ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តប៉ៃលិន ប្រកាសអាសន្ន ខណ:ភ្លៀង​ធ្លាក់​ខ្លាំងរយ:ពេលយូរ បង្កជាទឹក​ជំនន់

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រមាណជិត ៩យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន…

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រមាណជិត ៩យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសអាសន្ន ជូនដំណឹង​ដល់ពុកម៉ែបង​ប្អូនប្រជាពលរដ្ឋ​ទាំងអស់ ដែលមានទីលំនៅ តាមដងស្ទឹងបរយ៉ាខា ត្រូវមានការប្រុងប្រយ័ត្ន ខណ:ភ្លៀងធ្លាក់ខ្លាំង នៅផ្នែកខាងលើភ្នំ និងទូទាំងខេត្តប៉ៃលិន អស់រយ:ពេលយ៉ាងយូរ បណ្តាលឱ្យទឹក នៅតាមដងស្ទឹងហក់ឡើងខ្ពស់ គួរឱ្យកត់សម្គាល់។

ប្រភពព័ត៌មានបានឱ្យដឹងថា រហូតមកដល់យប់ថ្ងៃទី១១សីហានេះ ដោយសារភ្លៀង នៅបន្តធ្លាក់ចុះឥតដាច់ ធ្វើឱ្យអាជ្ញាធរខេត្តប៉ៃលិន ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត មានការព្រួយបារម្ភចំពោះសុវត្ថិភាពប្រជាពលរដ្ឋរស់នៅក្បែរមាត់ស្ទឹងបរយ៉ាខា និងតាមបណ្តោយដងស្ទឹង ដែលហូរចេញពីខេត្តប៉ៃលិន ចុះទៅក្រោមតែម្តង។ ទើបលោកជំទាវអភិបាលខេត្ត ក៏បានប្រកាសអាសន្ននៅលើទំព័រហ្វេសប៊ុក សូមឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ហើយក៏ត្រៀមកងកម្លាំងប្រដាប់​អាវុធតាមឃ្លាំមើលសភាពទឹកស្ទឹង ក្រែងហូរបុកទៅជន់លិចនៅផ្នែកខាងក្រោម ដោយនាំគ្នាត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចលង់ឱ្យទាន់ពេលវេលា។

លើសពីនេះ អភិបាលខេត្ត ក៏រំលឹកឱ្យប្រជាព​លរដ្ឋត្រៀមរកកន្លែងទីទួលមានសុវត្ថិភាព បើសិនជាករណីភ្លៀងមិនព្រមរាំង ព្រោះជំនន់ទឹកភ្លៀងហូរធ្លាក់មកពីលើភ្នំ ពិតជាមានកម្លាំងខ្លាំងណាស់ អាចនឹងជន់លិចដល់ផ្ទះពួកគាត់ភ្លាមៗតែម្តង។

​លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងដែរថា​ ក្រោយពីមាន​​ភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីរសៀល រហូតមកដល់យប់ថ្ងៃដដែលនេះ មិនទាន់រាំងនៅឡើយ ធ្វើឱ្យទឹកស្ទឹងបរយ៉ាខាហក់ឡើងខ្ពស់ រហូតអូសទាញយករោងខ្យុសប្រជាពលរដ្ឋ នៅក្បែរមាត់ស្ទឹងអស់ប្រហែល ៤០ ទៅ ៥០ខ្នង បណ្តាលឱ្យអណ្តែតទៅតាមទឹក​។

លោកបន្តទៀតថា ចំណែកមនុស្ស ឬសត្វ មិនមានបញ្ហាគ្រោះថ្នាក់អ្វីកើតឡើងនោះទេ ហើយទឹកស្ទឹងបរយ៉ាខា នៅពេលនេះ ក៏បាន​ស្រកចុះបន្តិចទៅវិញ។

លោកបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណា ខាងលោក ក៏នៅតែរៀបចំកម្លាំងនគរបាលក្រោមឱវាទ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលលិចលង់ បើសិនជាភ្លៀង នៅបន្តធ្លាក់ខ្លាំង។ ចំណែកនៅផ្នែកខាងក្រោម ខាងលោក មិនទាន់ដឹងយ៉ាងណានៅឡើយទេ រង់ចាំខាងជំនាញ រាយការណ៍ជូនថ្នាក់លើ។

សូមបញ្ជាក់ថា រហូតមកដល់វេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃដដែលនេះ ភ្លៀងមិនព្រមរាំងនោះឡើយ គឺកាន់តែបន្ថែមធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋ រស់នៅតាមតំបន់ក្បែរមាត់ស្ទឹង ត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួន ទប់ទល់​នឹងគ្រោះទឹកជំនន់ ខណៈដែល​អាជ្ញាធរសមត្ថកិច្ច ក៏បានត្រៀមកម្លាំង​ឃ្លាំមើល និងចេញជួយ​អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទាំងយប់ផងដែរ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ