ទីផ្សារក្រពើសឹងតែគ្មានអ្នកចុះទិញ បើមានក៏ក្នុងតម្លៃមួយថោកខ្លាំង ដែលធ្វើឲ្យថៅកែចិញ្ចឹមក្រពើមួយចំនួន រងផលប៉ះពាល់ក្លាយជាកូនបំណុលធនាគារ ដោយសារមុខរបរនេះពីព្រោះត្រូវចំណាយលុយទិញចំណីឲ្យក្រជាប្រចាំថ្ងៃនៅពេលលក់មិនចេញ ។
![Picture]()
លោក ហាក់ សេង អ្នកចិញ្ចឹមក្រពើម្នាក់ នៅខេត្តសៀមរាបឲ្យដឹងថាបច្ចុប្បន្ននេះក្រពើចុះថ្ងៃខ្លាំងថែមទាំងគ្មានទីផ្សារទៀតផង ។ មុនពេលជំងឺកូវីដ១៩ ផ្ទុះឡើងកូនក្រពើមួយក្បាលអាចលក់បានតម្លៃទាបបំផុ តចន្លោះពី៧ទៅ១១ដុល្លារ ប៉ុន្តែក្រោយមកបានធ្លាក់ចុះត្រឹម៣ដុល្លារ និង១ដុល្លារ ហើយរហូតដល់ពេលនេះតម្លៃត្រឹមតែ១ពាន់រៀលក្នុងក្បាលប៉ុណ្ណោះ ហើយគ្មានអ្នកមកទិញទៀតផង ។ ចំណែកមេក្រពើ កាលពីពេលជំងឺកូវីដ១៩ មិនទាន់រីករាលដាលខ្លាំងមានតម្លៃក្នុងមួយក្បាលរាប់រយដុល្លារឯណោះ ។
![Picture]()
លោក ហាក់ សេង ថា មេក្រពើបានធ្លាក់ថ្លៃពីជាង១ពាន់ដុល្លារ ក្នុងមួយក្បាលមកនៅត្រឹមតម្លៃពី៣០ដុល្លារ ទៅ៤០ដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំនេះស្របពេលដែលចំណីក្រពើកំពុងឡើងថ្លៃ ។ លោកថា សត្វក្រពើ លក់ក្នុងតម្លៃថោកបំផុត ហើយគ្មានទីផ្សារផង សូម្បីតែឈ្មួញកណ្តាលក៏គ្មានដែរ មិនមែនដូចកាលពីមុន២ឆ្នាំ ។
![Picture]()
អ្នកចិញ្ចឹមក្រពើបន្ថែមទៀតនិយាយឲ្យដឹងស្រដៀងគ្នាពីការធ្លាក់ថ្លៃក្រពើនេះ ។ លោក សិទ្ធិ អ្នកចិញ្ចឹមក្រពើ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប មានចិញ្ចឹមក្រពើទាំងតូចទាំងធំ មានចំនួនសរុបជិត៣០០ក្បាល ក្នុងនោះមានកូនចំនួន១០០ក្បាល ។
លោកត្អូញថា កាលពីមុនពេលផ្ទុះកូវីដ១៩ កូនក្រពើមួយក្បាលលក់ បាន២៥ដុល្លារ ។ តម្លៃនេះ គ្រាន់បានចំណេញលុយពីក្រពើទៅទិញដី និងទិញខ្សែកឲ្យប្រពន្ធកូនបានខ្លះ តែមកដល់បច្ចុប្បន្នក្រពើធ្លាក់ថ្លៃមែនទែន ។ លុយកាក់សល់បានចំណាយទៅវិញលើចំណីមិនតែប៉ុណ្ណោះទ្រព្យសន្សំបាន រួមទាំងដីផងបានលក់យកលុយមកទិញចំណី ឱ្យក្រពើវិញ ។
![Picture]()
អ្នកចិញ្ចឹមក្រពើ ជាច្រើនបានត្អូញដូចៗគ្នាថា របរចិញ្ចឹមក្រពើឥឡូវ ខាតឡុងចុងខ្លាំងណាស់ រកនិយាយមិនចេញ ថែមទាំងជំពាក់ បំណុលស្ថាប័នហិរញ្ញវត្ថុទៀត ។
ជុំវិញ ករណីខាងយើងនៅមិនទាន់អាចសុំការបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ រួមនឹងលោកប្រធានសមាគមន៍ចិញ្ចឹមសត្វក្រពើបាននៅឡើយទេ ។ តែទោះយ៉ាងណាអ្នកអ្នកចិញ្ចឹមក្រពើនៅក្នុងខេត្តសៀមរាបបានទទួចធ្វើការអំពាវនាវដល់អាជ្ញាធរខេត្ត ជាពិសេសក្រសួងពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ ដើម្បីរកទីផ្សារលក់សត្វក្រពើដែលកំពុងធ្លាក់ថ្លៃនេះឲ្យពួកគាត់ផង ក្រែងបានមានឈ្មួញកណ្តាល មករកទិញឱ្យតម្លៃសមរម្យវិញ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ