បើគេធ្វើដំណើរចូលបុរីមួយៗ នៅភ្នំពេញ មិនខ្វះទេស្លាក«ផ្ទះលក់» ។ «ផ្ទះលក់» ខ្លះជាផ្ទះអ្នកមានប្រាក់ បន្ទាប់ពីទិញគេដាក់លក់ ដើម្បីយកចំណេញ ប៉ុន្តែក៏មានដែរ «ផ្ទះលក់»ដែលមានម្ចាស់គ្មានលទ្ធភាពបង់រំលោះបន្តទៀត ។
លោក គាង អ្នកធ្វើឲ្យការក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យមួយបាននិយាយថា មានពលរដ្ឋជាច្រើនបានកុនលុយ ហើយប្រកាស់លក់ផ្ទះជាប្រញាប់ ។
មន្ត្រីភ្នាក់ងារទិញលក់ផ្ទះខាងលើបានឲ្យដឹងថា ផ្ទះលក់ខ្លះទោះមិនចំណេញតែម្ចាស់សុខចិត្តលក់ចេញបន្ទាន់ ដោយសារគ្មានលទ្ធភាពបង់រំលោះបន្តទៀត ។
តាមបុគ្គលក្រុមហ៊ុនរូបនេះនិយាយថា មានរដ្ឋខ្លះពិបាករកចំណូល ខ្លះអះអាងថា បាត់ចំណូលតែម្តង ដូច្នេះត្រូវប្រកាសលក់ផ្ទះ ដែលបានទិញបង់រំលោះនោះ ។ ផ្ទះខ្លះបានដាក់នៅពេលមិនទាន់ចូលនៅផង ចំណែកផ្ទះខ្លះលក់ ក្នុងពេលដែលម្ចាស់កំពុងរស់នៅដោយពួកគាត់សុខចិត្តលក់ផ្ទះ ហើយទៅជួលបន្ទប់ឬផ្ទះ ដែលបានតម្លៃជួលទាបរស់នៅវិញ ។
កញ្ញា ចរិយា ភ្នាក់ងារទិញ លក់ផ្ទះម្នាក់ទៀត បាននិយាយក្នុងចំណោមអតិថជនរបស់គាត់មានពលរដ្ឋមួយចំនួនត្រូវការលក់ផ្ទះជាប្រញាប់ដែរ ។ កញ្ញាថា អតិថជនរបស់គាត់ភាគច្រើន ជាប្រភេទពលរដ្ឋដែលបានទិញផ្ទះបង់រំលោះសម្រាប់លក់បន្តយកចំណេញលុះដល់ពេលដែលសេដ្ឋកិច្ចលំបាកពេលកូវីដ១៩ រាតត្បាត ក៏ប្រកាសលក់ផ្ទះនោះចេញវិញទោះត្រូវខាតបន្តិចបន្តួចឬរួចខ្លួនក្តី ។
តាមមន្ត្រីភ្នាក់ងារអចលនទប្រព្យខាងលើថា អ្នកទិញផ្ទះបង់រំលោះជាច្រើនលក់វិញ មិនចំណេញឡើយដោយសារការបង់រំលោះផ្ទះ មានអត្រាការប្រាក់ខ្ពស់ ។
លោក ភារុណ មន្ត្រីរាជការម្នាក់បានទិញផ្ទះបង់រំលោះទុកលក់យកចំណេញ តែនៅពេលនេះលោកបានប្រកាសលក់ផ្ទះជាបន្ទាន់ដែរ ។ មន្ត្រីរាជការរូបនេះថា ផ្ទះដែលគាត់លក់នោះ លោកបានទិញក្នុងតម្លៃជាង៦ម៉ឺនដុល្លារ ប៉ុន្តែគាត់បានរំលោះ១០០% គ្មានលុយដើមទេ ។ នៅពេលនេះ លោកប្រកាសលក់ក្នុងតម្លៃ៧ម៉ឺនដុល្លារ ។ ទិញជាង៦ម៉ឺន លក់ក្នុងតម្លៃជាង៧ម៉ឺន មន្ត្រីរាជការនោះ អះអាថា ជាការរកស៊ីខាត ។
លោកថា ការលក់នេះ បើគិតពីចំនួនប្រាក់ដែលបានបង់ឲ្យបុរី គឺលោកបង់ជាង៥ពាន់ដុល្លារ នៅក្នុងរយៈពេលជាង១ឆ្នាំនេះ ប៉ុន្តែលោកមិនអាចទុកផ្ទះនោះទៀតឡើយ ដោយសារអស់លទ្ធភាពបង់ឲ្យគេ ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានមើលឃើញថា ពលរដ្ឋដែលគ្មានលទ្ធភាពបង់ផ្ទះដែលទិញហើយនោះ ភាគច្រើន គឺពលរដ្ឋបានទិញផ្ទះបង់រំលោះជាមួយបុរីផ្ទាល់ ។ ការទិញផ្ទះពីបុរីនេះមិនបានឆ្លងកាត់ការសិក្សា ឬការវា.យតម្លៃពីលទ្ធភាពបង់ជាមុនឡើយ ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ចំពោះពលរដ្ឋដែលបានទិញផ្ទះបង់រំលោះជាមួយធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ស្របច្បាប់មិនសូវមានបញ្ហាឡើយ ពីព្រោះមុនពេលផ្តល់ប្រាក់កម្ចី គេបានសិក្សាពីលទ្ធភាពបង់របស់ពលរដ្ឋជាមុន ។ ការទិញផ្ទះបង់រំលោះជាមួយធនាគារ ទាល់តែម្ចាស់ផ្ទះមានដើមទុនពី២០ទៅ៣០%នៃតម្លៃផ្ទះទើបគេផ្តល់កម្ចី ។
លោក កាំង តុងងី បានបញ្ជាក់ថា ការផ្តល់ប្រាក់កម្ចីទិញផ្ទះបង់រំលោះជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ មានការលំបាកមុន ប៉ុន្តែកម្រមានហានិភ័យ ខុសពីការទិញផ្ទះបង់ជាមួយបុរី ដែលមិនបានសិក្សាអ្វីទាំងអស់នោះ ងាយស្រួលមុន តែមានហានិភ័យច្រើននៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ