ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​បណ្ដោះអាសន្ន​ឆ្លង​ទំនប់​ទឹក​ចាក់​ទឹម ដែល​កាត់​ផ្តាច់​ដោយ​ទឹកភ្លៀង​កសាង​រួចរាល់​ហើយ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង លោក សេង សាលី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២​នេះ បាន​បញ្ជាក់​ថា

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង លោក សេង សាលី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២​នេះ បាន​បញ្ជាក់​ថា ស្ពាន​បណ្ដោះអាសន្ន​ឆ្លងកាត់​ទំនប់​ចាក់​ទឹម ដែល​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយសារ​ទឹកជំនន់​កាលពី​ពេល​កន្លង​ទៅ បាន​កសាង​រួចរាល់​វិញ​ហើយ លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ដែល​មាន​បំណង​ទៅ​កំសាន្ត នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល អាច​ទៅ​លេង​បាន​វិញ​ហើយ តាម​មធ្យោបាយ​រថយន្ត​ប្រភេទ កូរ៉េ សាំ​យ៉ុ​ង និង​ទេសចរណ៍ ។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​រង​គ្រោះ​ជំនន់​ទឹកភ្លៀង បណ្តាល​ឲ្យ​កាត់​ផ្ដាច់​ទំនប់​ចាក់​ទឹម មាន​ប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ​ដែល​មិន​អាច​ធ្វើ​ដំណើរ​បាន កាលនោះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​ដូច​ជា​មន្ទីរ ព្រមទាំង​អាជ្ញាធរ និង​សហគមន៍​បាន​រួម​គ្នា​កសាង​ស្ពាន​ជា​បណ្ដោះអាសន្ន​ដែល​អាច​ធ្វើ​ដំណើរ​បាន​ត្រឹម​ថ្មើរជើង និង​ម៉ូតូ ប៉ុន្តែ​ក្រោយមក​ក៏​បាន​កែប្រែ​ថែម​ជើង​សសរ​បុក​គ្រឹះ ពង្រឹងគុណភាព​ស្ពាន​ឲ្យ​រឹង​មាំ​ជាង​មុន រហូត​ដល់​ពេល​នេះ​ស្ពាន​ឆ្លងកាត់​ចំណុច​ដាច់​នោះ ត្រូវ​បាន​ត​ភ្ជាប់​វិញ​ហើយ អាច​ឲ្យ​រថយន្ដ​ធន់​កូរ៉េ រថយន្ត សាំ​យ៉ុ​ង និង​រថយន្ត​ពន្ធ​ទេសចរណ៍ អាច​ធ្វើ​ដំណើរ​បាន ហេតុនេះ​លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល អាច​ធ្វើ​ដំណើរ​ទៅ​បាន​វិញ​ហើយ សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ និង​ថ្ងៃ​បុណ្យ​ទាន​ខាង​មុខ​។

សូម​រំលឹក​ថា ទំនប់​ចាក់​ទឹម ដែល​ស្ថិត​នៅ​ក្នុងភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀប ស្រុក​ទឹកផុស គឺជា​ទំនប់​ស្ទាក់​ទឹក​ផង ជា​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល​ផង ត្រូវ​បាន​កាត់​ផ្ដាច់ ដោយសារ​ទឹកជំនន់ កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ ។ ក្រោយ​ទំនប់​បាន​កាត់​ផ្ដាច់​ទាំងស្រុង និង​មានមុខ​ទឹកធំ​ដល់​ទៅ​ជាង​១០០​ម៉ែត្រ ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ជា​ពិសេស​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​ពុំ​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ។

ក្នុង​ស្ថានភាព​បែប​នេះ ទាំង​ក្រសួង ទាំង​មន្ទីរ​ជំនាញ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ សហគមន៍​និង​អាជ្ញាធរ ខិតខំ​កសាង​ស្ពាន​ធ្វើ​ដំណើរ​ជា​បណ្ដោះអាសន្ន​រហូត​បាន​សម្រេច បើ​ទោះបី​មិន​ដូច​ទំនប់​ដែល​ជា​ផ្លូវ​ធ្វើ​ដំណើរ​ឡើង​វិញ​ក្តី ក៏​អាច​ធ្វើ​ដំណើរ​ជា​បណ្ដោះអាសន្ន​លើ​ស្ពាន​ថ្មី​នេះ បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ