ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់​តែ​ន​ដើមឈើ​សិប្បនិម្មិត​ដំឡើង​នៅ​តំបន់​អង្គរបង្កើន​សេវា​ទូរស័ព្ទ និង​ដាក់​ឱ្យ​ប្រើ​អីុ​ន​ធើ​រ​ណេ​ត

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បង្គោល​អង់​តែ​ន​សិប្បនិម្មិត​ដែល​មាន​ទម្រង់​រូបរាង​ជាដើម​ឈើ​ចំនួន​៦​ដើម ត្រូវ​ដាក់​ដំឡើង​រួចរាល់​ជា​ស្ថាពរ និង​ដាក់​ឱ្យ​ដំណើរការ​ហើយ​នៅ​ក្នុង​តំបន់​រមណីយ ដ្ឋា​ន​អង្គរ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ

ខេត្តសៀមរាប ៖ បង្គោល​អង់​តែ​ន​សិប្បនិម្មិត​ដែល​មាន​ទម្រង់​រូបរាង​ជាដើម​ឈើ​ចំនួន​៦​ដើម ត្រូវ​ដាក់​ដំឡើង​រួចរាល់​ជា​ស្ថាពរ និង​ដាក់​ឱ្យ​ដំណើរការ​ហើយ​នៅ​ក្នុង​តំបន់​រមណីយ ដ្ឋា​ន​អង្គរ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ ផ្សេង​ៗ​បំពាក់​អង់​តែ​ន​បង្កើន​សេវា​ទូរស័ព្ទ​និង​ល្បឿន​អីុន​ធើ​រ​ណេ​ត​ឱ្យ​បាន​ទូលំទូលាយ​ដល់​អ្នកទេសចរ ប្រជាជន​ក្នុង​តំបន់​អង្គរ អ្នក​ប្រកប​របរ​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​វិស័យ​ឯកជន​នានា​នៅ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏​ល្បី​មួយ​នេះ ។

លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​បន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បានឱ្យ​ដឹង​ថា បង្គោល​អង់​តែ​ន​ដំឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ចំនួន​៦​ទីតាំង​ដូច​ជា CTL1 នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក CTL2 នៅ​ភូមិ​ក្រវាន់ សង្កាត់​នគរធំ CTL3 នៅ​ភូមិ​រហាល សង្កាត់​នគរធំ CTL4 នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក CTL5 នៅ​ខ្លោងទ្វារ​តា​កាវ និង CTL6 នៅ​តាម​បណ្តោយ​ផ្លូវ​កូ​ម៉ៃ ។ បើ​គិត​មក​ដល់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៧ ប្រព័ន្ធ​ទូរស័ព្ទ​ស្មា​ត​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​ទូរស័ព្ទ និង​បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​ត 4G យ៉ាង​រលូន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​នា​ពេល ឆាប់​ៗ​ខាង​មុខ នឹង​មាន​ប្រព័ន្ធ​ទូរស័ព្ទ ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​បំពាក់​សេវា​ទូរស័ព្ទ និង​សេវា​អុ​ី​ន​ធើ​រ​ណេ​ត​បន្ថែម​ទៀត ។

តាម​រយៈ​ការ​ដំឡើង​បង្គោល​អង់​តែ​ន​សិប្បនិម្មិត និង​បំពាក់​សេវា​ប្រព័ន្ធ​ទូរស័ព្ទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ​នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​ទៅ​ទស្សនា​តំបន់​អង្គរ​មាន​ភាព​ងាយស្រួល​ទាំង​ការ​ហៅ​ទូរស័ព្ទ ការ​ផុស​រូប​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ផ្សាយ​ផ្ទាល់​វី​ដេ​អូ​ពី​ដំណើរ​កម្សាន្ត​របស់​ខ្លួន​បាន ភ្លាម​ៗ ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​វា​បាន​ជួយ​សម្រួល​ដល់​ការងារ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ប្រ​តិ​ប​តិ្ត​ការងារ​របស់​ខ្លួន​ផង ។

នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំ​ដំឡើង​អង់​តែ​ន​សិប្បនិម្មិត​មាន​រូបរាង​ដូច​ដើមឈើ និង​ដាក់​ឱ្យ​ដំណើរការ​នៅ​លើ​ទឹកដី​អង្គរ​បេតិកភណ្ឌ​ពិភព​លោក ។ អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​បំផុត ចំពោះ​ការ​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​តាម​រយៈ​ការ​រៀបចំ​សេវាកម្ម​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ទេសចរ​ឱ្យ​ចូល​មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​នេះ​ឱ្យ​កាន់តែ​ច្រើន​ឡើង​។ លើស​ពី​នោះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​បាន​គិតគូរ​ដល់​ការ​អភិរក្ស និង​ការ​ថែរក្សា​សោភ័ណ​ភាព​នៅ​ក្នុង​តំបន់​អង្គរ​ផង​ដែរ ។ ជាក់ស្តែង​ការ​ដំឡើង​អង់​តែ​ន​សិប្បនិម្មិត​សម្រាប់​បំពាក់​ប្រព័ន្ធ​ទូរស័ព្ទ​ដូច្នេះ ក៏​តម្រូវ​ឱ្យ​មាន​លក្ខណៈ​ធម្មជាតិ ដែល​អាច​បន្លំ និង​រក្សា​បាន​នូវ​ភាព​ស្រស់បំព្រង​នៃ​ទេសចរណ៍ធម្មជាតិ ស្រប​តាម​បទដ្ឋាន​របស់​តំបន់​បេតិកភណ្ឌ​ពិភពលោក ៕