ខេត្តប៉ៃលិន ៖ ក្រោយពីមេឃបង្អុរភ្លៀងអស់រយ:ពេលជាច្រើនម៉ោង កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ បានហូរធ្លាក់ចុះពីលើភ្នំ បង្កជាជំនន់ទឹកភ្លៀងហក់ឡើងខ្ពស់នៅតាមស្ទឹង បណ្តាលឱ្យទាញនាំយកខ្យុសតាមរមណីយដ្ឋានក្នុងក្រុងប៉ៃលិន អស់ប្រមាណជាង៣០ខ្នង និងហូរធ្លាក់ចុះទៅក្រោម ជន់លិចដំណាំដាំដុះ និងរោងសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ ។ ហើយរហូតដល់ថ្ងៃទី១២ ខែសីហានេះ ខាងអាជ្ញាធរខេត្តក៏ដូចជាមន្ទីរកសិកម្មខេត្តប៉ៃលិន ចុះពិនិត្យមើលតែម្តង ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃដដែល អាជ្ញាធរខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានប្រកាសឱ្យប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់ត្រៀមកងកម្លាំងសមត្ថកិច្ច ឱ្យចុះទៅឈរជើងតាមគោលដៅនីមួយៗ ក្រែងលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ អាចនឹងជួយសង្គ្រោះទាន់ពេលវេលា។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅវាយតម្លៃបឋមអំពីផលប៉ះពាល់ និងខូចខាតផលដំណាំរបស់ប្រជាកសិករ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកសាលាក្រៅ ក្នុងនោះមាន ទី១. ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដំណាំពោតក្រហម ប៉ះពាល់៩ហិកតា ដំឡូងមីប៉ះពាល់១០ហិកតា បន្លែប៉ះពាល់១ហិតា ស្រូវវស្សាប៉ះពាល់៩ហិកតា ទី២. ភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ដំណាំពោតក្រហម ប៉ះពាល់១០ហិកតា ដំឡូងមី ប៉ះពាល់១០ហិកតា ទី៣. ភូមិទំនប់ ឃុំស្ទឹងត្រង់ ពោតក្រហម ខូចទាំងស្រុង១០.៥ ហិកតា ដំឡូងមីខូចទាំងស្រុង២ហិកតា បន្លែខូចទាំងស្រុង០.៥ហិកតា។
ប្រភពបន្តទៀតថា សរុបរួមការរងផលប៉ះពាល់ចំនួន៤៩ហិកតា ហើយខូចខាតទាំងស្រុង អស់ចំនួន១៣ហិកតា។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោមការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន ខាងមន្ទីរកសិកម្មខេត្ត ក៏បានចុះទៅរៀបចំលាងសម្អាតទ្រុងជ្រូក បាញ់ថ្នាំសម្លាប់មេរោគ និងពិនិត្យមើលសុខភាពសត្វជ្រូក ជូនកសិករម្នាក់ ឈ្មោះ ហូ សំអុល ដែលចិញ្ចឹមជ្រូកសរុបប្រមាណ៦១ក្បាល ខណ:ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលិចទ្រុង ស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕
ចែករំលែកព័តមាននេះ