំងអស់​មាន​លេណដ្ឋាន​ការពារ​គ្រាប់ រួម​នឹង​បំពាក់​ស៊ី​រ៉ែ​ន​ប្រកាស​អាសន្ន ដើម្បី​ការពារ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ពី​សំណាក់​រុ​ស្ស៊ី​៕ (​ដកស្រង់​ចេញពី National Today និង Dailystar)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ