ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រតនគិរី បំបែកឯតទគ្គកម្មទទួលភ្ញៀវជិត៦ម៉ឺននាក់ ក្នុងពិធីបុណ្យអុំទូក! ភ្ញៀវអន្តរជាតិកើនឡើងរហូតដល់ ២៤២%!

1 នាទី មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​នេះ​ថា ៖ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក…

ខេត្តរតនគិរី ៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​នេះ​ថា ៖ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​០៣​ថ្ងៃ ខេត្តរតនគិរី មាន​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ និង​ប្រជាពលរដ្ឋ​សរុប​៥៧,៦១៥ នាក់ ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​សំណាក់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី លោក ង៉ែត ពិ​ទូ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​។

លោក​បញ្ជាក់​ថា ក្នុង​ចំនួន​នេះ​មាន​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត ក្នុង​ក្រុង​បាន​លុង សរុប​៣២,៤១៨ នាក់​.​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ២៤,៣២៧ នាក់​ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៨៧០​នាក់​.​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​២៥,១៩៧​នាក់ ។

ចំពោះ​ស្ថានភាព​ទេសចរណ៍​ក្នុង​ខេត្តរតនគិរី ចំនួន​ប្រជាពលរដ្ឋ កើនឡើង​២៧.៧២%.​ភ្ញៀវ​ទេសចរ​ជាតិ​កើនឡើង​១៦.៨៨%.​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​២៤២.៥២%​។ ភ្ញៀវ​ទេសចរ​សរុប​កើនឡើង​១៩.៦០% បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២៤ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​(២១,០៦៧ នាក់​) ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បន្ត​ថា នៅក្នុង​ព្រឹត្តិការណ៍​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែនិង​អកអំបុក​រយៈពេល​០៣​ថ្ងៃ មាន​ព្រឹត្តិការណ៍​សំខាន់​ៗ​ដូច​ខាងក្រោម​៖

១.​ព្រឹត្តិការណ៍​រៀបចំ​ដោយ​ក្រុមហ៊ុន Family Travel Cambodia សហការ ជាមួយ​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្ត និង​មន្ទីរ​ទេសចរណ៍ បាន​រៀបចំ ព្រឹត្តិការណ៍ Family Travel Cambodia ក្នុង​នោះ​មាន​ក្បួន​រថយន្ត និង​ភ្ញៀវ ទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរ​ជាតិ បាន​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​តាម​តំបន់ រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត រយ​:​ពេល​០៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍​ពិធី បុណ្យអុំទូក​ផង​ដែរ​។

២.​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ សប្បាយ​រីករាយ និង​សាទរ​ចំពោះ​រដ្ឋបាល​ខេត្ត ដែល​បាន​រៀបចំ​ពិធី​អកអំបុក បង្ហោះគោម បាញ់​កាំជ្រួច ការ​ប្រគុំ​តន្ត្រី និង​ការ តាំងពិព័រណ៍​ផលិតផល​ទេសចរណ៍​ក្នុងស្រុក នៅ​បរិវេណ​មាត់បឹង​កន្សែង ។

៣. រដ្ឋបាល​ខេត្ត​បាន​រៀបចំ​អោយ​មាននូវ​ប្រទីប​តាម​អង្គភាព​នៅ​រមណីយដ្ឋាន បឹង​កន្សែង ។
៤.​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​អនាម័យ​សោភ័ណ​ភាព​ទីក្រុង និង​បំពាក់​ភ្លើងអគ្គិសនី តាម​ដងផ្លូវ សាធារណៈ និង​ជុំវិញ​មាត់បឹង​កន្សែង​។
៥.​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ពី​ទីរួមខេត្ត ទៅ​តាម​តំបន់​រមណីយដ្ឋាន មាន លក្ខណ​:​ងាយស្រួល ក្នុង​ការ​ធ្វើ​ដំណើរ
៦.​សេវាកម្ម​ស្នាក់​នៅ និង​ភោជនីយដ្ឋាន ពុំ​មានការ​តម្លើង​ថ្លៃ សម្រាប់​ភ្ញៀវ​ទេសចរ ។
៧.​សន្តិសុខ និង​សណ្តាប់ធ្នាប់​មាន​ភាពល្អ​ប្រសើរ
៨.​សេវាកម្ម​ស្នាក់​នៅ និង​ភោជនីយដ្ឋាន បាន​អនុវត្ត​តាម​សារាចរ ក្រសួងទេសចរណ៍​និង​រដ្ឋបាល​ខេត្ត ស្តី​ពី​ការ​ពង្រឹងគុណភាព​សេវាកម្ម ទេសចរណ៍​ក្នុង​ខេត្ត ។

នៅ​តាម​វត្ត​អា​រ៉ា​ម​នានា​ក្នុង​ខេត្ត​បាន​រៀបចំ​ពិធី​អកអំបុក សំពះព្រះ​ខែ និង​មានការ​បង្ហោះគោម​ជាដើម ដើម្បី​អបអរសាទរ​ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ។

ក្រោម​ការ​ដឹកនាំ និង​រៀបចំ​ដោយ​ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម បាន​កសាង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ជា​ច្រើន​រួម មាន ៖ ផ្លូវ​បេតុង​ជុំវិញ​បឹង​កន្សែង សួនច្បារ រូបសំណាក់​សត្វ​ក្តាន់ រូបសំណាក់​សត្វ​អក ញី​ឈ្មោល រូបសំណាក់​គ្រួសារ​ដំរី ខ្សែ​រត វិមាន​ឯករាជ្យ និង​បាន​រៀបចំ​សោ​ភ័​ណ្ឌ​ភាព ទីក្រុង ដោយ​បំពាក់​អំ​ពូ​ល​LED តាម​ដងផ្លូវ​និង​ជុំវិញ​មាត់បឹង​កន្សែង នៅ​បរិវេណ​មាត់ បឹង​កន្សែង សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ មក​លេង​កម្សាន្ត ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២៥ នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ