ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការអភិរក្សសត្វដំរីព្រៃអាស៊ីរយៈពេល១០ឆ្នាំ គ្រោងចំណាយថវិការ៤០,៥លានដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈពេល​១០​ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ ត្រូវការ​ថវិកា​ចំនួន ៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​ជា​គម្រោង​ថវិកា​រំពឹង​ថា នឹង​បាន​មក​ពី​ប្រភព​រួម​បញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈពេល​១០​ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ ត្រូវការ​ថវិកា​ចំនួន ៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​ជា​គម្រោង​ថវិកា​រំពឹង​ថា នឹង​បាន​មក​ពី​ប្រភព​រួម​បញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា ។ នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១២ សីហា​ក្រសួងបរិស្ថាន បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ជាមួយនឹង​ផែនការ​អភិរក្ស​សត្វ​ដំរី ការ​ដោះស្រាយ​ជម្លោះ​រវាង​មនុស្ស និង​ដំរី និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​លើ​ការងារ​ការពារ និង​អភិរក្ស​តំបន់ការពារធម្មជាតិ​នោះ​នឹង​កាន់តែ​ធ្វើ​ឱ្យ​ទីជម្រក​របស់​សត្វ​ដំរី​កាន់តែ​មាន​សុវត្ថិភាព​រួម​នឹង​ការ​យល់​ដឹង និង​ការ​ចូលរួម​អភិរក្ស​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ ។

ក្រសួង​ថា ក្រៅពី​ក្រប​ខណ្ឌ​អភិរក្ស​រាជរដ្ឋាភិបាល​កម្ពុជា​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​លើក​ឡើង​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវធ្វើ​ការងារ​រួម​គ្នា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​ខុសច្បាប់​នេះ ។

ប្រភព​បាន​លើក​ឡើង​ថា កម្ពុជា​បាន​រៀបចំ​យន្តការ​ក៏​ដូច​ជា មានច្បាប់ និង​អនុវត្ត​ជា​ប្រចាំ ដើម្បី​បង្ការ​ទប់ស្កាត់ និង​ប្រឆាំង​ការ​ជួញ​ដូច​សត្វព្រៃ​ខុសច្បាប់​នេះ ហើយ​បាន​បង្ក្រាប​លើ​បទល្មើស​ជា​ច្រើន ហើយ​រំដោះ​សត្វព្រៃ​ជា​ច្រើន​ពី​ក្រញាំ​ដៃ​នៃ​ក្រុម​ជនល្មើស​ព្រមទាំង​បាន​ចាប់ខ្លួន បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​ក៏​ដូច​ជា ការ​ផាកពិន័យ​ជា​ប្រាក់​ជាដើម ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា (CECG) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយ​មានការ​ចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ និង​អង្គការ​ផ្សេង​ៗ​ទៀត ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាម​រយៈ​ការ​រក្សា​ស្ថិរភាព និង​ជំរុញ​ឱ្យ​មាន​កំណើន​ចំនួន​ប្រភេទ​សត្វ​ដំរី​នេះ​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យ​នៅ​គង់វង្ស​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​រយៈពេល​១០​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩ ដោយ​បាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន​៧ ក្នុង​នោះ​រួម​មាន​ទី​១ ៖ ការ​កាត់​បន្ថយ​ការ​បាត់បង់​ទីជម្រក ទី​២ ៖ អភិរក្ស និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើង​វិញ​, ទី​៣ ៖ ពង្រឹង​ការ​អនុវត្ត​ច្បាប់​, ទី​៤ ៖ បង្ការ​មិន​ឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម​, ទី​៥ ៖ បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ និង​មនុស្ស និង​ទី​៦ ៖ អប់រំ​ផ្សព្វផ្សាយ ទី​៧ ៖ សិក្សា​ស្រាវជ្រាវ និង​តាមដាន​ត្រួតពិនិត្យ​ចំនួន​ដំរី​អាស៊ី ។

តាម​រយៈ​ផែនការ​សកម្មភាព​នេះ ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​បាន​រក​ឃើញ​ថា ដំរី​ចាប់ផ្តើម​បង្ហាញ​វត្ត​មាននៅ​តំបន់​មួយ​ចំនួន​ឡើង​វិញ​ដូច​ជា​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ