ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នឹង​ងាក​មក​តាម​គន្លង នៃ​ស្ដង់ដារ​កីឡា​វិញ ឯ​អង្គរវត្ត​ជា​កន្លែង​សុំ​ភ្លើង សម្រាប់​ស៊ី​ហ្គេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​ឆ្នាំ​២០២៣​នឹង​ងាក​មក​រៀបចំ​តាម​គន្លង​នៃ​ស្ដង់ដារ​កីឡា​ឡើង​

រាជធានី​ភ្នំពេញ ៖ ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​ឆ្នាំ​២០២៣​នឹង​ងាក​មក​រៀបចំ​តាម​គន្លង​នៃ​ស្ដង់ដារ​កីឡា​ឡើង​វិញ បន្ទាប់​ពី​ស៊ី​ហ្គេ​ម​២​លើក​ចុង​ក្រោយ​បាត់បង់​ស្ដង់ដារ​ខ្លះ​ព្រោះ​បញ្ហា​ជំងឺ​រាតត្បាត​ជាសកល​កូ​វី​ដ​-១៩ ។ នេះ​ជា​ការ​លើក​ឡើង​របស់ឯកឧត្តម ថោ​ង ខុន អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC)​ក្នុង​កិច្ចប្រជុំ​ដែល​បាន​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​ៗ​ពីរ​កាលពី​ថ្ងៃ​ទី​៩ សីហា កន្លង​ទៅ​នេះ​។

របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​សំខាន់​ផ្ដោត​លើ​បញ្ហា​ចំនួន​២​គឺ​ទី​១-​ពិនិត្យ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិទេព​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣ និង​ពិធី​រត់​ភ្លើង​គប់ និង​ទី​២-​ពិនិត្យ​របាយការណ៍​គណៈ
កម្ម​ការ​ស្នាក់​នៅ ហូប​ចុក និង​ដឹក​ជញ្ជូន​។

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) មាន​ប្រសាសន៍​ថា ស៊ី​ហ្គេ​ម​នៅ​កម្ពុជា នឹង​ងាក​មក​រៀបចំ​តាម​គន្លង នៃ​ស្ដង់ដារ​កីឡា​ឡើង​វិញ បន្ទាប់​ពី​ស៊ី​ហ្គេ​ម ២​លើក​ចុង​ក្រោយ បាត់បង់​ស្ដង់ដារ​ខ្លះ ព្រោះ​បញ្ហា​ជំងឺ​រាតត្បាត​ជាស​កល​កូ​វី​ដ​-១៩​។

ឯកឧត្តម​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) និង​ជា​អគ្គលេខាធិការ CAMSOC មាន​ប្រសាសន៍​ថា ពិធី​សុំ​ភ្លើង​អាទិទេព គឺ​អនុវត្ត​តាម ស​.​ជ​.​ណ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ជ្រើស​យក​សេណា​រី​យ៉ូ​ទី​១ ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិទេព នៅ​ប្រាសាទអង្គរវត្ត ដោយ​មានការ​បែងចែក​តួនាទី​ភារកិច្ច​គ្នា និង​រៀបចំ​កម្មវិធី​ច្បាស់លាស់ ចាប់ពី​ថ្ងៃ​កម្មវិធី រហូត​ដល់​ពិធី​ដង្ហែ​ភ្លើង​គប់​ទាំង​ក្នុង​និង​តាម​បណ្ដា​ប្រទេស​អាស៊ាន​ដើម្បី​បង្ហាញ​ពី​ការ​ខិត​ជិត​មក​ដល់​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល​៦៤​ឆ្នាំ​។

ឯកឧត្តម​អគ្គលេខាធិការ​បន្ដ​ថា នេះ​គឺជា​ចំណុច​សំខាន់ ដែល​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​មាន​ប្រសាសន៍​ច្បាស់លាស់​ថា យើង​ធ្វើ​ជា​គំរូ​មួយ ដែល​ស៊ី​ហ្គេ​ម​លើក​មុន​ៗ (២​លើក​ចុង​ក្រោយ​) ដោយសារ​បញ្ហា​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​បាត់បង់​ស្ដង់ដារ​ខ្លះ​។ ហេតុនេះ​ពេល​នេះ យើង​ងាក​មក​រៀបចំ​ឲ្យ​ត្រូវ​តាម​គន្លង នៃ​ស្ដង់ដារ​កីឡា​ឡើង​វិញ ។ យើង​ឃើញ​ហើយ​ថា ការ​រត់​ភ្លើង​គប់ ការ​យក​ភ្លើង​គប់ នៅ​ក្នុង​ទី​ស្ថាន​របស់​អាទិទេព​មួយ ដែល​មាន​ភាព​ស័ក្ដិសិទ្ធិ មាន​ភាព​ជឿជាក់​ហើយ​ទី​ស្ថាន​អាទិទេព​មាន​តែ​ប្រាសាទអង្គរវត្ត​របស់​យើង​ដែល​ល្បីល្បាញ​លើ​ពិភពលោក​ក៏​ដូច​ជា​សម្រាប់​ទី​សក្ការៈ​នៃ​អាទិ
ទេព​សម្រាប់​អាស៊ី​អាគ្នេយ៍​ទៀត​ផង ។ ប្រទេស​អាស៊ាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ក៏​គេ​មើលឃើញ​ដូច្នេះ​ដែរ ។

គេ​មើលឃើញ​ថា កម្ពុជា​បាន​រៀបចំ​ត្រឹមត្រូវ​ព្រោះ​មើលឃើញ​កន្លែង​មាន​លក្ខណៈ​ពិសេស​ត្រឹមត្រូវ​ដែល​អាស៊ាន​គួរ​យក​ធ្វើ​គំរូ ប៉ុន្ដែ​នេះ​គ្រាន់តែ​យើង​បង្ហាញ​និង​ធ្វើ​ជា​គំរូ​គេ​ប៉ុណ្ណោះ ។ ប្រសិនបើ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​មើលឃើញ​ភាព​ចាំបាច់​សម្រាប់​ប្រទេសផ្សេង​ៗ​ថា រាល់​ស៊ី​ហ្គេ​ម​ទាំងអស់​ត្រូវ​មក​យក​ភ្លើង​គប់​នៅ​ហ្នឹង​(​ប្រាសាទ​អង្គរ​)​ដូច​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ដែល​ទៅ​យក​ភ្លើង​គប់​នៅ​ភ្នំ​អូ​ឡាំ​ព្យា​ដ នា​ប្រទេស​ក្រិ​ច​ដូច​គ្នា យើង​នឹង​ស្វាគមន៍ យើង​នឹង​ក្លាយជា​ប្រទេស​ដែល​ផ្ដើម​ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​មួយ សម្រាប់​មនុស្សជាតិ និង​ប្រទេស​ទាំងអស់ នៅ​ក្នុង​អាស៊ាន មិនមែន​សម្រាប់​តែ​កម្ពុជា​នោះ​ទេ​។

ឯកឧត្តម​បាន​ចាត់​ទុក​នេះ​គឺជា​ចំណុច​សំខាន់​មួយ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ដែល​ត្រូវ​រៀបចំ​តាម​ស្ដង់ដារ​ពិសេស អនុវត្ត​តាម​ធម្មនុញ្ញ​របស់​ស៊ី​ហ្គេ​ម​ដែល​គោរព​ទៅ​តាម​ធម្មនុញ្ញ​របស់​អូ​ឡាំ​ពិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ