ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ធ្វើ​សមយុទ្ធ​ថ្មី ដើម្បី​ប្រឆាំង​នឹង​វត្តមាន​សមា​ជិក​​សភា​អា​មេ​រិ​កមក​ដល់​កោះ​តៃវ៉ាន់

1 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ មហា​យក្ស​ចិន​នៅ​ថ្ងៃ​ចន្ទ​ ទី​១៥ សីហា​នេះ បាន​និយាយ​ថា​ខ្លួន​បាន​រៀបចំ​ធ្វើ​សមយុទ្ធ​

កោះ​តៃវ៉ាន់ ៖ មហា​យក្ស​ចិន​នៅ​ថ្ងៃ​ចន្ទ​ ទី​១៥ សីហា​នេះ បាន​និយាយ​ថា​ខ្លួន​បាន​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ថ្មី​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដែល​ទីក្រុង​ប៉េ​កាំ​ង​ហៅ​ថា​ជា​ការ​រារាំង​ប្រឆាំង​នឹង​វ៉ា​ស៊ី​ន​តោន និង​តៃប៉ិ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​អា​មេ​រិ​កមក​កាន់​កោះ​តៃវ៉ាន់​។

យោធា​ចិន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា នៅ​ថ្ងៃ​ទី ១៥ សីហា បញ្ជាការ​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​រៀបចំ​ការ​ល្បាត​ត្រៀមប្រយុទ្ធ​រួម​គ្នា​ពហុមុខ​ងារ និង​សមយុទ្ធ​ប្រយុទ្ធ​នៅ​ក្នុង​សមុទ្រ និង​ដែនអាកាស​ជុំវិញ​កោះ​តៃវ៉ាន់​។

កាលពីដើម​ខែសីហា​នេះ ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដើម្បី​បង្ហាញ​ពី​កំហឹង​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក ​លោកស្រី Nancy Pelosi ទៅ​កាន់​តៃវ៉ាន់​។

នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ សមាជិក​សភា​អា​មេ​រិ​ក​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​លោក Ed Markey បាន​ធ្វើ​ដំណើរ​មក​ដល់​កោះ​តៃវ៉ាន់ និង​បាន​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។

សេចក្តី​ប្រកាស​របស់​តៃវ៉ាន់​និយាយ​ថា «ជា​ពិសេស​នៅ​ពេលវេលា​ដែល​ចិន​កំពុង​បង្កើន​ភាព​តានតឹង​នៅ​ចក្រ​ស​មុ​ទ្ធ​តៃវ៉ាន់ និង​ក្នុង​តំបន់​ជាមួយនឹង​ការ​ធ្វើ​សមយុទ្ធ ការ​ដឹកនាំ​គណៈប្រតិភូ​មក​កាន់​កោះ​តៃវ៉ាន់​លោក Markey បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​រឹង​មាំ​របស់​សភា​អា​មេ​រិ​ក​ចំពោះ​តៃវ៉ាន់»​។

ស្ថានទូត​ចិន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា «​សមាជិក​សភា​អា​មេ​រិ​ក​គួរតែ​ធ្វើ​សកម្មភាព​ស្រប​តាម​គោលនយោបាយ​ចិន​តែ​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​បាន​លើក​ឡើង​ថា​ដំណើរ​ទស្សនកិច្ច​សភា​ចុង​ក្រោយ​នេះ បង្ហាញ​ជា​ថ្មី​ម្តងទៀត​ថា​សហរដ្ឋអាមេរិក​មិន​ចង់​ឃើញ​ស្ថិរភាព​នៅ​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ជំរុញ​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ភាគី​ទាំង​ពីរ និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​»​។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន​និយាយ​ថា សមាជិក​សភា​អា​មេ​រិ​កបាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​អា​មេ​រិ​ក​នឹង​បន្ត​ធ្វើ​បែប​នោះ និង​បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នោះ​ស្រប​តាម​គោលនយោបាយ​ចិន​តែ​មួយ​របស់​អា​មេ​រិ​ក​។

ការិយាល័យ​របស់ Markey បាន​និយាយ​ថា សមាជិក​សភា​នៅ​កោះ​តៃវ៉ាន់ «នឹង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​តៃវ៉ាន់ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ សេចក្តីថ្លែងការណ៍​រួម​រវាង​សហរដ្ឋអាមេរិក និង​ចិន និង​គោលនយោបាយ​បរទេស ៦​ចំណុច និង​ជំរុញ​ឲ្យ​មាន​ស្ថិរភាព និង​សន្តិភាព​នៅ​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​»៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ