ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយសម្ព័ន្ធ​សង្ឃឹម​បាន​មេដាយ​ពី​ការ​ប្រកួត​ជើង​ឯក​អាស៊ី លើក​ទី​៧ នៅ​ថៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡា​កាយសម្ព័ន្ធ​នឹង​ចេញ​ទៅ​ប្រកួត​ជើងឯក​អាស៊ី​ឆ្នាំ​២០២២ (7th AEROBIC

រាជធានី​ភ្នំពេញ ៖ កីឡា​កាយសម្ព័ន្ធ​នឹង​ចេញ​ទៅ​ប្រកួត​ជើងឯក​អាស៊ី​ឆ្នាំ​២០២២ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) នៅ​ប្រទេស​ថៃ នា​ចុងខែ​នេះ​។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣១ សីហា ដល់​ថ្ងៃ​ទី​៦​កញ្ញា​។

លោក ណ​យ ផា​ន់​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​ទិស​ដៅ​របស់​សហព័ន្ធ​ត្រូវ​តែ​យក​ឲ្យ​បាន​នូវ​មេដាយ​ណាមួយ​សម្រាប់​ព្រឹត្តិការណ៍​ខាងលើ ដើម្បី​មុខមាត់​ប្រទេស​ជាតិ បើ​ទោះ​ប្រទេស​ចូលរួម​សុទ្ធតែ​ខ្លាំង​ៗក៏​ដោយ ។ ការ​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍
អន្តរជាតិ​គឺជា​រឿង​ចាំបាច់​ខ្លាំង​បំផុត​សម្រាប់​កីឡាករកីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា ដើម្បី​វាស់​ស្ទង់​សមត្ថភាព​សម្រាប់​កំណត់​ទិស​ដៅ​ក្នុង​ការ​ត្រៀមខ្លួន​ឲ្យ​បាន​កម្រិត​ខ្ពស់​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក​បន្ដ​ថា វា​ពិតជា​កត្តា​ដ៏​សំខាន់​បំផុត​នៃ​ការ​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដូច​ជា​ជើងឯក​អាស៊ី ជើងឯក​អាស៊ី​អាគ្នេយ៍ ឬ​ក៏​ជើងឯក​ពិភពលោក​នោះ ។ វា​ជា​កត្តា​សំខាន់​សម្រាប់​ពង្រឹងសមត្ថភាព ជា​ពិសេស​ពង្រឹង​នូវ​សមិទ្ធផល​កីឡាករ​កីឡាការិនី​យើង​។​យើង​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ស្វែងរក​ការ​អភិវឌ្ឍ​កម្រិត​បច្ចេកទេស​ឆ្ពោះទៅ​រក​គោលបំណង​ជាក់លាក់​មួយ​ដែល​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

លោក ណ​យ ផា​ន់​ណា បន្ត​ថា ចាប់ពី​ពេល​នេះ​ទៅ​មុខ គោលបំណង​នៃ​ការ​ចេញ​ទៅ​ប្រកួត​នានា​របស់​យើង​គឺជា​កត្តា​ដ៏​សំខាន់​ណាស់ ព្រោះ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​របស់​យើង​មានការ​រីក​ចម្រើន​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត​ធ្វើ​ឲ្យ​រីក​ចម្រើន​កម្រិត​បច្ចេកទេស​មាន​ដូច​ជា​គុណ​ផល​បច្ចេកទេស​របស់​ពួក​គាត់ ធ្វើ​ឲ្យ​គាត់​បន្សាំ​ជាមួយ​បរិយាកាស​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាដើម​។ ទាំងនេះ​ហើយ​ជា​កត្តា​សំខាន់​សម្រាប់​កីឡាករ​កម្រិត​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ ។ ការ​ចូលរួម​លើក​នេះ​ទៀត​សោត យើង​បាន​ដាក់​គោលដៅ​របស់​យើង​ថា ត្រូវ​តែ​ស្វែងរក​មេដាយ​ឲ្យ​បាន បើ​ទោះជា​មេដាយ​អ្វី​ក៏​ដោយ មិន​ថា មាស ប្រាក់ ឬ​ក៏​សំរឹទ្ធ​នោះ​ទេ​។

លោក​អគ្គលេខាធិការ​សហព័ន្ធ​បាន​បន្ថែម​ទៀត​ថា ប្រទេស​ចូលរួម​មាន​ចំនួន​១២​ដែល​សុទ្ធតែ​ជា​ប្រទេស​ខ្លាំង​ៗ ប៉ុន្តែ​កីឡាករ​កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា​បាន​និង​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​យកចិត្ត​ទុកដាក់ ដើម្បី​ត្រៀម​ការ​ប្រកួត​មួយ​នេះ ក៏​ដូច​ជា​ក្នុង​ការ​ត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​២០២៣​។ ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ មាន​កីឡាករ​កីឡាការិនី​ប្រតិភូ​និង​មន្ត្រី​ចូលរួម​សរុប​១៨​នាក់ ក្នុង​នោះ​មានចៅក្រម​អន្តរជាតិ​២​នាក់ គ្រូបង្វឹក និង​គ្រូ​ជំនួយ​៣​នាក់ កីឡាការិនី​៨​នាក់ និង​កីឡាករ​៥​នាក់​។

សម្រាប់​ព្រឹត្តិការណ៍ AEROBIC GYMNASTICS ASIAN CHAMPIONSHIPS សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ធ្លាប់​បាន​ចូលរួម​ប្រកួត​២​លើក​រួច​មក​ហើយ​គឺ​នៅ​ប្រទេស​វៀតណាម​កាល​ឆ្នាំ​២០១៤ និង​២០១៦ ។ សម្រាប់​ឆ្នាំ​២០១៤ គឺ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​១​គ្រឿង និង​ឆ្នាំ​២០១៦ ឈ្នះ​មេដាយ​ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ