ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​ស្នើ​ដល់​រាជរដ្ឋាភិបាល​ជួយ​គិតគូរ​ពី​ប្រាក់​រង្វាន់​ផង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​មាន​ដើម​កំណើត​នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​បច្ចុប្បន្ន​កំពុង​តែ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​បង្កើត​ជា​សហព័ន្ធ​នោះ បាន​ទទូច​ដល់​រាជរដ្ឋាភិបាល

រាជធានី​ភ្នំពេញ ៖ កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​មាន​ដើម​កំណើត​នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​បច្ចុប្បន្ន​កំពុង​តែ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​បង្កើត​ជា​សហព័ន្ធ​នោះ បាន​ទទូច​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​អប់រំ​យុវជន និង​កីឡា ជួយ​គិតគូរ​អំពី​ប្រាក់​រង្វាន់​ផង ។

លោក ហួត វិចិត្រ ហៅ​តូ​នី អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​បានឱ្យ​ដឹង​ថា កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ នៅ​មិន​ទាន់​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​កីឡា​អូ​ឡាំ​ពិ​ក​នៅឡើយ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ មាន​បណ្ដា​ប្រទេស​ជា​ច្រើន​កំពុង​តែ​ចាប់អារម្មណ៍ ព្រោះតែ​គេ​យល់​ឃើញ​ថា ប្រភេទ​កីឡា​មួយ​នេះ​មាន​ក្បាច់​ប្រយុទ្ធ​ពិសេស​ៗ​មិន​ចាញ់​ក្បាច់​ប្រយុទ្ធ​ល្បី​ៗ​ដទៃ​ទៀត​ឡើយ ។ ម្យ៉ាងវិញទៀត សព្វ​ថ្ងៃនេះ​ប្រភេទ​កីឡា​មួយ​នេះ​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ផង ដូច​ជា​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភព​លោក​ជាដើម ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ដទៃ​ឱ្យ​តម្លៃ​យ៉ាង​ខ្លាំង ហើយ​មាន​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ដែល​មិនសូវ​ផ្ដល់​តម្លៃ​ដល់​ប្រភេទ​កីឡា​មួយ​នេះ ។ បានជា​គេ​និយាយ​ដូច្នេះ ដោយសារ​គេ​មើលឃើញ​ថា ការ​ផ្ដល់​ប្រាក់​រង្វាន់​ដល់​ជ័យ​លា​ភី​ពី​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​មិន​ស្មើនឹង​ប្រភេទ​កីឡា​ដទៃ​នោះ​ទេ ។

លោក​អគ្គលេខាធិការ​រង​រូប​នេះ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ប្រាក់​រង្វាន់​របស់​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ មិន​បាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ​ឡើយ គឺ​បាន​ត្រឹមតែ​ជា​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ជាក់ស្ដែង កាលពី​៣​ខែ​មុន គឺ​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៦ សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​ចំនួន​៥​រូប​ឱ្យទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ខេត្ត​ឆុង​ជូ សាធារណរដ្ឋ​កូរ៉េ ដែល​មាន​បណ្ដា​ប្រទេស​ចំនួន​១៧​និង​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​ចំនួន​២២២​នាក់ ក្នុង​នោះ​មាន​កម្ពុជា​, ថៃ​, ហ្វ៊ី​លី​ពី​ន ជប៉ុន​, កូរ៉េ​, ម៉ុង​ហ្គោ​លី​, នេ​ប៉ា​ល់​, ឥណ្ឌា​, អុ​ី​រ៉​ង់ ប្រេ​ស៊ី​ល​, អា​ហ្ស​ង់​ទី​ន​, សហរដ្ឋអាមេរិក​, អេ​ច្យូ​ពី​, កេ​ន​យ៉ា​, អ៊ុយ​រូ​ហ្គា​យ​, លី​ទុ​យ​អា​នី និង​រុ​ស្ស៊ី ។ ជា​លទ្ធផល កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​ចំនួន​២ លើ​វិញ្ញាសា​ប្រកួត​ឯកត្តជន ប្រភេទ​កីឡា​ប្រយុទ្ធ និង​ប្រភេទ​កីឡា​សម្ដែង ។

ប្រភេទ​កីឡា​ប្រយុទ្ធ​បាន​ទៅ​លើ​កីឡាការិនី ម៉ា​ន សីមា ប្រកួត​លើ​ប្រភេទ​ទម្ងន់​៥៩​គីឡូក្រាម ។

លោក​បាន​បញ្ជាក់​ថា ប្រភេទ​កីឡា​ប្រយុទ្ធ​របស់​កីឡា​មួយ​នេះ​សាហាវ​មិន​ចាញ់​ប្រភេទ​កីឡា​ដទៃ​ទៀត​ឡើយ ។ យើង​គួរតែ​ដឹង​ថា​ប្រទេស​ដទៃ​កីឡាករ​គេ​សុទ្ធតែ​ខ្លាំង​ទាំងអស់ កាលដែល​យើង​អាច​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​នេះ ក៏​មិនធម្មតា​ដែរ ។ ដូច្នេះ​ហើយ ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី ដែល​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ លោក​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​មេត្តា​ជួយ​ផ្ដល់​ប្រាក់​រង្វាន់​ដូច​ប្រភេទ​កីឡា​ដទៃ ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​កីឡា​មួយ​នេះ​មានការ​រីក​ចម្រើន​ដូច​ប្រភេទ​កីឡា​ដទៃ​ទៀត ៕